(ពោធិ៍សាត់)៖ ក្រោយពីទទួលបានការផ្សព្វផ្សាយទូលំទូលាយពាក់ព័ន្ធផ្លូវច្បាប់ និងគោលនយោបាយភូមិ-ឃុំសុវត្ថិភាពរួចមក នៅព្រឹកថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋនៅស្រុកវាលវែង បានយកអាវុធចំនួន២ដើម​ (កាំភ្លើងស្នប់)​ ដែលគាត់បានប្រទះឃើញនៅក្នុងព្រៃចំការ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីយកមកប្រគល់ឱ្យសមត្ថកិច្ចតកទៅរក្សាទុក។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឱ្យដឹងថា ពលរដ្ឋដែលបានយកអាវុធចំនួន២ដើម​ (កាំភ្លើងស្នប់)​ គ្មានគ្រាប់ មកប្រគល់ឱ្យសមត្ថកិច្ចដោយខ្លួនឯងនោះមានឈ្មោះ ម៉ម ណាក់ ភេទប្រុស អាយុ២៦ឆ្នាំ​ និងឈ្មោះ យាន វឿន ភេទប្រុស អាយុ២៩ឆ្នាំ​ រស់នៅចំណុចរំលេច ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់​។

លោកអធិការបានបន្តថា ការដែលប្រជាពលរដ្ឋប្រគល់ឱ្យនេះ ធ្វើឡើងក្រោយពីពួកគាត់បានយល់ច្បាស់ពីច្បាប់ និងចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ សុវត្ថិភាព ព្រោះថា ការរក្សាទុកអាវុធ គឺជាអំពើខុសច្បាប់ ប្រសិនបើសមត្ថកិច្ចរកឃើញ និងត្រូវទទួលទោសតាមផ្លូវច្បាប់៕