(ភ្នំពេញ)៖ ក្នុងសុន្ទរកថានាសន្និសីទរួមមួយនៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន នាទីក្រុងតូក្យូ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានសម្តែងការគោរពកោតសរសើរយ៉ាងខ្លាំងចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើឱ្យប្រទេសអតីតសង្រ្គាមរ៉ៃរ៉ាំនេះ មានការរីកចម្រើនជាបន្តបន្ទាប់។
លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានសម្តែងភាពរីករាយ ដែលបានទទួលស្វាគមន៍ទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុនលើកនេះ ដែលចំនឹងខួបលើកទី៦៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានលើកឡើងថា រយៈពេល២៥ឆ្នាំបានកន្លងផុតទៅហើយ បន្ទាប់ពីការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលធ្វើឡើងដោយអុនតាក់។ កម្ពុជាដែលទទួលកេរដំណែលអវិជ្ជមានដោយសារសង្រ្គាមស៊ីវិល ហើយបានពុះពារជាបន្តបន្ទាប់រហូតដល់ធ្វើដំណើរនៅលើវិថីមួយដែលមានការរីកចម្រើន អភិវឌ្ឍសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។ លោក អាបេ បានសម្តែងនូវការគោរពជាថ្មីម្តងទៀត ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោក អាបេ បានបន្ថែមថា ជប៉ុនបានអមដំណើរជាមួយកម្ពុជា ហើយជប៉ុនរំពឹងថា ប្រទេសកម្ពុជា នឹងមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត តាមរយៈការរួបរួមគ្នារបស់ប្រជាជនកម្ពុជា ហើយបន្តលើកកម្ពស់ដំណើរការប្រជាធិបតេយ្យ។ លោកនាយករដ្ឋមន្រ្តីជប៉ុន ជប៉ុនមានការតាំងចិត្តយ៉ាងមុតមាំ ក្នុងការជួយដែលឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ជាមួយនឹងគោលដៅនេះ។
លោកនាយករដ្ឋមន្រ្តីជប៉ុន បានបន្តទៀតថា ឆ្នាំ២០១៩ គឺជាឆ្នាំនៃមេគង្គ-ជប៉ុន ដែលផ្អែកចេញពីលទ្ធផលដែលប្រជុំនៅក្នុងប្រទេសជប៉ុនពេលនេះ ហើយលោកមានគំនិតពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន ដោយចាប់ដៃជាមួយសម្តេចតេជោ ហ៊ុន សែន ហើយសហការជាមួយគ្នា ដើម្បីនាំមកវឌ្ឍនភាព និងការរីកចម្រើន នៅលើទឹកដីតំបន់មេគង្គទាំងមូល៕