(ភ្នំពេញ)៖ ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៥ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៨) នាព្រឹកថ្ងៃនេះ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមជាងបណ្តាឆ្នាំកន្លងទៅ ដោយមានការរៀបចំមហាអង្គមេទ្ទិញ នៅមុខព្រះបរមរាជវាំងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុងពិធីដ៏មហោឡារឹកក្រោមវត្តមានថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជវង្សានុវង្ស មន្ត្រីរាជការ កងកម្លាំងដ៏ច្រើនសន្ធឹកសន្ធាប់អង្គព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហរទ័យថ្លែងសុន្ទរកថាដ៏មានខ្លឹមសារយ៉ាងជ្រាលជ្រៅបំផុតទៅកាន់មហាជនចូលរួមក្នុងពិធី ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតាមរយៈការផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងប្រទេសកម្ពុជា។

ក្នុងព្រះរាជសុន្ទរកថាប្រកបដោយអត្ថន័យខ្លឹមសារនោះ ព្រះមហាក្សត្រខ្មែរ បានរំលឹកពីព្រះរាជស្នាព្រះហស្ថ និងព្រះបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ វររាជបីតាេករាជ្យជាតិខ្មែរ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការតស៊ូទាមទារឯករាជ្យជាតិ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរពីនឹមអាណានិគមន៍បារាំង។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានមានព្រះរាជបន្ទូលបង្ហាញការពេញទឹកព្រះទ័យចំពោះវឌ្ឍនភាពជាតិ សេចក្តីសុខក្សេមក្សាន្ត និងការរក្សាបាននូវសុខសន្តិភាពក្នុងមាតុភូមិកម្ពុជានាពេលបច្ចុប្បន្នផងដែរ។ ជាពិសេសព្រះមហាក្សត្រខ្មែរ បានបង្ហាញការពេញព្រះទ័យចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យជាតិកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នាំមកនូវភាពរីកចម្រើន និងការរស់នៅប្រកបដោយសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។

អង្គព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលកោតសរសើរ និងស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា «រយៈពេលកន្លងមកនេះមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើងមានការប្រែប្រួលមុខមាត់ថ្មីគួរឲ្យកោតសរសើរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដ៏ឆ្លាតវៃ បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវបាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ។ យើងកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមាន ដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិមាតុភូមិប្រកបដោយសុខដុមរមនារបស់ជនរួមជាតិយើង»

ទន្ទឹមនឹងការពេញព្រះទ័យចំពោះការភាពរីកចម្រើនរបស់កម្ពុជាព្រះមហាក្សត្រខ្មែរ ក៏បានមានព្រះរាជបន្ទូលអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យរួមគ្នាជាធ្លុងការពារនូវសុខសន្តិភាព និងការកសាងមាតុភូមិកម្ពុជាទៅមុខបន្តទៀត។ «ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ»

ក្នុងមហាអង្គមេទ្ទិញដ៏មហោឡារឹកនាព្រឹកមិញនេះ អង្គព្រះមហាក្សត្រខ្មែរ ក៏បានបង្ហាញទឹកព្រះទ័យសង្ឃឹម និងជឿជាក់ មាតុភូមិ និងប្រជាជនកម្ពុជា នឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានាបានឯកភាពជាតិដ៏រឹងមាំក្រោមទង់ដ៏ជាញជ័យ នៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្តនៃព្រះពុទ្ធសាសនា និងបារមីព្រះបរមក្សត្រដែលជាបុព្វបុរសជាតិ ជាស្ថាបនិកដ៏ល្បីល្បាញនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណិតស្ថិតនៅស្កឹមស្កៃស្ថិតនៅគ្រប់ទិសទីនៅទូទាំងប្រទេសកម្ពុជា។ ជាពិសេសមាតុភូមិដែលជាកេរមរតកដ៏លមានតម្លៃមិនអាចកាត់ថ្លៃបាននេះ នឹងពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងមហាអង្គមេទ្ទិញនេះ ក៏បានអញ្ជើញឡើងថ្លែងសុន្ទរកថាទៅកាន់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចពីស្នាព្រះមហាវីរក្សត្រខ្មែរ ព្រះវររាជ្យបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងព្រះរាជបូជនីយកិច្ចដឹកនាំតស៊ូទាមទារឯករាជ្យ និងសិទ្ធិសេរីភាពពីអាណានិគមន៍បារាំង។ ដោយសារតែថ្ងៃនេះជាថ្ងៃកំណើតកងកម្លាំងប្រដាប់អាវុធដែរនោះ សម្តេចតេជោ បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាជាមួយរាជរដ្ឋាភិបាលថែរក្សាការពារបាននូវសុខសន្តិភាព ស្ថិរភាព និងសន្តិសុខសណ្តាប់ធ្នាប់របស់ប្រទេសជាតិ។

នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជននោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសប្តេជ្ញាបន្តប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីជំរុញការអភិវឌ្ឍជាតិ ឲ្យកាន់តែរីកចម្រើន និងនាំមកនូវការរីកចម្រើនសម្រាប់ជាតិកម្ពុជា ដោយឈរលើស្មារតី និងគោលការណ៍សំខាន់ៗចំនួន៤រួមមាន៖

១. បន្តកសាងប្រទេសជាតិឲ្យមានវឌ្ឍនភាពលើគ្រប់វិស័យ មានសាមគ្គីជាតិរឹងមាំ សីលធម៌សង្គម សមធម៌ សេរីភាព និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ដើម្បីជីវភាពសប្បូរណ៍សប្បាយរុងរឿងរបស់ប្រជាជន និងភាពសុខដុមរមនាទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល

២. ការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កេត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងដាច់ខាតរាល់សកម្មភាពដែលពាក់ព័ន្ធបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ ដែលបង្កឲ្យមានអស្ថេរភាពនយោបាយ ឬចលាចលក្នុងសង្គមជាតិកម្ពុជា។

៣. បន្តដោះស្រាយព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាងដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងជំរុញអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព សន្តិភាព និងសហប្រតិបត្តិការ និងមិនអនុញ្ញាតឲ្យបរទេសប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងប្រទេសជិតខាង។

៤. ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរួមមាន៖ ហិរញ្ញប្បទានភេរវកម្ម ការសំអាតប្រាក់ ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបន្តជំរុញអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព៕