(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេទ័ពជើងគោក បានក្លាយជាគោលដៅដ៏ចម្បងរបស់ក្រុមប្រឆាំង នៅក្រៅប្រទេសព្យាយាមបំផ្លាញកិត្តិយសរបស់លោកតាមរយៈការប្រឌិត និងបំភ្លៃព័ត៌មាននានាជាច្រើនកន្លងមក។
នៅថ្ងៃនេះក្រុមប្រឆាំងនៅក្រៅប្រទេសដែលមានឈ្មោះលើ Facebook «Nokor Koktlork ម៉ែន ណាត» បានបន្តប្រឌិតរឿងថ្មីមួយទៀតវាយប្រហារមកលើរូបលោក។
ជនដែលគាំទ្រយ៉ាងងុបងុលលើសកម្មភាពរបស់អតីតគណបក្សប្រឆាំងសង្គ្រោះជាតិ ហើយតែងតែវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាដឹកនាំគណបក្សប្រជាជនកម្ពុជារូបនេះ បានបង្ហោះឃ្លីបវីដេអូជាសំឡេងមួយ ដែលម្ចាស់សំឡេងនោះបានរៀបរាប់ពីផែនការសកម្មភាពមួយចំនួនក្នុងការផ្សព្វផ្សាយព័ត៌មាន ដើម្បីទប់ទល់នឹងប្រតិកម្មនានារបស់អន្តរជាតិ ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា ក៏ដូចជាការរំលាយគណបក្សសង្គ្រោះជាតិផងដែរ។
បុគ្គលដែលប្រើប្រាស់ Facebook «Nokor Koktlork ម៉ែន ណាត» បានចាត់ទុកសំឡេងនេះជាសំឡេងរបស់លោក ហ៊ុន ម៉ាណែត ដែលបានបែកធ្លាយក្រោយកិច្ចប្រជុំ APEC នៅប្រទេសវៀតណាម ខែវិច្ឆិកា ឆ្នាំ២០១៧។
ភ្លាមៗក្រោយការផ្សព្វផ្សាយបំភ្លៃការពិតនេះ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ក៏បានបានចេញមកច្រានចោលនូវការផ្សព្វផ្សាយប្រឌិតមួយនេះផងដែរ។ លោក ហ៊ុន ម៉ាណែត បានចាត់ទុកការព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតនេះ គឺជាចេតនាអាក្រក់មួយរបស់ក្រុមប្រឆាំងក្នុងការបង្កាចបង្ខូចនូវកិត្តិយសរបស់លោក ដែលគេបានខិតខំធ្វើជាបន្តបន្ទាប់មក។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះ «ក្រោយពីប្រឌិតរឿងមិនពិតមួយដើម្បីបំផ្លាញកិត្តិយសខ្ញុំមិនទាន់បានប៉ុន្មានផង ក្រុមមនុស្សដដែលបានប្រឌិតរឿងថ្មីមួយទៀត យកមកវ៉ៃប្រហារខ្ញុំសាជាថ្មី។ ម្តងនេះមិនដឹងទៅបង្កើតសារសំឡេងយកមកពីណា ហើយថាបែកធ្លាយជាសារសំឡេងរបស់ខ្ញុំ»។
លោក ម៉ាណែត ដែលជាបុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តចំអកឲ្យក្រុមប្រឆាំងថា «ខ្ញុំសូមជូនយោបល់ថា បើជ្រុលជាធ្វើ ធ្វើឲ្យសមបន្តិចជាងនេះទៅក្រែងបានគេជឿខ្លះ។ បើក្លែងថា ជាសំឡេងរបស់ខ្ញុំ គួរទៅរកមនុស្សដែលមានសំឡេងស្រដៀងខ្ញុំ ហើយរបៀបនិយាយប្រហាក់ប្រហែលនឹងខ្ញុំ ដើម្បីយកទៅថតចាក់តាមហ្វេសប៊ុក ហើយចោទថា ជាសំឡេងខ្ញុំទៅក្រែងវាបានសមជាងនេះបន្តិច។ តែទោះជាយ៉ាងណាក៏ដោយ ដូចខ្ញុំប្រាប់ពីលើកមុនចឹងថា កលល្បិចប្រឌិតរឿងដើម្បីបង្កាច់បង្ខូចខ្ញុំរបៀបនេះវាដដែលៗពេក ហើយប្រជាជនខ្មែរលែងជឿហើយ។ ឈប់បានឈប់ទៅ»។
សំឡេងដែលក្រុមប្រឆាំងយកទៅផ្សព្វផ្សាយដោយប្រឌិតជាសំឡេងរបស់លោក ហ៊ុន ម៉ាណែត នេះ ត្រូវបានមហាជនទាំងអស់ដែលធ្លាប់បានស្តាប់លោកនិយាយ កត់សំគាល់បានយ៉ាងងាយថា មិនមែនជាសម្លេងរបស់លោក ហ៊ុន ម៉ាណែតទេ។
ការប្រឌិតរឿងផ្សព្វផ្សាយបង្ខូចកិត្តិយសរបស់លោក ហ៊ុន ម៉ាណែត ពីក្រុមប្រឆាំងជាពិសេសនៅក្រៅប្រទេសនេះ វាមិនមែនជាលើកទី១នោះឡើយ។
គេនៅចាំបានថា នៅពេលថ្មីៗនេះក្រុមប្រឆាំងទាំងនេះ ក៏បានប្រឌិតរឿងបែកធ្លាយសារផ្សេងៗរបស់លោក ហ៊ុន ម៉ាណែត ជាមួយអតីតអ្នកព័ត៌មាន ហើយនាពេលកន្លងទៅក្រុមប្រឆាំងនេះ ក៏បានព្យាយាមផ្សព្វផ្សាយមួលបង្កាច់ថា លោក ហ៊ុន ម៉ាណែត ជាកូនរបស់វៀតណាមផងដែរ។
តាមរយៈការប្រឌិតរឿងក្លែងក្លាយជាបន្តបន្ទាប់នេះ វាបានបង្ហាញយ៉ាងច្បាស់ពីចេតនាដ៏ទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅប្រទេសក្នុងការបំផ្លាញកិត្តិយស និងកិត្តិនាមរបស់លោក ហ៊ុន ម៉ាណែត ដែលត្រូវបានគេមើលឃើញថា ជាថ្នាក់ដឹកនាំជំនាន់ថ្មីមួយរូបកំពុងទទួលបានប្រជាប្រិយភាព និងការគោរពស្រឡាញ់ខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ តាមរយៈការប្រឌិតរឿង ជាបន្តបន្ទាប់នេះ ត្រូវបានគេវាយតម្លៃជាការបង្ហាញឲ្យឃើញពីភាពពិសពុលរបស់ក្រុមប្រឆាំងដែលអ្នកលេងបណ្តាញសង្គម Facebook គួរប្រុងប្រយ័ត្នឲ្យបានខ្ពស់មុននឹងទទួលយក ឬជឿតាមការផ្សព្វផ្សាយរបស់ពួកគេ។ មួយវិញទៀត ការព្យាយាមផ្សព្វផ្សាយដោយប្រឌិតរបស់ពួកគេនេះ ក៏កាន់តែធ្វើឲ្យប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម អស់ជំនឿទៅលើពួកគេផងដែរ៕