(លីយ៉ុង-បារាំង)៖ ក្រុមនិស្សិតខ្មែរនៅប្រទេសបារាំង ប្រកាសនាំគ្នាទៅជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីអរគុណសម្តេចតេជោ ដែលខំស្វែងរកអាហារួបករណ៍ជូនដល់និស្សិតខ្មែរ មកសិក្សានៅក្រៅប្រទេស ហើយពួកគេប្រកាសថា គ្មានបាតុកម្មណា អាចមករារាំងពួកគេមិនឱ្យជួបសម្តេចតេជោបាននោះទេ។
នៅក្នុងវិដេអូជាង៨នាទី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ និស្សិត ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅបារាំង និងហូឡង់ សុទ្ធសឹងតែបង្ហាញ អារម្មណ៍សប្បាយចិត្ដ និងបានអះអាងថា ពួកគាត់ទៅទទួលសម្ដេចតេជោ ហ៊ុន សែន គ្មានអ្នកណាបង្ខំនោះទេ គឺទៅដោយខ្លួនឯង ពីព្រោះពួកគាត់ចូលចិត្តសម្ដេចតេជោ នឹងគាំទ្រសម្ដេចជារៀងរហូត និងមានក្តីសោមនស្សរីករាយ ចំពោះវត្តមានសម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីប្រទេសប៊ែលហ្សិច ទីក្រុងប៊្រុចសែល ហើយពួកគាត់បានត្រៀមខ្លួនរួចស្រេច នឹងអញ្ជើញទៅទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ដែលនឹងមកទីក្រុងប៊្រុចសែល ដើម្បីចូលរួមសម័យប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២។
ក្រុមនិស្សិតខ្មែរ នៅប្រទេសបារាំង បានប្រកាសថា ប្រសិនបើគ្មានវត្តមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជា នោះទេក៏គ្មានកិច្ច សហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសនានា នោះទេពួកគាត់ក៏គ្មានឱកាសបានបន្តការសិក្សា នៅបរទេសដូចថ្ងៃនេះដែរ។ ជាងនេះទៅទៀតក្រុមនិស្សិតខ្មែរ បានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងមកបំពេញ ទស្សនកិច្ចនៅក្នុងទ្វីបអឺរ៉ុប និងឆ្លៀតពេលវេលាដល់មមាញឹករបស់សម្តេចមកជួបជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរដែរកំពុងសិក្សា នៅក្រៅប្រទេសផងដែរ។
ក្រុមនិស្សិតខ្មែរដដែល ក៏បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ទាំងងងឹងងុលរបស់ក្រុមជនអគតិដែលគ្មានមូលដ្ឋាន គ្មានការពិតទាំងស្រុង ហើយជាក់ស្តែងការជួបសំណេះសំណាលរវាងសម្តេចតេជោ និងក្រុមនិស្សិតខ្មែរ ដែលកំពុងសិក្សានៅបរទេស គឺជាគោលការណ៍ស្ម័គ្រចិត្តទាំងអស់ អត់មានការបង្ខិតបង្ខំ គ្មានលក្ខខណ្ឌនៃការដោះដូរ និងគ្មានការទិញទឹកចិត្តរបស់ពួកគាត់ ដូចអ្វីដែលក្រុមប្រឆាំងតែងតែប្រឌិតឡើងគ្មានហេតុផលនោះទេ។ ផ្ទុយទៅវិញពួកគាត់ បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកជួបជាមួយពួកគាត់ទៅវិញនោះទេ។
តាមរយៈវិដេឃ្លីប ក្រុមនិស្សិតខ្មែរនៅបារាំង បានបញ្ជាក់ថា ទោះបីមានក្រុមប្រឆាំងមួយក្តាប់តូចបានប្រកាសនាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងវត្តមានរបស់សម្តេតេជោ ហ៊ុន សែន នៅទ្វីបអឺរ៉ុបនេះ ក៏ពួកគាត់មិនខ្លាចរអាលនោះទេ ព្រោះពួកគាត់ទៅជួបសម្តេចតេជោ គឺចេញពីឆន្ទៈពិតប្រាកដរបស់ពួកគាត់។
ក្រុមនិស្សិតខ្មែរទាំងអស់ ក៏បានផ្តាំផ្ញើសារទៅក្រុមជនអគតិដែលពូកែលាបពណ៌លើការដឹកនាំរបស់សម្តេចតេជោ ថាគ្មានអ្វីចំណេញនោះទេ គឺរឹតតែធ្វើឱ្យបរទេសនាំគ្នាមកមើលងាយ ជាតិសាសន៍របស់ខ្លួន ខាតបង់ប្រយោជន៍របស់ជាតិ ហើយបុគ្គលម្នាក់ៗមានសិទ្ធសេរីភាពស្រឡាញ់ ឬគាំទ្របុគ្គលម្នាក់ទៀត ដែលខ្លួនស្រឡាញ់ពេញចិត្តផងដែរ។ ដូច្នេះគឺគ្មានហេតុផលណាមួយមកចោទប្រកាន់ថា ពួកគាត់ថាក្បត់ជាតិ លក់ក្បាលនោះទេ។
តាមរយៈវិដេឃ្លីបនេះ ក្រុមនិស្សិតខ្មែរ បានថ្កោលទោសយ៉ាងដាច់អហង្កាថា លើការចោទប្រកាន់ពីសំណាក់ក្រុមជនអគតិមួយចំនួនថា ពួកគាត់ត្រូវបានគេជួល ទិញទឹកចិត្ត ដើម្បីមកចូលរួមទទួលវត្តមានសម្តេចតេជោ ហ៊ុន សែន ទាំងនេះគឺជាការប្រមាថមើលងាយ កិត្តិយសរបស់ពួកគាត់ ទង្វើលទាំងនេះពួកគាត់មិនអាចទទួលយកបាននោះទេ ហើយជាពិសេសការជួបសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន គឺពួកគាត់នឹងអាចទទួលបាននូវចំណេះដឹងបន្ថែមទៀតពីថ្នាក់ដឹកនាំកំពូលកម្ពុជា ផងដែរ៕