(ភ្នំពេញ)៖ អ្នកតាមដាននយោបាយនៅកម្ពុជាកំពុងរង់ចាំមើលថា តើមានអ្វីកើតឡើងនៅពេលដែលនាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញវត្តមានលើទឹកដីអាមេរិក ដែលជាទីតាំងសមរភូមិដ៏ក្តៅមួយ ក្នុងឆាកនយោបាយការទូតរវាងរដ្ឋាភិបាល ដែលគ្រប់គ្រងប្រទេសកម្ពុជាទាំងមូល និងអតីតក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សសង្រ្គោះជាតិ ដែលកំពុងស្ថិតនៅទីនោះដែរ។
យ៉ាងណាក៏ដោយ គេអាចប្រមើលឃើញថា នោះគ្រាន់តែជាការជួបជុំមួយរបស់មនុស្សមួយក្រុម ឬពីរក្រុម ដើម្បីសម្តែងមតិពេញចិត្ត ឬមិនពេញចិត្តទៅតាមនយោបាយ ដែលខ្លួនស្រលាញ់តាមបែបលទ្ធិប្រជាធិបតេយ្យ។
ពិតណាស់ ពលរដ្ឋខ្មែរខ្លះដែលរស់នៅក្រៅប្រទេសលោកមាននិន្នាការទៅរកគណបក្សប្រឆាំង ប៉ុន្តែការញែកទស្សនៈនយោបាយជាមួយប្រយោជន៍ជាតិទាំងមូល ប្រហែលមិនមែនជាការចង់បានរបស់ថ្នាក់ដឹកនាំរបស់ប្រទេសមួយឡើយ។ យ៉ាងដូច្នេះហើយបានជានាយករដ្ឋមន្រ្តី ហ៊ុន សែន បែរជាសរសើរពីចំងាយ និងអរគុណដល់ពួកគាត់ដែលតែងតែគិតគូរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្លួនដែលរស់នៅក្នុងប្រទេស។
ក្នុងដំណើរបេសកកម្មទៅកាន់បុរីញូយ៉ក នៃសហរដ្ឋអាមេរិក នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ មានសំណួរពីរបានចោទសួរថា តើនឹងមានការទិញទឹកចិត្ត ឬជាសំណូកដើម្បីកៀរគរប្រជាពលរដ្ឋខ្មែរឱ្យមកគាំទ្រស្វាគមន៍ដែរឬទេ? ហើយតើនាយករដ្ឋមន្រ្តីនឹងលើកយកបញ្ហាអ្វីខ្លះមកនិយាយ ឬជាសារនយោបាយបែបណា នៅពេលដែលលោកជួបជាមួយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នាពេលនោះ?
តាមប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានបង្ហើបថា សម្តេចតេជោ ហ៊ុន សែន បានត្រៀមកាដូជូនប្រជាពលរដ្ឋខ្មែរដែលត្រូវជួបលោករួចហើយ តែកាដូនោះមិនមែនជាថវិកា ហើយក៏មិនមែនជាថ្នូរនៃការសូកប៉ាន់អ្វីដែរ តែជាកម្រងសៀវភៅដែលលោកបានសរសេរថា «បើទោះបីជារូបកាយបងប្អូនរស់នៅឃ្លាតឆ្ងាយពីស្រុកកំណើតក្តី តែបេះដូង និងទឹកចិត្តរបស់បងប្អូន នៅតែស្ថិតនៅក្បែរជាមួយញាតិសណ្តាន មិត្តភក្តិ និងប្រទេសជាតិជានិច្ច។ នេះហើយជាកាយវិការដ៏ប្រសើរបំផុត ដែលខ្ញុំ និងភរិយាសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះគុណបំណាច់ទាំងអស់ ដែលបងប្អូនបានចូលរួមជាមួយប្រជាពលរដ្ឋ និងជាតិខ្មែរយើងកន្លងមកនេះ»។
ក្នុងឃ្លាចុងក្រោយនៅលើប្រអប់សៀវភៅបានបន្ថែមថា «ខ្ញុំ និងភរិយាមានជំនឿយ៉ាងមុតមាំថា ទឹកចិត្តដ៏ប្រពៃរបស់បងប្អូនដែលមានចំពោះស្រុកកំណើត និងរាជរដ្ឋាភិបាលនឹងបន្តដំណើរជាមួយគ្នាតទៅទៀត ដើម្បីរក្សាបាននូវសុខសន្តិភាព និងភាពរុងរឿងនៃជាតិយើង»។
តាមការគ្រោងទុកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចេញដំណើរទៅកាន់បុរីញូយ៉ក នាថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បីចូលរួមប្រជុំមហាសន្និបាតលើកទី៧៣ នៃអង្គការសហប្រជាជាតិ ដែលកម្ពុជាត្រូវបានគេបោះឆ្នោតឱ្យក្លាយជាអនុប្រធាននៃអង្គមហាសន្និបាតនេះសម្រាប់រយៈពេលមួយឆ្នាំ។
ក្នុងឋានៈជាអនុប្រធាន កម្ពុជាអាចដឹកនាំកិច្ចប្រជុំមហាសន្និបាតជំនួសមុខប្រធាន និងតាមសំណើររបស់ប្រធាន៕