(ភ្នំពេញ)៖ សេដ្ឋកិច្ច Digital និងឧស្សាហកម្មជំនាន់៤ កំពុងត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំង ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែខ្លាំងឡើងថែមទៀត ជាប្រយោជន៍ដល់ប្រជាជន។

មិនមែនតែរាជរដ្ឋាភិបាលកម្ពុជា តែប៉ុណ្ណោះទេដែលកំពុងយកចិត្តទុក អំពីការជំរុញនឹងសេដ្ឋកិច្ច Digital នេះ សូម្បីតែប្រទេសតំបន់អាស៊ាន ក៏ដូចជានៅលើពិភពលោក កំពុងតែយកចិត្តទុកលើបញ្ហានេះផងដែរ។

បញ្ហាធនធានមនុស្ស សម្រាប់ឆ្លើយតបទៅនឹងយុគសម័យសេដ្ឋកិច្ច Digital គឺបញ្ហាដល់សំខាន់ ដែលកំពុងត្រូវបានគិតគូរ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ថ្មី អាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។

សម្រាប់មន្ដ្រីដែលធ្វើការ ក្នុងវិស័យគមនាគមន៍ និងព័ត៌មានវិទ្យា យល់ឃើញថា ធនធានមនុស្សរបស់ប្រទេសកម្ពុជា បើធៀបទៅនឹងប្រទេសតំបន់អាស៊ាន គឺប្រទេសរបស់យើង មានឧត្ដមភាពខ្លាំងជាង ក្នុងប្រទេសតំបន់អាស៊ាន សម្រាប់ឆ្លើយតបនឹងសេដ្ឋកិច្ច Digital។

មូលហេតុដែលមន្ដ្រី​របស់កម្ពុជា លើកឡើងយ៉ាងដូច្នេះ ដោយសារតែសម្លឹងឃើញ ប្រជាជនរបស់ប្រទេសកម្ពុជាជាង៦០ភាគរយ ជាយុវជន ឬអាចនិយាយបានថា ប្រទេសកម្ពុជា ជាប្រទេសក្មេងជាងគេ ក្នុងតំបន់អាស៊ាន ដែលងាយនឹងចាប់យកបាននូវបច្ចេកវិទ្យា។

លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានបញ្ជាក់ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ដែលផ្សាយរៀងរាល់ថ្ងៃច័ន្ទ វេលាម៉ោង២រសៀល និងម៉ោង៩យប់ថា ដោយឧត្ដមភាពរបស់ប្រជាជនកម្ពុជា មានអាយុក្រោម៣០ឆ្នាំ រហូតដល់ជាង៦០ភាគរយនៃប្រជាជនសរុបនេះហើយ ដែលយើងសម្លឹងពីសក្ដានុពលជាងប្រទេសក្នុងតំបន់។

លោកបានថ្លែងយ៉ាងដូច្នេះថា «ជាចំណុចខ្លាំងរបស់កម្ពុជាយើង គឺកម្ពុជាជាប្រទេសមួយ ក្នុងអាស៊ានដែលមានយុវជនច្រើន ជាប្រទេសដែលក្មេងជាងគេ ជាង៦០ភាគរយនៃប្រជាជនរបស់យើងជាយុវជន ដែលមានអាយុក្រោម៣០ឆ្នាំ ដូច្នេះមានន័យថា ទោះរៀនអ្វីក៏ដោយ ពិសេសរៀនទាក់ទងផ្នែកឌីជីថល យើងនឹងរៀនបានលឿនជាងគេ យើងមានភាពប្រកួតប្រជែងណាស់ ដូច្នេះទាមទារឲ្យយើងតម្រង់ទិសយុវជនយើងឲ្យត្រូវ ទាក់ទាញយុវជនយើងឲ្យរៀនបច្ចេកវិទ្យា វិស្វកម្ម វិទ្យាសាស្ត្រ ឲ្យច្រើនជាងមុន ដើម្បីចាប់យកឲ្យឱកាសឲ្យបានលឿន ហើយបង្កើននូវភាពប្រកួតប្រជែង ក្នុងប្រទេសតំបន់អាស៊ាន ព្រោះមិនមែនធ្វើការតែនៅកម្ពុជានោះទេ»

យ៉ាងណាបើទោះ បីប្រជាជនរបស់យើងមានភាពវ័យក្មេង ក៏ពិតមែនប៉ុន្ដែមន្ដ្រីរូបនេះ បានជំរុញឲ្យមានការតម្រង់ទិសយុវជនឲ្យសិក្សាជំនាញ ដែលកំពុងតែមានតម្រូវការក្នុងយុគសម័យសេដ្ឋកិច្ច Digital ដោយរៀនជំនាញវិស្វកម្មប ច្ចេកទេស វិទ្យាសាស្ដ្រ ព័ត៌មានវិទ្យា ICT ឲ្យបានច្រើន ជាជាងរៀនជំនាញដែលមិនមែនតម្រូវការខ្ពស់ ដើម្បីឲ្យអាចទទួលបានឱកាសល្អ ក្នុងយុគសម័យសេដ្ឋកិច្ច Digital ៕

សូមទស្សនាវីដេអូនៃកិច្ចសម្ភាសន៍រវាង Fresh News និង លោក សេង សុភាព ទាំងស្រុងដើម្បីទទួលបានព័ត៌មានពីសេដ្ឋកិច្ច Digital: