(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក លី ហុងចុង (Li Hongzhong) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាលេខាបក្សកុម្មុយនីស្តចិនក្រុងធានជីន (Tianjin) ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ នៅក្នុងជំនួបនោះ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញអំពីគោលជំហរដ៏ជាក់លាក់របស់ប្រទេសកម្ពុជា ក្នុងការប្រកាន់ភ្ជាប់នូវជំហរឥតងាករេ គាំទ្រនយោបាយរបស់ប្រទេសចិន។
នៅក្នុងជំនួបនេះដែរ លោក លី ហុងចុង បានសម្តែងនូវការអបអរសាទរចំពោះខួប១៤ឆ្នាំ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀត ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីពេលកន្លងទៅនេះ និងបានជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៦ ព្រមទាំងសម្តែងនូវការអបអរសាទរចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា នីតិកាលទី៤។
លោក លី ហុងចុង បានថ្លែងសរសើរសម្តេចប្រធានព្រឹទ្ធសភា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនៃប្រទេសពីរ។ លោកបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពី គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជា នាឱកាសនេះ គឺដើម្បីជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានជំនឿទុកចិត្តគ្នា និងស៊ីជម្រៅ ស្របពេលដែលឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦០ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោក លី ហុងចុង បានរំលឹកអំពី ទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលបានប្រែក្លាយទៅជាទំនាក់ទំនងការទូតគម្រូមួយ និងត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំចិនជំនាន់មុន និងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ កាលពីឆ្នាំ២០១៦ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា និងបានឯកភាពរួមគ្នាជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងបុព្វហេតុទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយតាមរយៈដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នេះ បានជួយជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោក លី ហុងចុង បានបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំប្រវត្តិសាស្រ្តនៃខួប ៦០ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ដូចនេះប្រទេសទាំងពីរ ត្រូវតែបន្តផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់ថ្នាក់ និងបន្តជំរុញគំនិតផ្តួចផ្តើមគោលនយោបាយ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ តភ្ជាប់ជាមួយនឹងគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍជាតិកម្ពុជា ហើយប្រទេសចិនមានគោលបំណងចង់ជួយឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
លោក លី ហុងចុង បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រផលប្រយោជន៍ស្នូល និងយកចិត្តទុកដាក់រាល់ការផ្តួចផ្តើមរបស់ប្រទេសចិន។ ប្រទេសចិនបានចាត់ទុកប្រទេសកម្ពុជា ជាអ្នកជិតខាងល្អ មិត្តពិតប្រាកដ និងជាដៃគូដែល អាចទុកចិត្តបាន។ លោក លី ហុងចុង បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងសង្គមកម្ពុជាប្រកបដោយសុខដុមរមនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ លោក លី ហុងចុង បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពី ស្ថានភាព និងការរីកចម្រើនរបស់ទីក្រុងធានជីន ព្រមទាំងបានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅទីក្រុងធានជីន ក្នុងពេលវេលាសមស្របណាមួយ។
ជាការឆ្លើយតប, សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឯកភាពចំពោះមតិរបស់លោកប្រធានគណៈប្រតិភូ ដែលបានលើកឡើងអំពី ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិន ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៨ ដោយស្នាព្រហស្ថព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សក្សត្រ ព្របរមរតនកោដ្ឋ ជាមួយនឹងលោក ម៉ៅ សេទុង និងលោក ជូ អេនឡាយ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ឥតឈប់ឈររហូតឈានដល់កម្រិតកំពូលនាពេលបច្ចុប្បន្ននេះ គឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។ ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសាធារណរដ្ឋប្រជាមានិតចិនបានឡើយ។ ប្រទេសកម្ពុជា និងប្រទេសចិន គឺជាអ្នកជិតខាងល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាដៃគូល្អ។
ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីអន្តរជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក។ ប្រទេសកម្ពុជាក៏បានទទួលនូវផលប្រយោជន៍ដ៏ធំធេងអំពីគោលនយោបាយ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» កិច្ចសហប្រតិបត្តិការចិន អាស៊ាន អាស៊ាន+៣ តំបន់ពាណិជ្ជកម្មសេរីចិន អាស៊ាន និងកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះលោក លី ហុងចុង ដែលបានលើកឡើងថា ប្រទេសចិន គឺជាបង្អែកដ៏រឹងមាំរបស់ប្រទេសកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ជានិច្ចកាលប្រទេសកម្ពុជាប្រកាន់ភ្ជាប់នូវជំហរឥតងាករេរបស់ខ្លូន គឺគាំទ្រនយោបាយចិនមួយ ហើយប្រទេសកម្ពុជាសូមអបអរសាទរយ៉ាងខ្លាំងក្លាចំពោះបក្សកុម្មុយនីស្តចិន ដែលសម្រេចបាននូវសមិទ្ធផលយ៉ាងយធំធេងក្នុងការអនុវត្តស្មារតីនៃសេចក្តីសម្រេចនៃមហាសន្តិបាតបក្សកុម្មុយនីស្តចិន ដែលមានលោក ស៊ី ជិនភីង ជាមេដឹកនាំស្នូល៕