(ភ្នំពេញ)៖ ប្រមាណជាង១សប្តាហ៍ ក្រោយបញ្ចប់ការអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ ដែលជាកិច្ចប្រជុំខ្នាតអន្តរជាតិសំខាន់មួយទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ កិច្ចប្រជុំនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលលោក ស៊ិនហ្សូ អាបេ។
សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ដោយហោះទៅចុះចតនៅទីក្រុងក្វាងចូវប្រទេសចិន និងបន្តហោះហើរពីទីក្រុងក្វាងចូវ ទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលជាកន្លែងដែលមេដឹកនាំប្រទេសមេគង្គ-ជប៉ុន ជួបជុំគ្នា នៅវេលាម៉ោង៥៖៤០នាទីល្ងាច។ ខណៈមានវត្តមាននៅប្រទេសជប៉ុននេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានស្នាក់នៅសណ្ឋាគារលំដាប់ខ្ពស់មួយ នោះគឺសណ្ឋាគារអូតានី (New Otani)។
លុះព្រឹកថ្ងៃទី៧ ខែតុលា ជាថ្ងៃទី២នៃវត្តមានសម្តេចនៅទីក្រុងតូក្យូ សម្តេចតេជោ និងគណៈប្រតិភូកម្ពុជា បានអញ្ជើញទស្សនាមជ្ឈមណ្ឌលសម្អាតទឹកលូ និងបន្តដំណើឆ្ពោះទៅកាន់កន្លែងសំខាន់ៗមួយចំនួនទៀតដូចជា កំពង់ផែយូកូហាម៉ា, កំពង់ផែកុងតឺណឺយូកូហាម៉ា និងអគារឡែនម៉ាក (landmarks Tower)ជាដើម។ សម្តេចតេជោ ហ៊ុន សែន បានពិសារអាហារថ្ងៃត្រង់ ដែលរៀបចំដោយលោកស្រី ហ្វុមីកូ ហាយ៉ាស៊ិ អភិបាលក្រុងយ៉ូកូហាម៉ា។ នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់អភិបាលក្រុងយ៉ូកូហាម៉ាថា ប្រទេសជប៉ុន បានចូលរួមចំណែកដោយឥតសំចៃ ក្នុងការស្វែងរកសុខសន្តិភាព ព្រមទាំងការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។ ដោយឡែកពេលរសៀល សម្តេចតេជោ បានអញ្ជើញទៅទស្សនាគម្រោងអភិវឌ្ឍន៍តំបន់មីណាតូមីរ៉ាយពីលើអគារ ឡែនម៉ាក់ និងទទួលជួបជាមួយភ្ញៀវជប៉ុន។
នាល្ងាចថ្ងៃដដែលនេះ នៅសណ្ឋាគារញ៉ូអូតានី សម្តេចតេជោ បានជួបសំណេះសំណាលជាមួយសហគមន៍ និងនិស្សិតខ្មែរ នៅប្រទេសជប៉ុនចំនួន៣៥០នាក់។ នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការរក្សាអធិបតេយ្យ និងឯករាជ្យជាតិរបស់កម្ពុជា ដោយមិនចុះញមចំពោះមុខការគំរាមដកការអនុគ្រោះពន្ធ (EBA «Everything But Arms») លើទំនិញរបស់កម្ពុជាពីគណៈកម្មការអឺរ៉ុបនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនត្រូវយកអធិបតេយ្យរបស់ជាតិទៅប្តូរនឹងជំនួយ ឬការគំរាមណាមួយពីបរទេសនាំឲ្យបំផ្លាញសង្គមកម្ពុជានោះទេ។ មួយវិញទៀត សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសជប៉ុនថា ដើម្បីឲ្យកម្មករ កម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងទទួលបានប្រាក់ឈ្នួលទាបបំផុត១៨២ដុល្លារនៅឆ្នាំ២០១៩នោះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចុះថ្លៃអគ្គិសនីសម្រាប់រោងចក្រ និងសហគ្រាសនានា។
ដោយឡែកនៅថ្ងៃទី៨ ខែតុលា សម្តេចតេជោ បានទទួលជួបលោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា។ នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា អំពីស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាដោយអះអាងថា សភាពការណ៍ប្រទេសកម្ពុជា នៅពេលនេះ គឺមានភាពខុសគ្នាស្រឡះពីសភាពការណ៍ក្រោយការបោះឆ្នោត ឆ្នាំ២០១៣ ដែលបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរហូតដល់មានប្រជាពលរដ្ឋបាត់បង់ជីវិត។
បន្ទាប់ពីនោះសម្តេចតេជោ បានទទួលជួបក្រុមធុរកិច្ចជនជប៉ុនជាបន្តបន្ទាប់ទៀតដូចជា លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ ប្រធាន និងជានាយកប្រតិបត្តិអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), លោក ណូប៊ុអាគី គីតាម៉ូរី តំណាងក្រុមហ៊ុនមីស៊ុអ៊ី (Mitsui Co.,Ltd.) និង លោក យូស៊ីហ៊ីសា កៃនុម៉ា តំណាងក្រុមហ៊ុនមីនីប៊ែ (minebea cambodia co., Ltd) ជាដើម។ សម្តេចតេជោ បានទទួលជួបលោកហ្វុយមីអាគី តាកាហាស៊ី អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជាផងដែរ។ ក្នុងជំនួបជាមួយសម្តេចតេជោ, លោកប្រធាននិងជានាយកប្រតិបត្តិការ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានកោតសរសើរកម្ពុជាថា ជាប្រទេសដែលមានបរិយាកាសវិនិយោគល្អ ហើយមិនមានការបែងចែករវាងសហគ្រាសបរទេស និងក្នុងស្រុកនោះទេ។
