(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវតែបន្ដបង្ក្រាបទីតាំងដែលបើកទូរហ្គេមបាញ់ត្រីឲ្យអស់នៅតាមមូលដ្ឋាន ព្រមទាំងតាមដានក្រែងករណីនេះកើតឡើងវិញម្ដងទៀត។

តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានបង្ហាញនូវចម្ងល់ថា ការបង្ក្រាបត្រូវបានធ្វើឡើងជាបន្ដបន្ទាប់ ប៉ុន្ដែហេតុអ្វីនៅតែមានករណីនេះ តើអ្នកណាដែលអនុញ្ញាតឲ្យបើកឡើងវិញ?។

លោកឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា ​«កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី​បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌឲ្យបង្រ្កាបឲ្យអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតឲ្យបើកវិញ​?»

ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ ​សង្ឃឹមថាគ្រប់ភាគីទាំងអស់ នឹងសហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែង​មានហ្គេមបាញ់ត្រី ​ហើយរួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ៕