(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានព្រមានចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមហ៊ុនសន្ដិសុខណាដែលនៅតែគឃ្លើនលួចបើកអាជីវកម្ម ប្រមូលផ្ដុំកម្លាំងដោយខុសច្បាប់ និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់កំណត់។
នេះបើតាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន តំណាងលោកឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៨ នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ដែលសិក្ខាកាមជិត២០០នាក់ចូលរួម។
លោកឧត្ដមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថានណា ដែលគ្មានច្បាប់អនុញ្ញាតនៅតែបន្ដធ្វើសកម្មភាពជ្រើសរើស ប្រមូលផ្ដុំកម្លាំងដោយខុសច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់ តាមអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជន ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣»។
បើតាមលោកប្រធាននាយកដ្ឋានរូបនេះ ដោយយោងតាមអនុក្រឹត្យខាងលើ នឹងត្រូវផាកពិន័យជាប្រាក់ចំនួន២០លានរៀល ចំពោះក្រុមហ៊ុនសន្ដិសុខឯកជនដែលមិនបានសុំអនុញ្ញាតច្បាប់ពីក្រសួងមហាផ្ទៃ និងពិន័យជាប្រាក់១០លានរៀល ចំពោះសហគ្រាសគ្រឹះស្ថានណា ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន ពុំបានសុំអនុញ្ញាតច្បាប់ពីសាលារាជធានី-ខេត្ត រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។
ទន្ទឹងនឹងការប្រឈមជាមួយទោសទណ្ឌនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនជាសេនាធិការ បានអំពាវនាវដល់គ្រប់បណ្ដាក្រុមហ៊ុន និងសហគ្រាសសន្ដិសុខឯកជនទាំងអស់ មុននឹងដំណើរការដាច់ខាតត្រូវតែសុំគោលការណ៍ និងច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធជាមុនសិន។
លើសពីនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានណែនាំទៅកាន់ក្រុមហ៊ុនសន្ដិសុខឯកជនផ្ដល់សេវាកម្ម និងសហគ្រាសគ្រឹះស្ថាន ត្រូវចាត់បញ្ជូនភ្នាក់ងារសន្ដិសុខឯកជនរបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាល តាមការស្នើសុំរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ស្របតាមអនុក្រឹត្យ ដែលភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែបានទទួលការបណ្ដុះបណ្ដាលពីអគ្គស្នងការដ្ឋាននគរបាលជាតិ៕