(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ បានអះអាងថា បញ្ហាប្រឈមនៅខេត្តព្រះសីហនុ គឺជារឿងថ្មី ដែលកម្ពុជាមិនធ្លាប់ជួបប្រទះពីមុនមកនោះទេ ប៉ុន្ដែបញ្ហានេះសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធអាចគ្រប់គ្រងបានទាំងអស់។

ការអះអាងរបស់ សម្ដេចក្រឡាហោម ស ខេង ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំជាមួយគណៈកម្មការទី៤ នៃរដ្ឋសភា ដែលមានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖ «បញ្ហាដែលកើតឡើងនេះ (នៅខេត្តព្រះសីហនុ) ជាបញ្ហាប្រឈមថ្មី ដែលពីមុនមកមិនធ្លាប់ជួបប្រទះ ចឹងហើយយើងម្ចាស់ការពីដើមទៅ ប៉ុន្ដែមកដល់ពេលនេះសភាពការណ៍ដែលថា Control លែងបាននោះ វាមិនដល់ថ្នាក់ហ្នឹងទេ [...] ខ្ញុំគិតថា មកដល់ពេលនេះមិនមានបញ្ហាអីធំដំនោះទេ ដែលដោះមិនចេញនោះទេ»

បើតាមសម្ដេចក្រឡាហោម ស ខេង បញ្ហាដែលប្រឈមនៅខេត្តព្រះសីហនុ គឺពាក់ព័ន្ធជាមួយបទល្មើស​គ្រឿងញៀន បទល្មើសប្លន់ និងបញ្ហាបរិស្ថានអនាម័យ ប៉ុន្ដែវាមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ។ មួយទៀត នៅពេលការវិនិយោគច្រើន បញ្ហាជម្លោះរឿងដីធ្លី ក៏កើតឡើងច្រើនផងដែរ ខណៈដែលអាជ្ញាធរកំពុងតែខិតខំ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។

សូមជម្រាបថា កាលពីពេលកន្លងទៅ សម្ដេចក្រឡាហោម ស ខេង​ បានបញ្ជាដល់អង្គភាពសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃ ឲ្យបង្កើតក្រុមប្រតិបត្តិការ ចុះទៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងជួយបង្ក្រាបបទល្មើស បន្ទាប់ពីលេចឡើងនូវសកម្មភាពមិនប្រក្រតីមួយចំនួន។ អង្គភាពចំនួន៤នោះរួមមាន៖ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមអ្នកច្បាប់របស់ក្រសួងមហាផ្ទៃផងដែរ។

ពាក់ព័ន្ធក្រុមប្រតិបត្តិការនេះ ត្រូវបានសម្ដេច ស ខេង គូសបញ្ជាក់ថា ​មិនទៅដើម្បីបង្ក្រាបបទល្មើសនោះទេ ពោលសមត្ថកិច្ចបង្ក្រាបបទល្មើស គឺជាសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាននៅខេត្តព្រះសីហនុ ហើយក្រុមប្រតិបត្តិការនោះគ្រាន់តែពិគ្រោះយោបល់ និងរាយការណ៍ជូនក្រសួងមហាផ្ទៃ ដើម្បីមានវិធានការ ហើយបើក្រសួងដោះស្រាយមិនចេញ ត្រូវរាយការណ៍បន្ដជូនប្រមុខនៃរាជរដ្ឋាភិបាលជាអ្នកសម្រេច៕​