(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានដឹកមន្ត្រីពាក់ព័ន្ធជាច្រើនរូបបានបន្តការការត្រួតពិនិត្យ នូវមុខទំនិញចម្រុះ ដែលងាយបង្កឲ្យប៉ះពាល់ដល់សុខភាពមនុស្សគ្រប់រូប នៅតាមផ្សារជាប់ព្រំប្រទល់កម្ពុជា-ថៃ នៅផ្សារទំនប់ក៥ សង្កាត់ប៉ោយប៉ែត និងផ្សារព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ឲ្យដឹងថា ទោះបីជាទីកន្លែងដាច់ស្រយ៉ាល់ ឬឆ្ងាយយ៉ាងណាឲ្យតែមានការដាក់តាំងលក់ ទំនិញចម្រុះតាមតូប តាមផ្សារ តាមគេហដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គឺមន្ត្រីជំនាញតែងតែហាមឃាត់ជាដាច់ខាត់ផងដែរ ជាស្ដែងនៅព្រឹកនេះបានប្រមូលដកហូតរូមមាន៖ កម្ទេចមី ៤៤៧កញ្ចប់តូច, ទឹកអាស៊ីត អាសេទិច រូបទន្សាយ ៨ដប, ទឹកដោះគោខាប់១កំប៉ុង, និងទឹកក្រូច ៥ដប ដើម្បីយកទៅដុតកម្ទេចចោល។

លោកប្រធានបន្តថា «បញ្ហាកម្ទេចមី ជាបញ្ហាមន្ត្រីជំនាញយើងតែងតែតាមប្រមាញ និងធ្វើការហាមឃាត់ដាក់តាំងលក់ជាដាច់ខាត់ និងការទទួលទាន ព្រោះកម្ទេចមី គឺឈ្មួញខិលខូចបានប្រមូលយកមកកែច្នៃ កើបយកមកពីកន្លែងច្រកមីល្អ ហើយវាជ្រួសធ្លាក់លើដី ហើយមួយវិញទៀតគឺគ្មានអនាម័យ តែដោយឈ្មួញទាំងអស់នេះ គិតឃើញថាមានប្រយោជន៍ មិនគិតពីសុខភាព ការប៉ះពាល់ដល់សុខភាពមនុស្សឡើយ ទោះបីដឹងថាកម្ទេចមីទាំងគ្មានអនាម័យក៏ដោយ»

ក្នុងការចុះត្រួតពិនិត្យនេះដែរ មន្ត្រីជំនាញបានធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ និងត្រូវផ្តល់ព័ត៌មានជូនមន្ត្រីជំនាញជាបន្ទាន់ ប្រសិនបើមានអ្វីដែលដាក់សង្ស័យ។ ក្នុងនោះដែរអាជីវករបានសម្តែងការពេញចិត្តយ៉ាងក្រៃលែង ដែលបានឃើញមន្ត្រីជំនាញចុះពិនិត្យ អប់រំ ដល់ពួកគាត់ទោះបីជាមន្ត្រីជំនាញធ្វើការដកហូតទំនិញ នៅក្នុងតូបរបស់ពួកគាត់ក៏ដោយ៕