(ប៉េកាំង)៖ ចិនបានទទូច​ឲ្យសហរដ្ឋអាមេរិក ដកចេញ​វិញជាបន្ទាន់នូវទណ្ឌកម្ម​ថ្មីដែលបានដាក់​មកលើប្រទេសចិន ជុំវិញកិច្ច​សហប្រតិ​បត្តិការ​យោធា​របស់ក្រុងប៉េកាំង​ជាមួយប្រទេសរុស្ស៊ី ហើយបើមិនដូច្នោះទេ​ទីក្រុងវ៉ាស៊ីនតោន ច្បាស់ជានឹងត្រូវទទួល​រង ការសងសឹក​​ទៅវិញជាក់ជា​ពុំខាន។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។

ការទទូចខាងលើ​ត្រូវបានធ្វើឡើង​ ដោយ​អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោក ជែង ហ្ស័ង (Geng Shuang)។ លោក Geng បាននិយាយ​ដូច្នេះ​ថា «ចិនទទូចឲ្យ​ភាគីអាមេរិកលុបលាង​កំហុសរបស់ខ្លួនវិញ​ជាបន្ទាន់ គឺដកទណ្ឌកម្ម​ដែលខ្លួនបានដាក់​មកលើចិនចេញវិញ ហើយ​​បើមិន​ធ្វើ​​តាមសំណើ​ទេនោះ ​សហរដ្ឋអាមេរិក​នឹងត្រូវប្រឈមមុខ​លទ្ធផលធ្ងន់ធ្ងរ​ ជាក់ជាមិនខាន​ឡើយ»។

លោក Geng បានលើក​ឡើងថា ទណ្ឌកម្មថ្មីប្រឆាំង​នឹងចិន ជុំវិញកិច្ចសហប្រតិបត្តិការ​យោធាជា​មួយរុស្ស៊ីនេះ គឺជាការបំពាន​ទៅលើ​គោលការណ៍ នៃទំនាក់ទំនង​អន្តរជាតិ​សុទ្ធសាធ ខណៈដែល​កិច្ចសហប្រតិបត្តិ​រវាងប្រទេសទាំងពីរ រួមបញ្ចូលទាំង​វិស័យយោធា គឺពុំ​បានរំលោភ​លើច្បាប់​អន្តរជាតិ ហើយគ្មានគោលដៅ​លើប្រទេសទីបីណា​មួយឡើយ ដូច្នេះហើយ​​ទីក្រុងប៉េកាំង​នឹងនៅតែបន្ត​ពង្រឹង​​ការសហការ​ជាមួយទីក្រុង​ម៉ូស្គូដដែល ទោះបីជារង​ទណ្ឌកម្មពីអាមេរិក​យ៉ាងណាក្តី។

គួរជម្រាបថា រដ្ឋបាលប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានសម្រេចចិត្ត​ដាក់ទណ្ឌកម្មលើ​យោធាចិន នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ជុំវិញការទិញ​យន្ដហោះចម្បាំង និងប្រព័ន្ធមីស៊ីល​ការពារដែនអាកាសពីរុស្ស៊ី ដោយលើក​ហេតុផងថា ទង្វើនេះ​រំលោភ​បំពាន​​លើ​ច្បាប់​ដាក់​ទណ្ឌ​កម្ម ប្រឆាំងនឹង​ទីក្រុងម៉ូស្គូ​សម្រាប់ការ​លូកដៃចូលក្នុងកិច្ចការបោះឆ្នោត​អាមេរិក​ កាលពីឆ្នាំ២០១៦៕