(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ហ្វូតសាល «DOWN TOWN SPORT» បានទទួលពាន​រង្វាន់​លេខ១​ ប្រចាំកម្ពុជា នឹងត្រៀមប្រកួតថ្នាក់អន្តរជាតិនៅប្រទេសថៃ នាពេលឆាប់ៗខាងមុខ ដើម្បីបន្តដណ្តើមពានរង្វាន់ថ្នាក់ អន្តរជាតិមួយទៀតជូនជាតិ។ នេះជាការបញ្ជាក់របស់លោក ហេង ឡាលីន ក្នុងនាមជាម្ចាស់ភាគហ៊ុនធំប្រចាំក្លឹបមួយនេះ។

ក្នុងនាមជាម្ចាស់ភាគហ៊ុនធំក្លឹបដោនថោនស្ពត លោក​ ហេង ឡាលីន តែងតែចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពកីឡា ជាពិសេសបានដឹកនាំក្រុមដោនថោនស្ព័ត រហូតទទួលបានពានរង្វាន់ ចំណាត់ថ្នាក់លេខ១ ដែលទទួលបានសិទ្ធិតំណាងប្រទេសកម្ពុជា ក្នុងការចូលប្រកួតហ្វូតសាលលក្ខណៈអន្តរជាតិថែមទៀត។ ជាងនេះទៅទៀត គាត់ជាថ្នាកដឹកនាំគំរូដែលតែងតែចូលរួមចំណែក ក្នុងកម្មវិធីមនុស្សធម៌ក្នុងសង្គមផ្សេងៗ ជាពិសេសរាល់ទុក្ខលំបាករបស់បងប្អូនកីឡាករ តែងតែមានគាត់បានផ្តល់ទាំងកម្លាំងចិត្ត និងថវិកា។

លោក​ ហេង​ ឡាលីន​ បានបញ្ជាក់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះថា ពានរង្វាន់លេខ១ ដែលក្រុមកីឡាករក្លឹបដោនថោនស្ព័តទទួលបាននោះគឺ​ពានរង្វាន់ Clear National Fusal​ League 2018 ដែលបានធ្វើការប្រកួត final game​ កាលពីថ្ងៃទី​១៨​ ខែ​សីហា​ ឆ្នាំ២០១៨​កន្លងមកនេះ។

លោកបន្តថា ការប្រកួតលើកទី១ ដែលមាន១៨​ប្រកួត​ជាលក្ខណៈ League បានទទួលចំណាត់​ថ្នាក់លេខ១រហូត ក្រុម៤ ឡើងខ្វែងយកពាន ដោយលេខ១ ប៉ះលេខ៤ និងលេខ២​ ប៉ះលេខ៣ប្រកួតចុងក្រោយជាមួយក្រុមកីឡាករ «សសយក កំចាយមារ» ឈ្នះដោយលទ្ធផលបច្ចេកទេស៥-៣​។

សម្រាប់ប្រាក់រង្វាន់ដែលទទួលបាន៣០​លានរៀល សម្រាប់ពានរង្វាន់លេខ១, លេខ២ទទួលបាន១៥លាន និងលេខ៣ទទួលបាន១០លាន​។ លោកក៏បានបញ្ជាក់ថា កីឡាករ៥រូបរបស់ក្លឹបដោនថោនស្ពត នឹងចូលរួមជាមួយកីឡាករក្លឹបផ្សេងទៀត ដើម្បីប្រកួតហ្វូតសាលលក្ខណៈអន្តរជាតិ នៅប្រទេសថៃនាខែក្រោយនេះ​៕