(ភ្នំពេញ)៖ ក្នុងជំនួបជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ប្រមាណជាង២ម៉ោង លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានពិភាក្សាលើការងារចំនួន៣សំខាន់ៗ ប៉ុន្ដែមិនបាននិយាយរឿង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិនោះទេ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ផាត សុផានិត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនោះថា កិច្ចការងារសំខាន់ៗ ចំនួន៣ ដែលលោកស្រី រ៉ូណា ស្មីត លើកយកមកពិភាក្សាជាមួយ សម្ដេចក្រឡាហោម ស ខេង រួមមាន ​ទី១៖​ពាក់ព័ន្ធអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​២០១៦ និងអង្គការសង្គមស៊ីវិល​, ទី២៖ពាក់ព័ន្ធបញ្ហាគណនីយភាព និងទី៣៖ពាក់ព័ន្ធរឿងចង្អៀតណែន ក្នុងពន្ធនាគារ។

ថ្លែងក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានប្រាប់លោកស្រី រ៉ូណា ស្មីត ថា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ក៏ដូចជាផ្សារភ្ជាប់ភាពជាដៃគូរ និងការធ្វើការជាមួយគ្នាដើម្បីសង្គម គឺរាជរដ្ឋភិបាល បានបង្កើត​ក្រុមការងារមួយ ដើម្បីធ្វើការដោះសា្រយការងារផ្សេងៗ ដែលជាក្ដីបារម្ភ ឬក៏ជាមតិលើកឡើង របស់សង្គមស៊ីវិល ពាក់ព័ន្ធការអនុវត្តសកម្មភាពរបស់ពួកគាត់ ហើយនៅពេលមានបញ្ហាអ្វីអាចដាក់ជាសំណួរ និងមតិផ្សេងៗ។

លោកស្រី រ៉ូណាស្មីត សម្ដែងនូវការរីករាយចំពោះគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនឲ្យមានការផ្សាភ្ជាប់ភាពជាដៃគូ ជាមួយអង្គការ សង្គមស៊ីវិល និងNGOs តាមរយៈការបង្កើតនូវវេទិកា ក៏ដូចជាចេញសេចក្ដីជូនដំណឹងថ្មី កាលពីខែតុលា ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ និងធ្វើឲ្យសង្គមស៊ីវិល និងអង្គការ NGOs មានទំនុកចិត្តក្នុងការ​អនុវត្តសកម្មភាព​ ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា។

ដោយឡែក ពាក់ព័ន្ធបញ្ហាគណនីយភាព សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ ​បានខិតខំយកចិត្តទុកដាក់ ដើម្បីលុបបំបាត់នូវ​ចំណុចអសកម្មផ្សេងៗ ដែលកម្ពុជាខិតខំបង្កើតឲ្យមានយន្ដការច្រកចេញចូលតែមួយនៅគ្រប់រាជធានី-ខេត្ត ខណៈដែលទិសដៅធ្វើឲ្យបានគ្រប់ស្រុក ដើម្បីផ្ដល់សេវាឲ្យកាន់តែជិតជាមួយប្រជាពលរដ្ឋកាន់តែឆាប់រហ័ស និងមានតម្លាភាព។

​សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា​ ការិយាល័យច្រកចេញចូលតែមួយនេះ ក៏មានកន្លែងទទួលពាក្យបណ្ដឹងប្រជាពលរដ្ឋដើម្បីដោះស្រាយ អ្វីដែលជាចំណុចអសកម្មនៅក្នុងការផ្ដល់សេវា ជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។

ចំណុចនេះលោកស្រី រ៉ូណា ស្មីត ក៏បានសម្ដែងនូវការអបអរសាទរផងដែរ ហើយក៏លើកទឹកចិត្តឲ្យរដ្ឋាភិបាល​ ក៏ដូចជាក្រសួងមហាផ្ទៃ បន្ដខិតខំធ្វើយ៉ាងណា ពង្រឹងបន្ថែម បង្កើតបន្ថែមនូវការិយាល័យច្រកចេញចូលតែមួយនេះ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល និងកាន់តែជិតស្និតជាមួយប្រជាពលរដ្ឋ។

បន្ថែមពីនេះ ​ពាក់ព័ន្ធយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការចង្អៀតណែនក្នុងពន្ធនាគារ ​សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនថា បញ្ហាគ្រឿងញៀនជាបញ្ហាមួយ ដែលជាការប្រឈមមួយរបស់សង្គមកម្ពុជា ព្រោះថាបើសមត្ថកិច្ចមិនបង្ក្រាបគ្រឿងញៀនទេនោះ បញ្ហានេះ នឹ​ងរីករាលដាលនៅក្នុងសង្គម ហើយក៏ជាការទទួលខុសត្រូវមួយដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ត្រូវបានសម្ដេចក្រឡាហោម ស ខេង បន្ថែមថា សមត្ថកិច្ចជៀសមិនផុតនោះទេ អំពីការឃាត់ខ្លូន និងឃុំខ្លួនជនសង្ស័យ ដែលនាំឲ្យជាបញ្ហាក្នុងចង្អៀតណែនក្នុងពន្ធនាគារ។ ប៉ុន្ដែដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ គឺបានខិតខំ និងកំពុងតែសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធក្នុងពន្ធនាគារបន្ថែម នៅតាមខេត្ត ដើម្បីធ្វើយ៉ាងណាជួយរំលែកទុក ពន្ធនាគារនៅភ្នំពេញ ក៏ដូចជានៅពន្ធនាគារណាដែលមានភាពចង្អៀតខ្លាំង។

ក្នុងន័យនេះ សម្ដេច ស ខេង ក៏ចង់ឲ្យមានកិច្ចប្រជុំមួយ ដើម្បីធ្វើការរួមគ្នាដោះស្រាយបញ្ហាការឃុំខ្លួនមុនកាត់សេចក្ដី នៃអ្នកជាប់ឃុំមួយចំនួន ដែលចំនួនអ្នកឃុំខ្លួន មុនកាត់សេចក្ដីនេះ ក៏ជាផ្នែកមួយដែលធ្វើឲ្យមានការចង្អៀតណែនក្នុងពន្ធនាគារដែរ។

ជាមួយគ្នានេះ លោកស្រី រ៉ូណា ស្មីត ក៏បានគាំទ្រចំពោះអ្វីដែលរាជរដ្ឋាភិបាល បានធ្វើកន្លងមកពាក់ព័ន្ធការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងពន្ធនាគារ ហើយលោកស្រីថា ប្រសិនបើមានកិច្ចប្រជុំរវាងក្រសួងមហាផ្ទៃ ​ឬស្ថាប័នពាក់ព័ន្ធក្នុងការធ្វើយ៉ាងណាខិតខំដោះស្រាយពន្លឿនការកាត់សេចក្ដី ក៏ដូចជាដោះស្រាយចំពោះអ្នកឃុំខ្លួនរង់ចាំការកាត់សេចក្ដីនេះបានជាកត្តាមួយល្អ។

ជាការកត់សម្គាល់ ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត នៅកម្ពុជាលើកនេះ ហាក់សុទ្ធមិនបាននិយាយ និងលើកឡើងអំពីបញ្ហាគណបក្សនយោបាយ ពិសេសពាក់ព័ន្ធករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតក្រោមចំណាត់ការរបស់ស្ថាប័នតុលាការនោះទេ៕​