(ភ្នំពេញ)៖ វាពិតជារឿងគួរឲ្យហួសចិត្តណាស់ដែលទណ្ឌិត សម រង្ស៊ី នៅតែបន្តនិយាយដោយឥតអៀនខ្មាស ក្នុងបំណងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន អំពីភាពស្របច្បាប់របស់រាជរដ្ឋាភិបាលអាណត្តិទី ៦។
លោក សម រង្ស៊ី ដែលពេលនេះមិនដឹងខ្លួនថា ជិតអស់មានអ្នកគាំទ្រទៅហើយនោះ បានបន្តនិយាយថា រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ជារដ្ឋាភិបាលខុសច្បាប់ ហើយបក្ខពួករបស់ខ្លួនមួយដំបរស្វាដែលមានមុខដដែលៗមានគំរោងធ្វើបាតុកម្មមួយ នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិខណៈ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅថ្លែងការណ៍ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅឯបូរីញូយ៉ក។
អ្វីដែលពលរដ្ឋខ្មែរអស់សំណើច និងហួសចិត្តរកពាក្យនិយាយ មិនបាននោះគឺ លោក សម រង្ស៊ី ចេះតែហារមាត់និយាយទៅរួចថា រដ្ឋាភិបាលបច្ចុប្បន្នខុសច្បាប់ ហើយសហគមន៍អន្តរជាតិមិនទទួលស្គាល់។ ប៉ុន្តែសំណួរវាសាមញ្ញណាស់ សូម្បីពលរដ្ឋខ្មែរធម្មតាម្នាក់ ឬកូនក្មេង បៀមដៃក៏អាចយល់បានដែរថា វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ គឺក្នុងនាមជាប្រមុខដឹកនាំប្រទេសអធិបតេយ្យមួយដែលមានការ ទទួលស្គាល់យ៉ាងពេញលេញពីអង្គការសហប្រជាជាតិ។
បើសិនជារាជរដ្ឋាភិបាលនេះ មិនស្របច្បាប់ និងគ្មានការទទួលស្គាល់ ហេតុអ្វីក៏សម្តេចនាយករដ្ធមន្ត្រី ហ៊ុន សែន អាចទៅឈរថ្លែងការណ៍ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិបានទៅ? តើរវាងអ្នកឈរអានសុន្ទរថា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ និងអ្នកឈរស្រែកតាមចិញ្ចើមផ្លូវ អ្នកណាស្របច្បាប់? ចម្លើយ គឺក្រុមបាតុករដឹកនាំដោយទណ្ឌិត សម រង្ស៊ី នេះហើយដែលមិន ស្របច្បាប់ ជាក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានសិទ្ធិស្រែកតែនៅក្រៅរបងប៉ុណ្ណោះ។ លោក សម រង្ស៊ី គ្មានសិទ្ធិចូលទៅអង្គុយកៅអីនៃមហាសន្និបាតអង្គការសហប្រជាជាតិទេ ដូច្នេះហើយបានជាគាត់គ្មានជម្រើស អ្វីក្រៅពីឈរស្រែក ពីក្រៅរបងនោះឡើយ។
ការស្រែកពីក្រៅរបងនេះ ទៀតសោតក៏គេមិនអនុញ្ញាតឲ្យទៅក្បែរកន្លែងប្រជុំដែរ។ នេះហើយជាទីកន្លែង ដ៏សមរម្យសម្រាប់លោក សម រង្ស៊ី ដែលជាប់ងារជាឈ្នួញបាតុកម្ម និងជាអ្នកនយោបាយ ដែលចេះតែដើរ សំអុយប្រទេសជាតិខ្លួនឯង នៅចំពោះមុខបរទេស។ ដូច្នេះលោក សម រង្ស៊ី គួរតែមានសមត្ថភាពអាចយល់បានហើយថា រាជរដ្ឋាភិបាលសព្វថ្ងៃនេះជារាជរដ្ឋាភិបាលស្របច្បាប់ រាជរដ្ឋាភិបាលដែលកើតចេញពីឆន្ទៈពលរដ្ឋខ្មែរជាង៨៣% និងជារាជរដ្ឋាភិបាលដែលមានការទទួលស្គាល់ពី អង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្តពីគ្រប់ជ្រុងជ្រោយនៃពិភពលោក។
