(ក្រចេះ)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក រៀបចំកិច្ចប្រជុំអន្ដរក្រសួង​ ស្ដីពីបទពិសោធន៍ និងចំណាត់ការជាក់ស្ដែង ទប់ស្កាត់ការពុលម៉េតាណុល សំដៅលើការកំណត់ដាក់ចេញសកម្មភាពការងារ សម្រាប់ពេលខាងមុខ​ ដើម្បីឆ្លើយតប និងទប់ស្កាត់នូវការផ្ទុះឡើងការពុលស្រា ដែលផលិតមិនមានបច្ចេកទេសត្រឹមត្រូវ។​

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន ​អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល និងមានការចូលរួមពី​តំណាងក្រសួងពាក់ព័ន្ធ មន្ទីរពាក់ព័ន្ធ មន្ត្រីសាលាខេត្ត មេឃុំស្នួល និងមេឃុំកន្ទួត ស្រុកស្នួល ខេត្តក្រចេះ ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារ​លីជឺ ខេត្តក្រចេះ​។

ក្នុងឱកាសនោះ លោក ឈ្នាង ស៊ីវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ក៏បានធ្វើរាបយការណ៍លម្អិត និងបទអន្តរាគមន៍​របស់ លោក Peter Sousa HOEJSKOV តំណាងអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វីកខាងលិច លើមាតិកាទប់ស្កាត់នូវការផ្ទុះឡើងការពុលស្រាស និងពុលចំណីអាហារ ដែលបានបង្ហាញពីជំហរខិតខំប្រឹងប្រែង​ គាំទ្រ និងផ្តល់នូវកិច្ចសហការបន្ថែមទៀត ជាមួយក្រសួងសុខាភិបាល លើបញ្ហាសុវត្ថិភាពចំណីអាហារនេះ និងលើវិស័យសុខភាពសាធារណៈជាទូទៅ។

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន​ បានបើកអង្គប្រជុំអន្តរវិស័យនេះ ដោយបានផ្តល់ជាគំនិតផ្តួចផ្តើមដោយឈរលើទស្សនៈទានមួយឈ្មោះថា «PROPER» ដែលផ្គុំដោយអត្ថន័យ​៦ចំណុចសំខាន់ៗ​ សម្រាប់អង្គប្រជុំយកទៅពិភាក្សាដាក់ចេញនូវទិសដៅសម្រាប់អនុវត្តការងារទប់ស្កាត់ ការពុលចំណីអាហារ​ ជាពិសេសការពុលម៉េតាណុលនេះ រួមមាន៖

*​P (People’s Knowledge, Understanding and Participation) ត្រូវមានការចេះដឹង យល់ដឹង និងមានការចូលរួមពីប្រជាជនក្នុងការទប់ស្កាត់បញ្ហា​
*​R (Reduction of Wine Consuming) កាត់បន្ថយការបរិភោគគ្រឿងស្រវឹង​​
*​O (Orientation of risk Reduction) តម្រង់ទិសទៅរកការកាត់បន្ថយនូវហានិភ័យ គឺត្រូវឲ្យអ្នកប្រើប្រាស់យល់ដឹងពីគ្រោះថ្នាក់ និងផលវិបាក ដែលបណ្តាលពីគ្រឿងស្រវឹង​
*​P (Proper Production) ផលិតកម្ម ខ្សែសង្វាក់ផលិតកម្ម គឺត្រឹមត្រូវតាមបច្ចេកទេស​ គោរពក្បួនច្បាប់អនាម័យ និងសុវត្ថិភាពចំណីអាហារ​
*​E​ (Establishment of Effective Response and Monitoring Mechanism) បង្កើតចេញនូវយន្តការឆ្លើយតប និងត្រួតពិនិត្យប្រកបដោយប្រសិទ្ធិភាព​
*R​ (Related-sectors Actions) ត្រូវមានការចូលរួមសហការ និងទំនាក់ទំនងល្អរវាងផ្នែកពាក់ព័ន្ធទាំងអស់ និងការអនុវត្ត​សកម្មភាពបែបអន្តរវិស័យ។​

ដោយឈរលើទស្សនៈទានគំនិតផ្តួចផ្តើមរបស់លោកស្រី អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុស រហូតសម្រេចបានជាផ្លែផ្កានូវ គម្រោងផែនការសកម្មភាពការងារមួយ សម្រាប់អនុវត្តសាកល្បងក្នុងខេត្តក្រចេះ ដោយចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៨ ដល់ខែតុលា​ ឆ្នាំ២០១៩៕