(ប៊ែលហ្សិក)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាចង់ដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបពីកម្ពុជា (EBA) រហូតមកដល់ពេលនេះ មិនមានអ្វីប៉ះពាល់ទាំងអស់ គឺគ្រាន់តែត្រូវបានគេប្រើប្រាស់ ធ្វើជាសង្គ្រាមចិត្តសាស្ត្រ ដើម្បីវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។
ទោះយ៉ាងនេះក្តី សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា យូរនិងឆាប់កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះនៅពេលសេដ្ឋកិច្ចរបស់កម្ពុជា កើនឡើងដល់កម្រិតខ្ពស់មួយ ដូចគ្នានឹងការទទួលបានអត្រាការប្រាក់អនុគ្រោះ (អត្រាការប្រាក់សម្បទាន) ដែលប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ផ្តល់ជូនកម្ពុជា។ តែយ៉ាងណាពាក់ព័ន្ធអត្រាការប្រាក់អនុគ្រោះពន្ធនេះ សម្តេចបានធ្វើការមួយជំហានជាមួយ ជប៉ុន កូរ៉េខាងត្បូង ចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីអាចទទួលបានអត្រាការប្រាក់អនុគ្រោះ១០ឆ្នាំទៀត ហើយលទ្ធភាពសងរយៈពេល៤០ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយបងប្អូនខ្មែរ រស់នៅទ្វីបអឺរ៉ុប ប្រមាណជាង១០០០នាក់ នាទីក្រុងប្រ៊ុចសែល នាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «ឥឡូវខ្ញុំនិយាយពីប្រុចសែល ដែលជាទីកន្លែង អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) តើវាដល់ណាហើយ ? ចំណុចដែលខ្ញុំផ្តាំផ្ញើជម្រាបជូនបងប្អូនជនរួមជាតិថា តើពេលនេះបងប្អូនបានបាត់បង់ការងារ បានបាត់បង់ប្រាក់ចំណូលហើយឬនៅ ? គឺអត់ទាន់បានអ្វីទាំងអស់។ ប៉ុន្តែគេយកទៅធ្វើជាសង្គ្រាមចិត្តសាស្ត្រវាយប្រហារ»។
សម្តេចតេជោបញ្ជាក់ទៀតថា «ខ្ញុំសូមជម្រាបថា នៅក្នុងប្រទេសអាស៊ានទាំង១០ អ្នកដែលទទួលភាពអនុគ្រោះអ្វីៗទាំងអស់លើកលែងតែអាវុធ មានតែប្រទេស៣ទេ គឺមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា ក៏ស្ថិតក្នុងស្ថានភាពដូចកម្ពុជា តែមីយ៉ាន់ម៉ា ក៏នៅតែនាំចេញ។...សួរថា ហេតុអីប្រទេសផ្សេងទៀត មិនទទួលបានការប្រព័ន្ធអនុគ្រោះពន្ធ EBA គឺដោយសារតែការកើនឡើងនៃរបស់ប្រទេស៧នោះ អីចឹងកម្ពុជាយើងមុននិងក្រោយ អាហ្នឹង (EBA) វាគង់នឹងបាត់ទេ។ សូម្បីអត្រាការប្រាក់អនុគ្រោះ តែដល់ម៉ោងបាត់វាបាត់ហើយ នៅពេលយើងលើកសេដ្ឋកិច្ចរបស់យើងដល់កម្រិតមួយ ទៅខ្ចីលុយគេ គេមិនឲ្យខ្ចីក្នុងអត្រាការប្រាក់ទាបនោះទេ គឺត្រូវខ្ចីតាមអត្រាការប្រាក់ពាណិជ្ជកម្ម ប៉ុន្តែខ្ញុំបានធ្វើការមុនមួយជំហាន ជាមួយជប៉ុន ជាមួយកូរ៉េខាងត្បូង ជាមួយចិន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ីថា នៅពេលដែលសេដ្ឋកិច្ចរបស់ខ្ញុំកើនឡើង សូមមេត្តាឲ្យខ្ញុំបានខ្ចីប្រាក់ដែលមានអត្រាការប្រាក់សម្បទាន»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងផងដែរថា កម្ពុជានៅមានលទ្ធភាពខ្ពស់ ក្នុងការខ្ចីថវិកាពីបរទេស ប៉ុន្តែកម្ពុជាកំណត់អត្រាកម្ចីបរទេសត្រឹម២៣ភាគរយប៉ុណ្ណោះ ធៀបជាមួយចំណូលសេដ្ឋកិច្ចជាតិ។ ពោលកម្ពុជាមានលទ្ធភាព ក្នុងការដោះស្រាយបញ្ហារបស់ខ្លួន លើបញ្ហាផ្សេងៗជាច្រើន មិនមែនសុទ្ធតែពឹងលើបំណុលបរទេសនោះទេ។
សម្តេចតេជោប្រមុខរាជរដ្ឋភិបាលបានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៨នេះ សេដ្ឋកិច្ចរបស់កម្ពុជារំពឹងថា នឹងមានកំណើន៧.២ភាគរយ ហើយកំណើននេះត្រូវបានស្ថាប័នអន្តរជាតិ ផ្តល់ចំណាត់ថាជាប្រទេសចំណាត់ថ្នាក់ទី១ មានសេដ្ឋកិច្ចខ្លាំងជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈប្រទេសវៀតណាមឈរកម្រិតទី២៕