(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគិតគូរពីវិធីប្រមូលពន្ធ ពីការធ្វើប្រតិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីជាប្រយោជន៍ដល់ការរីកចម្រើន នៃសង្គមជាតិ។
ជាក់ស្តែងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល នៃការសិក្សាស្តីអំពីសារពើពន្ធអេឡិចត្រូនិច (E-tax) ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាន លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា កិច្ចការនេះគឺជាការគិតគូរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ស្តីពីការរៀបចំខ្លួនរបស់កម្ពុជា សម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ។ បណ្តាញ និងបច្ចេកវិទ្យាឌីជីថល បានបង្កើតឱ្យមាន វិសាលភាពនិងស្ថាភាពសេដ្ឋកិច្ច និងសង្គមថ្មីមួយខុសពីមុន ដែលធ្វើឱ្យមានការផ្លាស់ប្តូរពីការធើ្វពាណិជ្ជកម្មតាមបែបប្រពៃណី មកប្រតិបត្តិការពាណិជ្ជកម្មតាមបណ្តាញអ៊ិនធឺណិត។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា បរិបទថ្មីនេះ តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវរៀបចំ និងកែសម្រួលគោលនយោបាយ និងបទបញ្ញត្តិពាក់ព័ន្ធផ្សេងៗ ឱ្យស្របទៅតាមនិន្នាការនេះ ដើម្បីចាប់យកឱកាស, ជំរុញការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា, គ្រប់គ្រងបរិស្ថានធុរកិច្ច ក៏ដូចជា កាត់បន្ថយនូវហានិភ័យដែលអាចកើតឡើងជាយថាហេតុ ដោយបច្ចេកវិទ្យាទាំងនេះ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា «បច្ចុប្បន្នក្នុងប្រទេសកម្ពុជា និន្នាការសេដ្ឋកិច្ចឌីជីថលនេះ បានលេចរូបរាងជាបណ្តើរៗ និងបានបង្កើតបានជាសកម្មភាពធុរកិច្ចថ្មីៗ តាមប្រព័ន្ធអ៊ិនធឺណិត ស្របពេលដែលអតិថិជនកំពុង សម្របខ្លួនជាបណ្តើរៗក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានានា។ ស្ថិតក្នុងបរិបទនេះ, កម្ពុជាមិនទាន់មានយន្តការជាក់លាក់ ក្នុងការប្រមូលចំណូលសារពើពន្ធពីប្រតិបត្តិ-ការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ ហើយបញ្ហានេះកំពុងតែត្រូវបានគិតគូរ ទាំងក្នុងក្របខណ្ឌសាកលលោក និងតំបន់»។
តាមរយៈលទ្ធផលនៃការសិក្សាបឋម, កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ឬដំណើរចាប់ផ្តើមនៃការរៀបចំខ្លួនចាប់យកឱកាសពីសេដ្ឋកិច្ចឌីជីថល ដែលនឹងតម្រូវឱ្យយើងត្រូវគិតគូរជាចម្បង នូវការជួយជំរុញសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិក ឱ្យកាន់តែរីកចម្រើនថែមទៀត ឱ្យឈានដល់ «ដំណាក់កាលរីកចម្រើន» ស្របនឹងនិន្នាការរបស់ប្រទេសផ្សេងៗក្នុងតំបន់។
ប្រជាជនកម្ពុជាជាច្រើន ក៏បាននិងកំពុងតែទទួលផលពីការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថលនេះ ដូច្នេះ, កម្ពុជាត្រូវបង្កើតជាបរិស្ថានអំណោយផល ជាប្រព័ន្ធអេកូឡូហ្សីដែលគាំទ្រដល់ការរីកចម្រើន ដែលរួមមានការ វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្នែករឹង ផ្នែកទន់ និងផ្នែកឌីជីថល រួមទាំង ការវិនិយោគលើធនធានមនុស្ស និងជំនាញឱ្យស្របតាមតម្រូវការទីផ្សារក្នុងប្រទេស និងតំបន់ ស្របជាមួយគ្នានឹងការគិគូរអំពីយន្តការផ្សេងៗបន្ថែមទៀត ដើម្បីពង្រឹងការម្រមូលចំណូលពីវិស័យនេះផងដែរ។
ជាមួយគ្នានេះ, ដើម្បីជួយជំរុញឲ្យមានការរីកចម្រើន នៃសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីស្របតាម សេដ្ឋកិច្ចឌីជីថល, ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន, «មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ» (Techo Startup Centre ) ត្រូវបានបង្កើតឡើង ដើម្បីផ្សារភ្ជាប់រវាងអនាគតរបស់ការងារយុវជន និងចក្ខុវិស័យក្នុងយុគសម័យបច្ចេកវិទ្យា។
មជ្ឈមណ្ឌលមានទីតាំងនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្តោតលើការពង្រឹងសហគ្រិនភាព តាមរយៈការបង្កើត និងបណ្តុះធុរកិច្ចថ្មីៗផ្អែកលើថ្នាលបច្ចេកវិទ្យា, ការផ្សារភ្ជាប់ បណ្តាញការងារ, ការសិក្សាស្រាវជ្រាវ និងពិគ្រោះយោបល់លើបំណិនសហគ្រិន។ មជ្ឈមណ្ឌល នឹងជួយជំរុញដល់ការលូតលាស់របស់សហគ្រាសធុនតូច និងមធ្យម ដើម្បីអាចមានឱកាសចាប់យកវិស័យសេដ្ឋកិច្ចថ្មីៗពិសេស គាំទ្រដល់យុវជនកម្ពុជាដែលមាននិន្នការចាប់យកបច្ចេកវិទ្យា ឱ្យមានកន្លែងធ្វើការ និងសិក្សាស្រាវជ្រាវជាក្រុម ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានានូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន៕