(ភ្នំពេញ)៖ កម្ពុជាបច្ចុប្បន្នខុសពីអតីតកាល កម្ពុជាពេលនេះគឺជាកម្ពុជាដែលពោរពេញដោយសុខសន្តិភាព ការអភិវឌ្ឍនិងជាកម្ពុជាដែលស្មើមុខស្មើមាត់ ស្មើសិទ្ធិ និងជាដៃគូសន្ទនាស្មើភាពជាមួយប្រទេសទាំងអស់ក្នុងលោក។
កម្ពុជាបានប្រែក្លាយពីប្រទេសមួយដែលរងគ្រោះដោយសង្គ្រាមហែកហួរគ្នា មកជាប្រទេសគំរូក្នុងការបញ្ចប់សង្គ្រាមតាមគោលនយោបាយ ឈ្នះ-ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន។ គឺ ហ៊ុន សែន ដែលពិភពលោកប្រសិទ្ធនាមថា «បុរសខ្លាំងរបស់កម្ពុជា» នេះហើយ ដែលបានដឹកនាំប្រទេសចេញពីនរក អវិជ័យនៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ដឹកនាំការបង្រួមបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី និងកសាងជាតិ ស្តារកេរ្តិ៍ឈ្មោះ កិត្តិយសកម្ពុជាឡើងវិញ និងស្តារកិត្យានុភាពជាតិខ្មែរឡើងវិញនៅលើឆាកអន្តរជាតិ។
ដោយសារតែក្រោមការដឹកនាំរបស់កុលបុត្រខ្មែររូបនេះហើយ បានជាកម្ពុជាដែលគេស្គាល់ឈ្មោះថា ជាវាលពិឃាតបានប្រែក្លាយមកជាព្រះរាជាណាចក្រអច្ឆរិយៈ អាណាចក្រវប្បធម៌ និងជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ទាំង១០ ប្រទេសនៅលើពិភពលោក និងត្រូវបានឱ្យឈ្មោះថា កូនខ្លាសេដ្ឋកិច្ចនៅទ្វីបអាស៊ីពោរពេញដោយការអភិវឌ្ឍ។
នេះគឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរពេញចិត្តបំផុត!
ចេញពីត្រកូលកសិករ សម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជន និងបង្កើតក្តីសង្ឃឹមថ្មីដល់ពលរដ្ឋខ្មែរ។ រាល់សកម្មភាព និងការគិតគូរ របស់សម្តេចគឺគិតពីផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរជានិច្ច ហើយការពារជានិច្ចនូវឯករាជភាព បូរណភាពដែនដី និងអធិបតេយ្យភាពជាតិខ្មែរ កិត្តិយសខ្មែរជានិច្ច។ នៅប៉ុន្មានថ្ងៃទៀតនេះ បុរសខ្លាំងកម្ពុជាដែលទើបនឹងបន្តតំណែងនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ ជាមួយសំឡេងគាំទ្ររបស់ប្រជាពលរដ្ឋ ចំពោះគណបក្សប្រជាជនកម្ពុជាចំនួន ៧៧% នៃចំនួនពលរដ្ឋទៅបោះឆ្នោតជិត ៧ លាននាក់ (៨៣,០២% នៃអ្នកមានក្នុងបញ្ជីឈ្មោះបោះឆ្នោត) នឹងឡើងថ្លែងសុន្ទរកថាដ៏មានអត្ថន័យ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងបូរីញូយ៉ក សហរដ្ឋអាមេរិកក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងតំណាងឱ្យជាតិ និងប្រជាជនកម្ពុជាទាំងមូល។
កម្ពុជា នៅពេលនេះជាកម្ពុជាប្រកបដោយមោទនភាព និងជាកម្ពុជាដែលមានមិត្តភក្តិគ្រប់ទិសទីក្នុងពិភពលោក និងជាកម្ពុជាដែលកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ និងនៅលើសកលលោក។ កម្ពុជាពេលនេះគឺជាអនុ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ និងជាសមាជិកអេកូសុក របស់អង្គការសហប្រជាជាតិ។ ដូច្នេះ កម្ពុជាពេលនេះមិនមែនដូចអ្វីដែលក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកសម្អុយឡើយ។
