(ពោធិ៍សាត់)​៖​​ ក្នុងរយៈពេល​ ៣ថ្ងៃ​ គឺនៅថ្ងៃទី​ ២១-២២ និង២៣​ ខែតុលា​ ឆ្នាំ២០១៨ នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះរាំងស្ងួត​ និងគ្រោះទឹកជំនន់ហើយដែលប្រឈមទៅនឹងជំងឺគ្រុនចាញ់-គ្រុនឈាម​ សរុបចំនួន​ ១,៨៧២គ្រួសារ​ រស់នៅក្នុងស្រុកបាកាន​ ស្រុកក្រវាញ​ និងស្រុកវាលវែង​ ខេត្តពោធិ៍សាត់​។

ពិធីប្រគល់អំណោយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ រៀបចំឡើង នៅវិទ្យាល័យបាកាន ស្រុកបាកាន​ មានប្រជាពលរដ្ឋរងគ្រោះ​ដោយគ្រោះរាំងស្ងួតចំនួន ៤៧១គ្រួសារ​ ។

សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ រៀបចំនៅ​វិទ្យាល័យ​ ហ៊ុនសែន​ បាក់ចិញ្ចៀន​ ស្រុកក្រវាញ​ មានប្រជាពលរដ្ឋរងគ្រោះ​ដោយគ្រោះរាំងស្ងួតចំនួន ៤៧១គ្រួសារ​​ ។

ដោយឡែកសម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ រៀបចំនៅវិទ្យាល័យ​ប្រមោយ​ ស្រុកវាលវែង​ មានប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ហើយដែលត្រូវប្រឈមនឹងជំងឺគ្រុនចាញ់-គ្រុនឈាម​សរុបចំនួន​ ៩៣០គ្រួសារ​ ។

នៅក្នុងកម្មវិធីចែកអំណោយមនុស្សធម៌ទាំងបីថ្ងៃខាងលើនេះ លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ បានពាំនាំនូវប្រសាសន៍ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ​ ក្ដីនឹករលឹក និងការថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ និងអាជ្ញាធរខេត្ត​ ដែលតែងតែចុះដោះស្រាយជួយដល់ប្រជាពលរដ្ឋជួបការលំបាកបានទាន់ពេលវេលា ។

ជាមួយគ្នានេះ​ លោកស្រី​ អគ្គលេខាធិការរងទី ១ បានពាំនាំនូវសារអំពាវនាវរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារផ្តោតលើ​សារៈសំខាន់នៃការថែទាំសុខភាព​របស់បងប្អូនប្រជាពលរដ្ឋ​ ស្ត្រីមានផ្ទៃពោះ​ និងការឆ្លងជំងឺគ្រុនចាញ់-គ្រុនឈាម​ និងជំងឺនានា​ ការកសាងភាពធន់ក្នុងសហគមន៍​ ដើម្បីភូមិឃុំមានសុវត្ថិភាព​ គ្មានគ្រឿងញៀន​ គ្មានអំពើចោរកម្ម​ គ្មានអំពើហិង្សា ការប្រុងប្រយ័ត្នពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ​ និងការគិតគូរពីសុវត្ថិភាពចរាចរណ៍ជាដើម។ ល។

ទន្ទឹមនឹងនេះ​ សូមប្រជាពលរដ្ឋទាំងអស់ រស់នៅដោយភាពសុខដុមរមនាជាមួយគ្នាទាំងអ្នក ចំណាកស្រុកនិងអ្នកចំណូលស្រុក ហើយនៅពេលដែលអាកាសធាតុល្អប្រសើរឡើង​វិញ សូមបន្តការបង្កបង្កើនផល​ប្រកបរបរចិញ្ចឹមជីវិតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ​ឲ្យរុងរឿង និងរួមចំណែកពន្លឿនកំណើនសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត​ ម៉ៅ​ ធនិន​ ប្រធានកិត្តិយសសាខាកក្រកខេត្តពោធិ៍សាត់ តំណាងឱ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ​ និងផ្សារភ្ជាប់ជានិច្ចជាមួយសុខទុក្ខ​របស់ប្រជាពលរដ្ឋ ព្រមទាំងសូមជូនពរដល់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ មានសុខភាពល្អ​ រឹងមាំ​ អាយុយឺនយូរ​ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យរក្សាបានសុខសន្តិភាព​ ស្ថិរភាព​ និងការអភិវឌ្ឍប្រកបដោយចីរភាព។

អំណោយដែលបានចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ ភួយ១​ សារុង​ ១​ ក្រមា១​ និងអាវយឺត​ ១​ ។​

ដោយឡែក​ ចំពោះប្រជាពលរដ្ឋចំនួន​ ៩៣០គ្រួសារ​ នៅស្រុកវាលវែង​ ដែលទទួលរងគ្រោះថ្នាក់ដោយសារមីន​ និងរងគ្រោះដោយទឹកជំនន់ដែលប្រឈមនឹងជំងឺគ្រុនចាញ់-គ្រុនឈាម​ ទទួលបានបន្ថែមនូវ​ មុងសុវត្ថិភាពចំនួន​ ១​ និងថវិកា​ ១០,០០០រៀល​ សម្រាប់ថ្លៃធ្វើដំណើរ៕