(ភ្នំពេញ)៖ លោក ហ្គីសេប៉េ កុងតេ នាយករដ្ឋមន្ត្រីអ៉ីតាលី បានសម្តែងការអបអរសាទរ និងប្រកាសធ្វើការងារឲ្យកាន់តែប្រសើរថែមទៀតជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងលិខិតអបអរសាទរដែល Fresh News ទទួលបាននៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រីអ៉ីតាលី បានគូសបញ្ជាក់ថា «ខ្ញុំនឹងបន្តធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតនូវទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេស និងប្រជាជនយើងទាំងពីរ ដោយផ្អែកលើគោលការណ៍គោរពសិទ្ធិ មនុស្ស នីតិរដ្ឋ ប្រជាធិបតេយ្យ ពហុភាព រួមទាំងការអភិវឌ្ឍដោយចីរភាពផងដែរ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានតបលិខិតថ្លែងអំណរគុណផងដែរ ចំពោះការសាទររបស់នាយករដ្ឋមន្ត្រីអ៉ីតាលី។ ក្នុងលិខិតថ្លែងអំណរគុណនោះ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់យ៉ាងធំធេងចំពោះមិត្តភាពដ៏ជិតស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសអ៉ីតាលី ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមកមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងមានផលប្រយោជន៍រួមគ្នា។
សម្តេចតេជោ បានថ្លែងសង្កត់ធ្ងន់បែបនេះ «ខ្ញុំជឿជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ នឹងកាន់តែស៊ីជំរៅ និងត្រូវបានពង្រីកបន្ថែមទៀតនៅក្នុងបណ្តាឆ្នាំខាងមុខ ដើម្បីបុព្វហេតុសន្តិភាព និងវិបុលភាពរបស់ប្រជាជនយើងទាំងពីរ»។
សូមបញ្ជាក់ថា សារអបអរសាទររបស់នាយករដ្ឋមន្ត្រីអ៉ីតាលី គឺជាសារថ្មីមួយទៀតក្នុងចំណោមសារគាំទ្រជាច្រើនពីបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប អាស៊ី និងបណ្តាទ្វីបដទៃទៀត៕