បន្ទាប់មកនៅពេលរសៀលថ្ងៃដដែលនេះ បានជួបប្រជុំទ្វេភាគីជាមួយ លោក ស៊ិនហ៊្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន។ ភាគីទាំងពីរបានធ្វើសន្និសីទរួមមួយ ដោយលោក ស៊ិនហ្សូ អាបេ បានសម្តែងការគោរពកោតសរសើរខ្លាំងចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ លោកបានលើកឡើងថា កម្ពុជាដែលទទួលកេរដំណែលអវិជ្ជមានដោយសារសង្រ្គាមស៊ីវិល ហើយបានពុះពារជាបន្តបន្ទាប់រហូតដល់ធ្វើដំណើរនៅលើវិថីមួយដែលមានការរីកចម្រើន អភិវឌ្ឍសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។ លោក អាបេ បានបន្ថែមថា ជប៉ុនបានអមដំណើរជាមួយកម្ពុជា ហើយជប៉ុនរំពឹងថា ប្រទេសកម្ពុជា នឹងមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត តាមរយៈការរួបរួមគ្នារបស់ប្រជាជនកម្ពុជា ហើយបន្តលើកកម្ពស់ដំណើរការប្រជាធិបតេយ្យ។ នៅក្នុងជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យ លោក ស៊ិនហ្សូ អាបេ ដែលបង្ហាញជំហរគាំទ្រចំពោះការបោះឆ្នោតនៅកម្ពុជាអាណត្តិនេះ បន្តគាំទ្រនូវការបោះឆ្នោតជាតិ ក្នុងប្រទេសកម្ពុជា នៅអាណត្តិក្រោយៗទៀត ដោយសារតែការបោះឆ្នោតនៅកម្ពុជា មិនបានបញ្ចប់ត្រឹមឆ្នាំ២០១៨នេះទេ គឺត្រូវធ្វើតាមការកំណត់ថែមទៀត ក្នុងដំណើរការប្រជាធិបតេយ្យ។ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគី និងសន្និសីទរួម សម្តេចតេជោ ហ៊ុន សែន បានទទួលទាហានអាហារពេលល្ងាចដែលរៀបចំដោយ នាយករដ្ឋមន្ត្រីជប៉ុន នៅនិវេសនដ្ឋាននាយករដ្ឋមន្ត្រីតែម្តង។
រហូតដល់ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានចូលរួមពិសារអាហារពេលព្រឹក រៀបចំដោយសមាគមមិត្តភាពសភាជប៉ុន-មេគង្គ សម្រាប់ថ្នាក់ដឹកនាំប្រទេសមេគង្គ បន្ទាប់មកសម្តេចជួបជុំជាមួយយុវជនកីឡាករបាល់ទាត់មេគង្គ-ជប៉ុន នៅវិមានរដ្ឋរបស់ជប៉ុន ហើយបន្តចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០។
ក្នុងឱកាសរំលឹកខួបលើកទី១០នៃយន្តការមេគង្គ-ជប៉ុន ថ្នាក់ដឹកនាំបានសម្រេចលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត។ ថ្នាក់ដឹកនាំទាំងអស់បានអនុម័ត «យុទ្ធសាស្រ្ត តូក្យូ ឆ្នាំ២០១៨ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន» ដែលមានសរសរស្តម្ភបីសំខាន់ៗ គឺ៖ ១៖ ការតភ្ចាប់ដ៏រស់រវើកនិងប្រកបដោយប្រសិទ្ធិភាព, ២៖ សង្គមដែលផ្តោតលើប្រជាជន និង ៣៖ ការសម្រេចបាននូវតំបន់មេគង្គបៃតង ជាមួយនឹងផែនការសកម្មភាពជាក់ស្តែង។ យុទ្ធសាស្រ្តតូក្យូ ឆ្នាំ២០១៨ គឺស្របទៅតាមគំនិតផ្តួចផ្តើមរបៀបវារៈ២០៣០សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពយុទ្ធសាស្រ្ត ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហរ និងផែនការមេ ACMECS។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល សម្តេចតេជោ បានគូសបញ្ជាក់អំពីសារសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងបរិបទនៃក្របខណ្ឌពហុភាគីនិយមរឹងមាំ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់តំបន់ និងពិភពលោកទាំងមូល។ សម្តេចបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ឧស្សាហកម្ម ដែលជាមធ្យោយក្នុងការកាត់បន្ថយការប្រឈមនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងដើម្បីស្វែងរកនូវផលប្រយោជន៍ប្រកបដោយសក្តានុពលពីសេដ្ឋកិច្ចឌីជីថល។
បន្ទាប់ពីនេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមសិក្ខាសាលាស្តីពីការវិនិយោគ រៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ហើយបន្ទាប់ពីនោះ សម្តេចតេជោ ហ៊ុន សែន រួមទាំងថ្នាក់ដឹកនាំនៃប្រទេសមេគង្គ បានចូលក្រាបបង្គំគាល់ព្រះចៅអធិរាជជប៉ុន។
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានចាកចេញពីទីក្រុងតូក្យូ តាមយន្តហោះពិសេស នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចជំនួបមេដឹកនាំអាស៊ាន នាកិច្ចប្រជុំប្រចាំឆ្នាំ២០១៨ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក WB រយៈពេល៣ថ្ងៃទៀត ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨ នៅកោះបាលី៕