ដោយសារពួកគេតែងតែវាយតម្លៃសភាពការណ៍ខុស និងមិនទទួលយកនូវការពិតដែលកម្ពុជាមាន ទើបធ្វើឱ្យពួកគេប្រើយុទ្ធសាស្ត្រនយោបាយខុស និងចាញ់ជារៀងរាល់រហូត។ ពួកគេបានទទួលបរាជ័យយ៉ាង អាម៉ាសចេញពីរឿងមួយចូលរឿងមួយជាពិសេសការបរាជ័យយ៉ាងអាម៉ាសចុងក្រោយគឺការបរាជ័យក្នុងការ បំផ្លាញការបោះឆ្នោត និងបំផ្លាញលទ្ធិប្រជាធិបតេយ្យតាមរយៈការប្រើយុទ្ធសាស្ត្រ «ដេកផ្ទះ ឈ្នះឯង»។ តែទីបំផុតយុទ្ធសាស្ត្រកាំបិតមុខ២ នេះបានបែរតម្រង់មកសម្លាប់ជីវិតនយោបាយ របស់ក្រុមប្រឆាំងវិញយ៉ាងដំ ណំជាពិសេសទណ្ឌិត សម រង្ស៊ី ព្រោះពលរដ្ឋខ្មែរ ៨៣,០២% បានចេញទៅបោះឆ្នោត។ ថ្មីៗនេះវិទ្យុអាស៊ីសេរី ដែលជាឧបករណ៍នយោបាយរបស់ ក្រុមប្រឆាំង បានធ្វើការស្ទង់មតិមួយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយលទ្ធផលពេលបិទការស្ទង់មតិរយៈពេល៧ថ្ងៃ គឺពលរដ្ឋខ្មែរ ៩១% បានគាំទ្រលើរដ្ឋសភា និងរដ្ឋាភិបាលថ្មីដែលបានបង្កើតឡើងនៅអាណត្តិទី៦ ខណៈមានតែ ៩% ប៉ុណ្ណោះដែលឆ្លើយថាមិនគាំទ្រ។
អ្វីដែលក្រុមប្រឆាំងព្យាយាមធ្វើនៅពេលនេះ គឺបំផ្លាញកម្ពុជាឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងពលរដ្ឋខ្មែរក៏នឹងការពារសន្តិភាព និងការអភិវឌ្ឍដែលខ្លួនមានឱ្យបានជា ដាច់ខាត ទោះបីជាក្នុងតម្លៃណាក៏ដោយ មិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិបំផ្លាញកម្ពុជា បម្រើផលប្រយោជ ន៍ចៅហ្វាយនាយបរទេសរបស់ពួកគេបានជាដាច់ខាត។
ក្រុមប្រឆាំងរត់ចោលស្រុកដែលកំពុងតែដណ្តើមឥទ្ធិពលគ្នារវាងក្រុម សម រង្ស៊ី និងក្រុម កឹម សុខា នឹងជួបបរាជ័យកាន់តែធ្ងន់ធ្ងរជាងនៅអូស្ត្រាលីទៀត ព្រោះបុរសខ្លាំងកម្ពុជានឹងបង្ហាញដល់ពិភពលោកទាំងមូលឱ្យដឹងថាកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី មិនឱនក្បាលចំពោះមុខបរទេសណាមួយឡើយ ប៉ុន្តែទាក់ទងការទូតដោយស្មើភាព និងស្មើសិទ្ធិ។ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំខ្មែរស្របច្បាប់ និងមាននីត្យានុកូលភាពត្រឹមត្រូវ ជាមេដឹកនាំដែលឡើងគ្រប់គ្រងអំណាចតាមរយៈសន្លឹកឆ្នោត និងស្របតាមរដ្ឋធម្មនុញ្ញ មិនមែនជាមេឧទ្ទាមក្រៅច្បាប់ដូច សម រង្ស៊ី ឡើយ។ សម រង្ស៊ី និងកឹម មនោវិទ្យា ដែលត្រៀមនឹងដឹកនាំបាតុកម្មប្រឆាំងកម្ពុជានឹងទទួលបរាជ័យយ៉ាងអាម៉ាស់បំផុតព្រោះជាបាតុកម្ម ដែលធ្វើដើម្បីតែល្អមើល ប្រមូលលុយរបស់ពលរដ្ឋនៅអាម៉េរិកតែប៉ុណ្ណោះ។
តម្លៃដ៏ទាបរបស់សម រង្ស៊ី មិនអាចនឹងយកមកប្រៀបនឹងតម្លៃដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបរុសកម្ពុជាក្នុងសម័យ ទំនើប និងជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាឡើយ។ ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន នឹងនាំមកនូវកិត្តិយសជាតិ និងកិត្យានុភាពសម្រាប់ជាតិខ្មែរជាច្រើនទៀត៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