(ណានជីង, ជាំងស៊ូ, ចិន)៖ អនុប្រធានការិយាល័យកិច្ចការបរទេសនៃខេត្តជាំងស៊ូ លោក Huang Xiqiang បានអះអាងថា អាជ្ញាធរខេត្តជាំងស៊ូនឹងជំរុញអ្នកវិនិយោគនៅក្នុងខេត្តជាំងស៊ូ ទៅបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុឲ្យកាន់តែច្រើន ហើយនឹងប្រែក្លាយឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នៅក្នុងខេត្តមួយនេះទៅជាឧស្សាហកម្មគ្រឿងអេឡិចត្រូនិក នៅពេលខាងមុខ។
លោក Huang Xiqiang បានបង្ហាញការសន្យារបស់ខ្លួនបែបនេះក្នុងទទួលជួបសំណេះសំណាល និងផ្តល់បទសម្ភាសន៍ដល់គណៈប្រតិភូព័ត៌មានកម្ពុជាដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងខេត្តជាំងស៊ូនៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ។
ខេត្តជាំងស៊ូ របស់ចិន និងខេត្តព្រះសីហនុ របស់កម្ពុជា បានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងកិច្ចការអភិវឌ្ឍន៍ផ្សេងទៀត។ នៅចំពោះមុខអ្នកព័ត៌មានកម្ពុជា លោក Huang Xiqiang បានលើកឡើងថា ការចងសម្ព័ន្ធមេត្រីភាពនេះ គឺបង្ហាញឲ្យឃើញពីការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូឲ្យកាន់តែប្រសើរ។
ការចងសម្ព័ន្ធមេត្រី និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរទទួលបានការសរសើរពីប្រធានាធិបតីចិន លោក ហ្ស៊ី ជិនភីង ហើយលោកប្រធានាធិបតី បានចាត់ទុកសម្ព័ន្ធមេត្រីភាពនេះ ជាគំរូមួយថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់របស់លោក Huang Xiqiang។
លោក Huang Xiqiang បានអះអាងយ៉ាងដូច្នេះ «នៅខេត្តព្រះសីហនុ លោកប្រធានាធិបតីចិន បានចាត់ទុកជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ យើងជាអ្នកជិតខាងល្អ មិត្តភក្តិល្អ ជាំងស៊ូជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា»។
បើតាមលោក Huang Xiqiang តាមរយៈកិច្ចសហប្រតិបត្តិការល្អនេះ ទើបចិនបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះសីហនុ ហើយបច្ចុប្បន្នមានរោងចក្រ សហគ្រាសរហូតដល់ទៅ១២៥ កំពុងដំណើរការនៅក្នុងខេត្តព្រះសីហនុ ហើយផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ ២៥,០០០នាក់ ជាមួយទំហំទឹកប្រាក់វិនិយោគប្រមាណ ៥០០លានដុល្លារអាមេរិក។ លោកថា នៅពេលថ្ងៃអនាគតរោងចក្រ សហគ្រាសនឹងទៅតំបន់ខេត្តព្រះសីហនុកាន់តែច្រើន ហើយក៏នឹងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាបានកាន់តែច្រើនថែមទៀតចន្លោះពី ៨ ទៅ១០ម៉ឺននាក់។
មន្រ្តីជាន់ខ្ពស់នៃខេត្តជាំងស៊ូរូបនេះ ក៏បានលើកឡើងផងដែរពីមហិច្ឆតារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចង់ប្រែក្លាយខេត្តព្រះសីហនុទៅខេត្តមានការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យាដូចនៅក្នុងទីក្រុងហ្ស៊ិនចិន នៃខេត្តក្វាងទុងរបស់ចិន។ ដើម្បីសម្រេចមហិច្ឆតារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក Huang Xiqiang បានគូសបញ្ជាក់ថា លោកនឹងលើកទឹកចិត្តអ្នកវិនិយោគ និងសហគ្រាសនានានៅក្នុងខេត្តជាំងស៊ូឲ្យទៅបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុឲ្យបានកាន់តែច្រើនថែមទៀត។
