(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លើកិច្ចការមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្ម នៃកងយោធពលខេមរៈភូមិន្ទ បានសំដែងនូវក្តីមោទនភាពខ្ពស់ ចំពោះអង្គភាពស៉ីម៉ាក់ (CMAC) ដែលបានប្តេជ្ញាចិត្តធ្វើការបោសសំអាតមីនអោយអស់ នៅឆ្នាំ២០២៥ ស្របតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក បានអោយដឹងបែបនេះក្នុងឱកាស ដែលនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី អមដំណើរដោយលោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ និងមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយកងកម្លាំងស៉ីម៉ាក់ និងដើម្បីស្វែងយល់អំពីការងារមួយចំនួន ដែលពាក់ព័ន្ធដល់សកម្មភាពបោសសំអាតមីន នៅកងឯកភាពសកម្មភាពកំចាត់មីនកម្ពុជាទី២ ខេត្តបាត់ដំង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ។

នៅក្នុងឱកាសនោះនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងស៉ីម៉ាក់ ដែលសម្រេចបាននូវបេសកកម្មដ៍លំបាក ដើម្បីបំម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី បានធ្វើការជម្រុញអោយស្ថាបន័ស៉ីម៉ាក់ ត្រូវបន្តបេសកកម្មមួយនេះ អោយកាន់តែល្អប្រសើរ ទន្ទឹមនឹងការដោះមីន ក៍ត្រូវមានការអភិវឌ្ឍន៍កសាង នៅតាមជនបទមានដោយសាលារៀន ផ្លូវថ្នល់ អណ្តូងទឹក ជូនប្រជាពលរដ្ឋផងដែរ។ លោក មាស សុភា ក៍បានធ្វើការអះអាងថា៖ «កម្លាំងស៉ីម៉ាក់ និងមិនត្រូវបានរំសាយនោះទេ ទោះក្រោយបញ្ចប់បេសកកម្មរបស់ខ្លួន នៅឆ្នាំ២០២៥ ក្តី ស៉ីម៉ាក់អាចនឹងរៀបចំបង្កើតអោយមានជាវិទ្យាស្ថានដោះមីនកម្រិតជាតិមួយ នាពេលអនាគត ដើម្បីផ្ទេរចំណេះដឹងទាំងនោះទៅអ្នកជំនាន់ក្រោយ»

ដោយឡែកលោក ព្រីង បញ្ញារិទ្ធិ ប្រធានកងឯកភាពកំចាត់មីនទី២ ក៍បានលើកបញ្ជាក់ក្នុងរបាយការណ៍ថា៖ «ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគព៌ាយព្យ នៃប្រទេសកម្ពុជា មានផ្ទៃដីសរុប១១,៧០២គីឡូម៉ែត្រការ៉េ ចែកចេញជា១៣ស្រុក និងក្រុង១ និងមាន១២០ឃុំ និង៧០២ភូមិ មានប្រជាជនរស់នៅចំនួន១,៣០៦,៥២៣នាក់។ ដីមានបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន៥២៤គីឡូម៉ែត្រការ៉េ មានអង្គភាពប្រតិបត្តិការចំនួន៣ គឺ CMAC MAG និងHALO TRUST»

កងភាពនេះមានភារកិច្ចទទួលខុសត្រូវបោសសំអាតមីន​ លើផ្ទៃដីខេត្តចំនួន២ មានខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង មានកន្លងសរុប៥២៧នាក់ ក្នុងមានស្ត្រីចំនួន៤០នាក់។ កម្លាំងទាំងនេះត្រូវបានបែងចែកជាមន្ត្រី សម្របសម្រួលប្រចាំខេត្តមន្ត្រីសម្របសម្រួលប្រចាំស្រុក កងអនុសេនាធំចល័តចំនួន៦កង ក្រុមបោសសំអាតមីន ដោយគ្រឿងចក្រចំនួន៨ក្រុម ក្រុមគ្រឿងចក្រកាត់គម្ពោធព្រៃចំនួន៣ក្រុម ក្រុមសុនខ ហិតមីនចំនួន៥ក្រុម ក្រុមអប់រំផ្សព្វផ្សាយ ក្រុមបច្ចេកទេសកម្ទេចគ្រាប់២ក្រុម ក្រុមស្រាវជ្រាវ និងបោសសំអាតមីនចំនួន១២ក្រុម ។

លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានមានអោយដឹងថា៖ «គិតចាប់បើកប្រតិបត្តិការជាង២០ឆ្នាំកន្លងមកនេះ ស៉ីម៉ាក់បានធ្វើការកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ រហូតដល់២,៧លានគ្រាប់ ពោលគឺប្រមាណ៧០% នៃគ្រាប់មីនដែលបានបន្សល់ទុក និង៥៣% នៃចំនួនផ្ទៃដីសរុបដែលមានគ្រាប់មីន»។ លោកបន្តទៀតថា៖ «សម្រាប់ប្រតិបត្តិការរយៈពេល៩ខែមកនេះ ស៉ីម៉ាក់រំដោះផ្ទៃដីបានជាង៦០គីឡូម៉ែត្រក្រឡា ក្នុងផែនការ១២០គីឡូម៉ែត្រក្រឡា និងបានរកឃើញគ្រាប់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះបានជាង៣មីនគ្រាប់»

លោកអគ្គនាយកស៉ីម៉ាក់បានអោយដឹងទៀតថា៖ «គ្រាប់បែកដែលបន្សល់ទុកពីរសង្រ្គាមមាន៤ប្រភេទ ដែលនៅតែបង្កហានិភ័យ ដលលអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងនោះមានគ្រាប់បែក និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះដូចជា៖ គ្រាប់បែកចង្កោម គ្រាប់បែកគីមី និងគ្រាប់មីនប្រឆាំងមនុស្សជាដើម។ លោកបន្តថាបច្ចុប្បន្នស៉ីម៉ាក់មានមធ្យោបាយ និងជំនាញសំខាន់ៗចំនួន៥ ក្នុងនោះការដោះមីន រួមមានការប្រើប្រាស់កម្លាំងមនុស្ស គ្រឿងចក្រ សុនខ កណ្តុរ និងដោះមីន នៅក្រោមទឹកភ្លៀងផងដែរ»

ប៉ុន្តែជំនាញនៃការដោះមីនក្រោមទឹក បច្ចុប្បន្នស៉ីម៉ាក់នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ទាំងធនធានមនុស្ស និងថវិកា ដើម្បីធ្វើការដោះនោះទេ ព្រោះត្រូវការថវិកាច្រើន។ ប៉ុន្តែទៅជាយ៉ាងណាអង្គភាពស៉ីម៉ាក់ បានធ្វើការប្តេជ្ញាចិត្តនិងធ្វើការបោសសំអាតមីន អោយអស់នៅឆ្នាំ២០២៥ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល៕