(សៀមរាប)៖ សមាគមច្បាប់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA) សហការជាមួយ​គណៈមេធាវីនៃ​កម្ពុជា និងគណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា បានប្រារព្ធធ្វើសន្និសីទលើកទី៣១​របស់ខ្លួន ក្រោមអធីបតីភាពលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្នុងសន្និសីទនេះ ក៏មានការចូលរួមពី លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យកាអមសាលាឧទ្ធរណ៍ តំណាង​ប្រធានតុលាការកំពូល, តំណាងអង្គភាពប្រឆាំង​អំពើពុកលួយ, លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃ​កម្ពុជា, លោក គ្រីស្តូហ្វើ លុង ប្រធានសមាគមច្បាប់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA), លោក ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប និងលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវីនៃ​កម្ពុជា ជាអ្នកសម្របសម្រួលការងារ។

លោក គ្រីស្តូហ្វើ លុង ប្រធានសមាគមច្បាប់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA) បានរាយការណ៍ដោយសង្ខេប ពីសកម្មភាពការងាររបស់សមាគមច្បាប់ សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA) និងបានលើកឡើងថា ការសម្រេចយក​កម្ពុជា​ជាម្ចាស់ផ្ទះ នៃការរៀបចំសន្និសិទលើកទី៣១នេះ ក៏ដោយសារកម្ពុជា មានសុខសន្តិភាព និងសុវត្ថភាពពេញលេញ ជាពិសេស​កម្ពុជាជាគោលដៅ ទាក់ទាញអ្នកវិនិយោគពីគ្រប់មជ្ឈដ្ឋាន។

លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃ​កម្ពុជា និងជាប្រធានសមាគមច្បាប់អាស៊ាន កម្ពុជា បានគូសបញ្ជាក់ថា សន្និសិទលើកទី៣១ របស់សមាគមច្បាប់ សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA) នេះ អាចប្រព្រឹត្តិទៅបាន គឺដោយសារមានការគាំទ្រ​ពីសំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា ហើយជាប្រវត្តិសាស្រ្តហើយដែលកម្ពុជា ត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះនៃសន្និសិទនេះ។

ថ្លែងក្នុងឱកាសនោះ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ បានថ្លែងទៅកាន់អង្គសន្និសីទថា ​កម្ពុជា​កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយ ដែលមានកំណើនសេដ្ឋកិច្ច ជាង​៧% រយៈពេល​៣​ឆ្នាំបន្តបន្ទាប់គ្នា ដែលនេះកើតចេញពីស្ថេរភាពនយោបាយ សុវត្ថិភាពសង្គម និងសន្តិសុខគតិយុត្តិ ដែល​កម្ពុជា​កំពុងមាន។

រាជរដ្ឋាភិបាល​អាណត្តិទី៦ ដែលទើបតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាដ៏ច្រើនលើសលប់ ក្នុងការបោះឆ្នោតជាសាកល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​កន្លងមកនេះ បាន​និងកំពុងខិតខំជំរុញបន្ថែមទៀត នូវក្របខណ្ឌច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច ការវិនិយោគក្នុងប្រទេស ការការពាសិទ្ធិមនុស្ស ការការពារបរិស្ថាន ការពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការដោះស្រាយបញ្ហាដីធ្លី ជាពិសេសពង្រឹងយន្តការពាណិជ្ជកម្ម អន្តរប្រទេស និងការខិតខំធ្វើឲ្យមានសុខដុមនីយកម្មនៃច្បាប់ក្នុងក្របខណ្ឌ​តំបន់ និងសាកលលោក។

សូមបញ្ជាក់ថា សន្និសីទលើកទី៣១ នៃសមាគមច្បាប់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA)​នេះ ប្រព្រឹត្តិទៅរយៈពេល​៤​ថ្ងៃ ​ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨​ នៅសណ្ឋា​គារសូហ្វីតែលអង្គភូគីត្រាអង្គ ខេត្តសៀមរាប ដែលមានអ្នកច្បាប់អន្តរជាតិចូលរួមប្រមាណជាង​៥០០​នាក់។​

សន្និសិទលើកទី៣១​នេះ នឹងលើកយកប្រធានបទមួយចំនួនមកពិភាក្សា ដូចជា បញ្ហាសេដ្ឋកិច្ច ការវិនិយោគក្នុងប្រទេស ការការពាសិទ្ធិមនុស្ស ការកាពារបរិស្ថាន ការពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការដោះស្រាយបញ្ហាដីធ្លី ជាពិសេស ពង្រឹងយន្តការពាណិជ្ជកម្មអន្តរប្រទេស និង​ការខិតខំធ្វើឲ្យមានសុខដុមនីយកម្មនៃច្បាប់ក្នុងក្របខណ្ឌតំបន់ និងសាកលលោក៕