(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោងជាង៥៖០០ល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធសព លោក ត្រាន់ ដាយក្វាង អតីតប្រធានាធិបតីវៀតណាមនៅទីក្រុងហាណូយ។
ឥស្សរៈជនកម្ពុជាដែលអញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន រួមមាន៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រៅពីសម្តេចតេជោ ហ៊ុន សែន, សម្រាប់ការគោរពវិញ្ញាណក្ខន្ធប្រធានាធិបតីវៀតណាម ក៏មានមេដឹកនាំប្រទេស ចំនួន១១ផ្សេងទៀត ចូលរួមផងដែរ ក្នុងនោះមានប្រទេសឡាវ សឹង្ហបុរី ម៉ូសំប៊ិច បេឡារ៉ុស សាធារណរដ្ឋកូរ៉េ ជប៉ុន គូបា ឥណ្ឌូនេស៊ី ចិន ម៉ាឡេស៊ី និងរុស្សី ជាដើម។
ការគោរពវិញ្ញាណក្ខន្ធទៅវិញទៅមករបស់មេដឹកនាំនេះ គឺជាវប្បធម៌គោរពគ្នាទៅវិញទៅមក ដែលប្រទេសនៅជិតខាងគ្នាតែងបានធ្វើឡើងជាបន្តបន្ទាប់ ពុំមិនមែនជារឿងថ្មីទេ។ ជាក់ស្តែង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដឹកនាំគណៈប្រតិភូ ទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិពល អាឌុលយ៉ាដេត (Bhumibol Adulyadej) នៅទីក្រុងបាងកក ហើយនាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីថៃ ក៏ធ្លាប់បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ផងដែរ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២៕