(ប៊ែលហ្សិក)៖ បើគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោត នៅអាណត្តិក្រោយនេះ សម្តេចតេជោ ហ៊ុន សែន នឹងស្នើធ្វើជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធវិញម្តង បន្ទាប់ពីកម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរជាតិសំខាន់ៗចំនួន២ នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី០៦នេះ។
កម្ពុជានឹងធ្វើជាប្រធានកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ ជាមួយគ្នានេះកម្ពុជា ក៏នឹងធ្វើជាប្រធានអាស៊ានជាលើកទី៣ នៅឆ្នាំ២០២២ ខាងមុខនេះផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅទ្វីបអឺរ៉ុបប្រមាណជិត១០០០នាក់ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីបំណងចង់ធ្វើចលនាមិនចូលបក្សសម្ព័ន្ធអន្តរជាតិ។ សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អាណត្តិនេះ ខ្ញុំធ្វើជាប្រធានកិច្ចប្រជុំអាស៊ី-អឺរ់ុប នៅអាណត្តិក្រោយខ្ញុំអាចនឹងឈានទៅធ្វើជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធនៅកម្ពុជា ព្រោះខ្ញុំបានប្រកាសហើយថា ខ្ញុំនឹងធ្វើជានាយករដ្ឋមន្រ្តី១០ឆ្នាំទៀតយ៉ាងតិច»។
សម្តេចបានបន្តថា៖ «ក្នុងរង្វង់៥ឆ្នាំនេះ កម្ពុជាធ្វើប្រធានអាស៊ី-អឺរ់ុបឆ្នាំ២០២០ ធ្វើប្រធានអាស៊ានលើកទី៣ នៅឆ្នាំ២០២២, ឆ្នាំ២០២៣បោះឆ្នោត ខ្ញុំសង្ឃឹមថានឹងឈ្នះទៀត ហើយពេលនោះខ្ញុំនឹងសុំធ្វើជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធវិញម្តង»។
ចលនាមិនចូលបក្សសម្ព័ន្ធ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ដោយក្រុមប្រទេសដែលមានគោលនយោបាយមិនចូលបក្សសម្ព័ន្ធ ឯករាជ្យ និងអព្យាក្រឹត នៅចំពេលដែលលោកខាងលិច និងលោកខាងកើតកំពុងប្រជែងគ្នាលើសង្រ្គាមត្រជាក់ ក្រោយបញ្ចប់សង្គ្រាមលោកលើកទីពីរ។
បើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល គឺកម្ពុជាបានចូលរួមជាសមាជិក ចលនាមិនចូលបក្សសម្ព័ន្ធ ដូចទៅនឹងប្រទេសផ្សេងៗទៀតដែរ ដែលគោលបំណងនៃការចូលជាសមាជិកនេះ ដើម្បីរក្សាសុវត្ថិភាពប្រទេស កុំឱ្យស្ថិតនៅក្រោមឥទ្ធិពល ភូមិសាស្ត្រនយោបាយប្រទេសណាមួយ៕