លោក សម រង្ស៊ី ក៏គួរតែ បើកភ្នែកមើល និងបើកត្រចៀកស្តាប់ និងរៀនយល់ពីសហគមន៍អន្តរជាតិផងដែរ។ ក្រោយការបោះឆ្នោតភ្លាម មានប្រទេសជាច្រើនបានបន្តកន្ទុយគ្នាសរសេរលិខិត មកអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជាថ្មី។ ប្រទេសទាំងនោះមានទាំងអាល្លឺម៉ង់ និងបារាំង ដែលជាប្រទេសប្រជាធិបតេយ្យ និងជាប្រទេសនាំមុខគេទាំងពីរ នៅសហភាពអឺរ៉ុប។ ចំណែកឯសហរដ្ឋអាមេរិក តាមរយៈជំនួបរវាងឯកអគ្គរាជទូតខ្មែរលោក ជុំ សុន្ទររី ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍កន្លងទៅ ប្រមុខដឹកនាំអាមេរិក ក៏បានស្វាគមន៍ យ៉ាងកក់ក្តៅបំផុតចំពោះកម្ពុជា និងបានកោតសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា។
លោកប្រធានាធិបតីអាមេរិកក៏បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ នៅអាស៊ីវិញ ក្រៅពីមហាយក្សចិន និងមហាអំណាចរុស្ស៊ី និងឥណ្ឌា ក៏នៅមានប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសប្រជាធិបតេយ្យធំ និងជាសម្ព័ន្ធមិត្តរបស់អាមេរិកផងដែរ។ នេះនៅមិនទាន់រាប់បណ្តាប្រទេសអាស៊ាន និងប្រទេសជាច្រើនផ្សេងទៀតទេ។ ប៉ុណ្ណឹង ល្មមធ្វើឲ្យលោក សម រង្ស៊ី ភ្លឺភ្នែកហើយ។
ភាពឯកោរបស់លោក សម រង្ស៊ី បានបង្ហាញច្បាស់ហើយតាមរយៈការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ដែលមាន ពលរដ្ឋខ្មែរដល់ទៅជាង៨៣% ក្នុងនោះមានទាំងអ្នកធ្លាប់គាំទ្រលោក សម រង្ស៊ី យ៉ាងច្រើនផងដែរបានចេញទៅបោះឆ្នោត។ កាលពីពេលថ្មីៗនេះ វិទ្យុអាស៊ីសេរីក៏បានធ្វើការ ស្ទង់មតិតាមហ្វេសប៊ុករបស់ខ្លួន ដើម្បីចង់ដឹងថា តើមានពលរដ្ឋប៉ុន្មានភាគរយទទួលស្គាល់រាជរដ្ឋាភិបាលថ្មី និងប៉ុន្មានភាគរយមិនទទួលស្គល់។ លទ្ធផលបង្ហាញច្បាស់ថា មានអ្នកលេងហ្វេសប៊ុកដល់ទៅ៩១% ទទួលស្គាល់រាជរដ្ឋាភិបាលទល់នឹង៩% ប៉ុណ្ណោះដែលមិនទទួលស្គាល់។ មានន័យថា អ្នកគាំទ្រសម រង្ស៊ី ស្ទើរតែគ្មានទៀតឡើយ។