«យើងនឹងពង្រីកកិច្ចសហប្រតិបត្តិការ ជំរុញសហគ្រាសចិនទៅកម្ពុជា បង្កើនផលិតកម្ម។ បច្ចុប្បន្នរោងចក្រសហគ្រាសយើងផលិតតែខោអាវ ទៅថ្ងៃមុខយើងយកចិត្តទុកដាក់លើការផលិតអេឡិចត្រូនិក និងបច្ចេកទេស ដើម្បីសម្រេចជោគជ័យរបស់យើង»។ លោក Huang Xiqiang បញ្ជាក់បន្ថែម។
ខេត្តជាំងស៊ូជាខេត្តមួយដែលមានការរីកចម្រើនជាងគេបង្អស់នៅក្នុងប្រទេសចិន ហើយក៏មានការវិនិយោគទៅក្រៅប្រទេសច្រើនផងដែរ។ បើតាមលោក Huang Xiqiang កាលពីឆ្នាំកន្លងទៅការវិនិយោគរបស់ខេត្តជាំងស៊ូទៅកាន់ប្រទេសកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ១,២៨០លានដុល្លារអាមេរិក ស្មើនឹង ១ភាគរយ នៃការវិនិយោគរបស់ចិនទាំងមូលនៅក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំ២០១៨នេះ មានការកើនឡើងរហូតដល់ទៅ ៣០ភាគរយ។
បើតាមការបញ្ជាក់របស់លោក Huang Xiqiang ដើម្បីធ្វើឲ្យវិនិយោគរបស់ចិនក្នុងខេត្តព្រះសីហនុទទួលបានជោគជ័យនោះ រដ្ឋាភិបាលចិន ជាមួយកម្ពុជាតាមរយៈក្រសួងការងារ បានបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសមួយក្នុងខេត្តព្រះសីហនុ ហើយនឹងដំណើរការបណ្តុះបណ្តាលក្នុងពេលឆាប់ៗខាងមុខនេះ។ បន្ថែមពីលើនេះ ខេត្តជាំងស៊ូ ក៏មានការហោះហើរត្រង់ទៅកាន់ទីក្រុងព្រះសីហនុផងដែរ ដែលជាការបង្កភាពងាយស្រួលមួយសម្រាប់អ្នកវិនិយោគពីខេត្តជាំងស៊ូ ទៅកាន់ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ជាំងស៊ូ គឺជាខេត្តមួយសម្បូរទៅដោយធនធានធម្មជាតិ ស្ថិតនៅតំបន់ឆ្នេរភាគខាងកើតប្រទេសចិន និងផ្សារភ្ជាប់រវាងគំនិតផ្ដួចផ្ដើមនៃខ្សែក្រវាត់ និងផ្លូវ និងតំបន់សេដ្ឋកិច្ចនៃទន្ល Yangtze ជាមួយទីតាំងភូមិសាស្ត្រដ៏ល្អ ហើយសមស្រប ទៅនឹងការដឹកជញ្ជូន។ ខេត្តនេះ មានផ្ទៃដីសរុប ១០៧,២០០គីឡូម៉ែត្រក្រឡា ឬស្មើនឹង ១.១ភាគរយនៃផ្ទៃដីចិនទាំងមូល និងមានប្រជាជនរស់នៅ សរុប ៨០.២៩លាននាក់។ ខេត្តមួយនេះទីក្រុងចំនួន១៣ និង ៩៦ស្រុក។
កាលពីឆ្នាំ២០១៧ ជាំំងស៊ូ មាន GDP ៨.៥៩ទ្រីលានយ័ន។ ធៀបនឹងឆ្នាំ២០១៦ កើនឡើង ៧.២ភាគរយ និង ១០.៣៨ភាគរយនៃ GDP ជាតិ។ ចំណែក GDP សម្រាប់ប្រជាជនម្នាក់គឺ ១០៧,០០០យ័នក្នុងមួយឆ្នាំ ដោយឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមខេត្ត និងតំបន់ទាំងអស់របស់ចិន។
កាលពីឆ្នាំ២០១៧ ទំហំនាំចេញ និងនាំចូលរបស់ខេត្តជាំងស៊ូ បានកើនដល់ ៤ទ្រីលានយ័ន (៥៩១.១ពាន់លានដុល្លារ) ជាមួយកំណើនឆ្នាំ ១៩.១ភាគរយ។ ចំណែកការវិនិយោគពីបរទេស មានរហូតដល់ ២៥ពាន់លានដុល្លារ និង ការវិនិយោគទៅបរទេស ៩.២៧ពាន់លានដុល្លារ៕