(ឧត្ដរមានជ័យ)៖ តំណាងអយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យ បានចេញលិខិតជូនដំណឹងមួយ ដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តាមរយៈរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ស្ដីពីការចោទប្រកាន់ អភិបាលស្រុកអន្លង់វែង លោក ហោ ជិនវីរៈយុទ្ធ ពីបទ «ប៉ះពាល់កម្មសិទ្ធិឯកជន»។ នេះបើយោងតាមលិខិតរបស់លោក គង់ រតនា​ តំណាងអយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ។

នៅក្នុងលិខិតរបស់ខ្លួន លោក គង់ រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានសូមជម្រាបជូនសម្ដេចក្រឡាហោម មេត្ដាជ្រាបថា ឈ្មោះ ហោ ជិនវីរៈយុទ្ធ ភេទប្រុស មានមុខងារជា អភិបាលស្រុកអន្លង់វែង ត្រូវបានផ្ដើមចោទប្រកាន់ពីបទ ប៉ះពាល់កម្មសិទ្ធិឯកជន ប្រព្រឹត្តិទៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨​។ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៤៨ និងមាត្រា២៥៣ នៃច្បាប់ភូមិបាល»

ជុំវិញលិខិតជូនដំណឹងរបស់តំណាងអយ្យការខាងលើនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យ លោក កូយ កាន់យ៉ា នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា អភិបាលស្រុកអន្លង់វែង ពិតជាត្រូវរងការចោទប្រកាន់ពីបទ «ប៉ះពាល់កម្មសិទ្ធិឯក» ប្រាកដមែន ហើយតំណាងអយ្យការត្រូវតែធ្វើលិខិតជូនទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពីព្រោះជាក្រសួងសាមីរបស់បុគ្គលរូបនេះ។

យ៉ាងណាក៏ដោយ ព្រះរាជអាជ្ញារងរូបនេះ បានអះអាងថា សំណុំរឿងរបស់អភិបាលស្រុកអន្លង់វែង ត្រូវបានបញ្ជូនទៅដៃចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ចាត់ការបន្ដទៀត។

ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ លោក អ៊ាក ផល្លា បានបញ្ជាក់ផងដែរថា សំណុំរឿងរបស់អភិបាលស្រុកអន្លង់វែង លោកបានទទួលរួចហើយ ប៉ុន្ដែមិនទាន់បានចាត់បញ្ជូនឲ្យចៅក្រមណាម្នាក់ ធ្វើការស៊ើបសួរបន្ដទៀតនោះទេ។

តាមព័ត៌មានមួយចំនួនដែលភា្នក់ងារព័ត៌មាន Fresh News ទទួលបាន អភិបាលស្រុកអន្លង់វែង ត្រូវបានលោក សេង ស៊ន់ អតីតម្ចាស់ផ្សារអន្លង់វែង ប្ដឹងចោទប្រកាន់ពីការរំលោភដីរបស់លោក រហូតដល់ទាមទារជំងឺចិត្ត៥០ម៉ឺនដុល្លារ។

លោក សេង ស៊ន់ បានអះអាងថា ដីទំហំ៨ម៉ឺនម៉ែត្រការ៉េ ដែលលោកបានកាន់កាប់រយៈពេល១៤ឆ្នាំមកហើយនោះ ដោយធ្វើផ្សារទំហំ១​២,០០០ម៉ែត្រការ៉េ តាំងពីឆ្នាំ២០០៤ ប៉ុន្ដែបានប្រគល់ឲ្យរដ្ឋ វិញក្រោមហេតុផល មិនគោរពកិច្ចសន្យាដែលបានធ្វើ។ ប៉ុន្ដែអតីតប្រធានផ្សាររូបនេះ បានចោទប្រកាន់អភិបាលស្រុកអន្លង់វែង រួមជាមួយមន្ដ្រីសុរិយាដី ពីថ្នាក់ស្រុករហូតដល់ខេត្ត រំលោភយកដីជុំវិញផ្សារជាង៦ម៉ឺនម៉ែត្រការ៉េរបស់លោក​ទាំងបំពាន បើទោះបីលោកបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការខេត្ត ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណងក៏ដោយនោះ។

យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃនេះ បណ្ដាញព័ត៌មាន Fresh News មិនអាចសុំការបកស្រាយពីអភិបាលស្រុកអន្លង់វែង លោក ហោ ជិនវិរៈយុទ្ធ បាននោះទេ ប៉ុន្ដែតាមព័ត៌មានក្នុងស្រុកខ្លះ បានដកស្រងសម្ដីរបស់លោកមកចុះផ្សាយថា គ្មានការចោទប្រកាន់មកលើលោកជាក់ស្ដែងនោះឡើយ ពោលគ្រាន់តែជានីតិវិធីបង្គ្រប់កិច្ចតែប៉ុណ្ណោះ។

*មាត្រា២៤៨ នៃច្បាប់ភូមិបាល ដែលត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ទៅលើអភិបាលស្រុកអន្លង់វែងនោះ បានចែងថា ត្រូវទុកជាការប៉ះពាល់កម្មសិទ្ធិ និងសិទ្ធិស្របច្បាប់ផ្សេងៗទៀត លើអចលនវត្ថុជាបទល្មើសព្រហ្មទណ្ឌ ក្នុងន័យនៃច្បាប់នេះមាន៖​
*រាល់អំពើប្រព្រឹត្តជាក់ស្តែង រំលោភកាន់កាប់អចលនវត្ថុដោយចេតនា ដោយមិនទទួលស្គាល់បណ្ណចេញដោយរដ្ឋបាលសុរិយោដី។
*រាល់អំពើប្រព្រឹត្តដោយជាក់ស្តែង រារាំងអ្នកកាន់កាប់ដោយសន្តិភាព ឬភោគីនៃទ្រព្យមួយ នៅក្នុងតំបន់មិនទាន់មានប្លង់សុរិយោដី ដែលរបបកម្មសិទ្ធិមិនទាន់បានពង្រឹងជាស្ថាពរ តាមបញ្ញត្តិនៃច្បាប់នេះ។
*រាល់ការចូលកាន់កាប់មិនត្រឹមត្រូវតាមច្បាប់ ឬមិនប្រក្រតីលើអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋឬទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមិនស្របតាមមាត្រា១៧ មាត្រា១៨​ និងមាត្រា១៩ នៃច្បាប់នេះ។
*រាល់ការបំប្លែងពីសម្បទានមកជាកម្មសិទ្ធិ លើកលែងសម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម។

*មាត្រា២៥៣ នៃច្បាប់ភូមិបាល បានចែងថា ជនណាដែលប្រព្រឹត្តអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ទោះជាមិនទាន់ធ្វើបណ្ណ ឬកំពុងមានទំនាស់ក៏ដោយ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០រៀល ដល់ ២៥.០០០.០០០រៀល ឬ/និងដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ ដោយពុំទាន់គិតបញ្ចូលនូវទោសប្រព្រឹត្តអំពើហិង្សាប្រឆាំងមនុស្ស។

បន្ថែមលើទោសខាងលើ អ្នកប្រព្រឹត្តហិង្សាត្រូវទទួលខុសត្រូវចំពោះសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ ដែលបណ្តាលមកពីអំពើហិង្សារបស់ខ្លួន។
បើអំពើហិង្សាខាងលើ ត្រូវបានបញ្ជាពីជនដទៃទៀតក្រៅពីអ្នកបង្ក ហើយជននោះ មិនបានចូលរួមផ្ទាល់ក្តី អ្នកបញ្ជាន ក៏ត្រូវទទួលការផ្តន្ទាទោសដូចអ្នកប្រព្រឹត្តអំពើហិង្សាផ្ទាល់ដែរ។

សូមបញ្ជាក់ថា នៅរយៈពេលថ្មីៗនេះ អភិបាលស្រុកអន្លង់វែង ជាមួយមន្ដ្រីរបស់ខ្លួនបានឃុបឃិតជាមួយឈ្នួញមានលុយ រំលោភយកដីព្រៃសហគមន៍ជាង២០ហិចតា ទៅបម្រើប្រយោជន៍បុគ្គល ក្រោមលេសយកទៅបង្កើតរដ្ឋបាលឃុំថ្មី តែបញ្ហានេះត្រូវបានលោក ស ថាវី អភិបាលខេត្ត អះអាងថា ចាត់ឲ្យមន្ដ្រីជំនាញចុះទៅស្រាវជ្រាវជាក់ស្ដែង៕​