នៅលើឆាកអន្តរជាតិវិញលោក សម រង្ស៊ី និងបក្សពួកមួយក្តាប់តូច បានធ្វើសកម្មភាពច្រើនណាស់កាលពីមុនបោះឆ្នោត នៅថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោតដើម្បីកុំឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់រាជរដ្ឋាភិបាលអាណត្តិទី៦ ប៉ុន្តែ អ្វីដែល សម រង្ស៊ី បានធ្វើ គឺបរាជ័យទាំងស្រុង។ ឥឡូវនេះ សម្តេចតេជោ ហ៊ុន សែន កំពុងតែធ្វើដំណើរទៅកាន់អង្គការសហប្រជាជាតិ ដើម្បីឈរជាតំណាងស្របច្បាប់ របស់កម្ពុជាយ៉ាងគ្រហើរៗ ខណៈ ដែល សម រង្ស៊ី ខ្លួនឯងនៅតែឈរស្រែកតាមចិញ្ចឹមផ្លូវដដែលមិនថា នៅក្នុងប្រទេសឬនៅក្រៅប្រទេសឡើយ។ កាលពីថ្មីៗនេះ លោក សម រង្ស៊ី ហ៊ានហារមាត់បោកប្រាស់គេឯងថា អង្គការសហប្រជាជាតិដកហូតកៅអីរបស់កម្ពុជា។ ប៉ុន្តែឥឡូវនេះ សម រង្ស៊ី ក៏បានភ្លឺភ្នែកម្តងទៀតហើយថា កៅអីរបស់កម្ពុជាជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខកំពុងកាន់កាប់។
សម រង្ស៊ី ក៏ល្មមយល់ដឹងដែរថា ក្នុងចំណោមប្រទេសដែលមាន ទំនាក់ទំនងការទូតជាមួយកម្ពុជា គឺនៅតែបន្តកិច្ចសហការជាមួយកម្ពុជាដដែល ដោយគ្មានប្រទេសណាមួយផ្តាច់ការទូត ជាមួយកម្ពុជាឡើយ។ ប្រជាពលរដ្ឋខ្មែរយល់ច្បាស់ សហគមន៍អន្តរជាតិក៏យល់ច្បាស់អំពីឆន្ទៈរបស់ពលរដ្ឋខ្មែរ។ នៅឡើយតែសម រង្ស៊ី ទេដែលយល់ច្រឡំរហូត គឺច្រឡំថា ទីតាំងតាមចិញ្ចឹមផ្លូវគឺជាកន្លែងស្របច្បាប់ ខណៈអ្នកដែលកំពុងឈរថ្លែងសុន្ទរកថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិទៅជាខុសច្បាប់? ភាពច្រឡំបល់ វង្វេងវង្វាន់ លែងដឹងខុសត្រូវរបស់លោក សម រង្ស៊ី កំពុងបំផ្លាញទំនុកចិត្តរបស់មហាជន និងសហគមន៍អន្តរជាតិទៅលើរូបគាត់ និងក្រុមរបស់គាត់ យ៉ាងធ្ងន់ធ្ងរ។ នេះហើយគេហៅថា អ្នកនយោបាយ វង្វេងជាតិគឺវង្វេងរហូតមិនដឹងថា ខ្លួនឯងជាអ្នកណា ហើយកំពុងនិយាយអ្វី និងកំពុងធ្វើអ្វី? មនុស្សប្រភេទនេះ នៅទីបំផុតក៍អាចនឹងគេចមិនផុតពីកើតជំងឺវង្វេងវង្វាន់នោះដែរ។ សូមលោក សម រង្ស៊ី យល់ថា ពលរដ្ឋខ្មែរបច្ចុប្បន្ន មិនអាចភូតបានតាមចិត្តទៀត នោះទេ។
រដូវបិណ្ឌភ្ជុំបានចូលមកដល់ហើយ សូមលោក សម រង្ស៊ី និងបក្ខពួកគិតគូរពីធ្វើបុណ្យទានខ្លះទៅកុំគិតតែដើរភូតភរគេ ដើរញុះញង់ និយាយគ្មានការពិត បែបនេះតទៅទៀតប្រយ័ត្នមានកម្មកើតជាប្រែត ដូចពាក្យចាស់បូរាណពោលថា «ភូតច្រើនចាញ់អាត្មា» ហើយធ្វើជាមនុស្សជាពិសេសជាអ្នកនយោបាយត្រូវហ៊ានទទួលស្គាល់ការពិតថា អ្នកឈរអានសុន្ទរកថាក្នុងមហាសន្និបាត អ.ស.ប គឺជាអ្នកស្របច្បាប់ និងជាអ្នកដឹកនាំនៃរដ្ធអធិប្បតេយ្យមួយដែលចេញពីឆន្ទះប្រជាពលរដ្ធជាង 83% ហើយអ្នក ឈរស្រែកតាមចិញ្ចឹមផ្លូវគឺជាអ្នក បំផ្លាញកិត្យានុភាពនិងកិត្តិយស របស់ជាតិនិងប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ៕
ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រ សង្គមវិជ្ជាខេត្តកំពង់ចាម