(រតនគរី)៖ ក្នុងគោលបំណងធានានូវសុខុមាលភាព ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ លោក ស៊ាន ស៉ីម៉េត អនុប្រធានសាខាកាំកុងត្រូលខេត្តរតនគិរី បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បន្តចុះផ្សព្វផ្សាយអំពីគុណភាពសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យទៅលើម្ហូបអាហារ នៅផ្សារបរកែវ និងផ្សារអូយ៉ាដាវ ក្នុងស្រុកបរកែវ។

មន្រ្តីកាំកុងត្រូលសាខាខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញនេះ បានរកឃើញទំនិញខូចគុណភាព ចំនួន៨មុខ រួមមាន៖ ស្ករគ្រាប់ Thanh Truck ចំនួន៣៥កញ្ចប់, ទឹកដោះគោ AD ចំនួន១១ដប, ទឹកក្រូច Good 9​ ចំនួន៤៨ដប, មីម៉ាម៉ាចំនួន១៣កំប៉ុង, ចាហួយ Long Hai ចំនួន៩កំប៉ុង, ទឹកដោះគោឆៅចំនួន៩៦កំប៉ុង, Green Mete ចំនួន១៩កំប៉ុង និងទឹកផ្លែឈើ ហ័រស្តារចំនួន១៩កញ្ចប់។ ក្រុមការងារបានធ្វើកំណត់ហេតុ និងដកហូតទុកដុតកម្ទេចចោលភ្លាមៗ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ នៅផ្សារបរកែវ និងផ្សារអូយ៉ាដាវ ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។

លោក ស៊ាន ស៉ីម៉េត បានណែនាំដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ចៀសការឆ្លងបាត់តេរីផ្សេងៗ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារ និងតាមផ្ទះ ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះកាលបរិច្ឆេទទំនិញ និងហាមដាក់តាំងលក់ទំនិញណា ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