(ពោធិ៍សាត់​)៖​ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនធំ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង បន្ទាប់ពីមានករណីឆ្លងចរន្ត​អគ្គិ​ស​នី​ផ្ទាំង​សូ​ឡា​ បណ្តាល​ឱ្យបែកផ្កាភ្លើង​ឆាបឆេះ​ផ្ទះតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៨​ នៅ​ភូមិ​រវៀង​ ឃុំ​សំរោង​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​។​

លោក​វរសេនីយ៍ឯក​ តាន់​ គា​រិ​ទ្ធ​ អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​ បានឱ្យដឹងថា​ ​ជនរងគ្រោះមានឈ្មោះ​ មាន​ ផា​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ ​(​កសិករ​) ​និង​ប្រពន្ធ​ឈ្មោះ​ ចៅ​ រី​ម​ អាយុ​៤៦​ឆ្នាំ​ (​កសិករ​) ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ហើយផ្ទះដែលបានឆាប់ឆេះនោះ មាន​ទំហំ​៦​ម៉ែត្រ​X ​៨​ម៉ែត្រ​ ថ្ម​ក្រោម​ ឈើ​លើ​ ប្រក់​ក្បឿង​ ក្រាល​ក្តា​ ជញ្ជាំង​ក្តា​)​។

បើ​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ប្តី​ប្រពន្ធ​ បានឱ្យដឹង​ថា​ មុន​ពេល​កើតហេតុ​ពួក​គាត់​ទាំង​ពីរ​នាក់ ​បាន​នៅផ្ទះ​ធម្មតា​ លុះ​មក​ដល់​ម៉ោង​ខាងលើ​ ស្រាប់តែ​មាន​ផ្សែង​ និង​អណ្តាតភ្លើង​ឆាបឆេះ​នៅ​ផ្នែក​ខាងលើ​ដំបូលផ្ទះ​ ​ពេល​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ ក៏​បាន​មក​ជួយ​ដងទឹក​ជះ​ពន្លត់​ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ ក៏​បាន​រាយការណ៍​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ​ជួយ​ធ្វើ​អន្តរាគមន៍​ដើម្បី​ពន្លត់អគ្គីភ័យ​ ​ដែល​កំពុង​ឆេះ​ផ្ទះ​នេះ​។​

​​លោក​វរសេនីយ៍ឯក​ តាន់​ គា​រិ​ទ្ធ​ ​បានបន្ថែមថា ពេល​បាន​ទទួល​ព័ត៌មាន​រួច​ ភ្លាម​នោះ​លោក​អធិការ​ ក៏​បាន​ដឹកនាំ​បញ្ជា​កម្លាំង​អធិការដ្ឋាន​,​ កម្លាំង​ប៉ុស្តិ៍​ និង​យក​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​អធិការដ្ឋាន​ ០១​គ្រឿង​ ប្រើទឹក២ឡាន​ និង​រថយន្ត​ដឹក​ទឹក​ឯកជន​ចំនួន​០៥​ឡាន​ ទើប​រលត់​ភ្លើង​ជា​ស្ថាពរ​។

​លោក​អធិការ​បាន​ឱ្យដឹងទៀតថា​ ការ​ខូចខាត​ដោយសារ​អគ្គី​ភ័យ​ឆេះ​ផ្ទះ​នេះ​មាន​៖​ ផ្ទះ​១​ខ្នង​ ,​ឆេះ​ទូ​ឈើ១,​ ឆេះ​គ្រែ​ឈើ​៤,​ ឆេះ​ឯកសារ​ និង​សម្ភារៈ​ផ្សេងៗ​មួយ​ចំនួន​ទៀត​។​ មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​អគ្គី​ភ័យ​ឆេះ​ផ្ទះ​នេះ​ គឺ​កើតឡើង​ដោយសារ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ (​ផ្ទាំង​សូ​ឡា​)៕