(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មិនបានត្រឡប់មកកាន់ប្រទេសកម្ពុជាភ្លាមៗទេ។ សម្តេចបានចាកចេញពីប្រទេសជប៉ុន បន្តចូលរួមក្នុង «ជំនួបកំពូលថ្នាក់ដឹកនាំអាស៊ាន» នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីបន្តទៀត រយៈពេល៣ថ្ងៃបន្តទៀត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របជាមួយកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ក្រោមមូលបទ «ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកល»។
សម្តេចតេជោ ហ៊ុន សែន បានចេញដំណើរពីទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្ពោះទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី តាមយន្តហោះពិសេស នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ និងបានទៅដល់ កោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង៥៖៣០នាទីល្ងាច។
នៅថ្ងៃបន្ទាប់ សម្តេចតេជោ ហ៊ុន សែន រួមទាំងថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន បានចាប់ផ្តើមធ្វើជំនួបកំពូលនៅសណ្ឋាគារ សូហ្វីតែលបាលី។ បណ្តាមេដឹកនាំអាស៊ាន បានឡើងថ្លែងសុន្ទរកថារៀងៗខ្លួន។
ថ្លែងនៅក្នុងជំនួបកំពូលនេះ សម្ដេចតេជោបានគូសបញ្ជាក់ថា អាស៊ានសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរក្នុងផ្នែកសង្គម ជាពិសេស លើគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាភាពប្រសើរឡើងលើសូចនាករសំខាន់ៗនៃការអភិវឌ្ឍមនុស្ស។ លើសពីនេះទៀតអាស៊ាន គឺជាតំបន់ដែលធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមុនគេផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនជាម្ចាស់ឆ្នោត និងដើម្បីកសាងមូលដ្ឋានគ្រឹះបន្ថែម សម្រាប់ធានានាំកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ នៅក្នុង បរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាផ្តោតអាទិភាពខ្ពស់របស់ខ្លួនទៅលើ ១៖ការកែទម្រង់ដើម្បីជម្រុញកំណើនប្រកបដោយបរិយាប័ន្ន ២៖ការជំរុញការអភិវឌ្ឍឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និង ៣៖ការកែលំអថែមទៀតនូវបរិយាកាសធុរកិច្ច។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់មេដឹកនាំអាស៊ាន និងមេដឹកនាំស្ថាប័នអន្តរជាតិធំដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានធនាគារពិភពលោក និងប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិថា កម្ពុជាកំពុងផ្តល់អាទិភាពខ្ពស់ទៅលើការកែទម្រង់ ដើម្បីជំរុញកំនើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន។ សម្តេចបានគូសបញ្ជាក់ថា ជាងពីរទសវត្សរ៍មកនេះកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧.៧% ក្នុងមួយឆ្នាំ ជាមួយនឹងការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏រឹងមាំ ជាពិសេសកម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសស្ថិតនៅក្នុងចំណោមប្រទេសឯកទគ្គៈ ពាក់កណ្តាលនៃកំណើនសេដ្ឋកិច្ចពិភពលោក។ សម្តេចបានបន្តថា តាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបកាលពីពេលថ្មីៗកន្លងទៅនេះ ហើយមូលដ្ឋានកំណើនកាន់តែមានជីវិតកាន់ច្រើនឡើង ភាពក្រីក្រក៏ត្រូវបានកាត់បន្ថយមកត្រឹម ១០% និងគម្លាតចំណូលក្នុងចំណោមប្រជាជនត្រូវបានរក្សាក្នុងកម្រិតទាបតាមរយៈបែងចែកផលនៃកំណើនដល់គ្រប់ស្រទាប់ប្រជាជន។ ជាងនេះទៅទៀតកម្ពុជាក៏សម្រេចបានមុនកាលកំណត់នូវគោលដៅសូចនាករផ្នែកសង្គមសំខាន់ៗទាំងក្នុងវិស័យអប់រំ និងសុខាភិបាល។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូដែលមានស្រាប់ ក៏ដូចជាស្តារឡើងវិញនូវប្រព័ន្ធពាណិជ្ជកម្មសកលដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងបន្តធ្វើសមាហរណកម្មលើការតភ្ជាប់គ្រប់វិស័យ ដើម្បីពង្រឹងភាពធន់របស់អាស៊ានទៅនឹងការវិវត្តន៍ស្ថានភាពនយោបាយសេដ្ឋកិច្ច និងសង្គម។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ានគឺជាតំបន់មួយដែលមានការរីកចម្រើនឆាប់រហ័សក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលជាសេដ្ឋកិច្ចធំបំផុតទី៦លើពិភពលោក ជាមួយប្រជាជនប្រមាណជា ៦៤០លាននាក់ និងជាកម្លាំងដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្ម និងកំណើនពិភពលោក។ សម្តេចតេជោ បានលើកឡើងថា អនាគតអាស៊ានមានភាពល្អប្រសើរដោយបានកំណត់ថា នឹងសម្រេចឲ្យបានកំណើនលើសពី៥%ក្នុងឆ្នាំនេះ នឹងលើសពី៥%នៅឆ្នាំក្រោយ និងក្នុងរយៈពេលមធ្យមខាងមុខ។
នៅក្នុងបទអន្តរាគមន៍ទាំងអស់របស់ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអគ្គលេខាធិការ អ.ស.ប សុទ្ធតែបានកោតសរសើរអាស៊ាន ដែលសម្រេចបានវឌ្ឍនភាពសំខាន់ៗក្នុងរយៈពេលកន្លងមក និងបានសម្តែងនូវការបន្តប្តេជ្ញាចិត្ត ក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាពិសេស លោកអគ្គលេខាធិការអ.ស.ប បានអបអរសាទរនូវកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បី «កាត់បន្ថយគម្លាតអភិវឌ្ឍន៍» រវាង និងនៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់។
ដោយឡែកពេលល្ងាចថ្ងៃដដែលនេះ បន្ទាប់ពីជំនួបកំពូលនេះ សម្តេចតេជោ ហ៊ុន សែន និងបណ្តាមេដឹកនាំអាស៊ានទាំងអស់ បានចូលរួមពិធីជប់លៀង ដែលរៀបចំដោយប្រធានាធិបតីឥណ្ឌូនេស៊ី និងភរិយា នៅសណ្ឋាគារសូហ្វីតែលបាលីរហូតដល់ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ អញ្ជើញចេញដំណើរពីសណ្ឋាគារនូសាឌូប៊ិជ ឆ្ពោះទៅកាន់មជ្ឈមណ្ឌល សន្និសិទបាលីនូសាឌួ (Bail Nusa Dua Convention Center-BNDCC) និងបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ និងធនាគារពិភពលោក ឆ្នាំ២០១៨។
នៅម៉ោង១១៖០០នាទី សម្តេចបានអញ្ជើញចេញដំណើរពីមជ្ឈមណ្ឌលសន្និសិទបាលីនូសាឌូ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្ដរជាតិង៉ូរ៉ាវៃ កោះបាលី ដើម្បីត្រឡប់មកប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង១៖១៥នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨៕