(ក្រចេះ)៖ សមត្ថកិច្ចចម្រុះដឹកនាំដោយ លោក ជា សុភក្រ័្ត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៨ បានចុះបង្រ្កាបទីតាំងសិប្បកម្ម កែច្នៃឈើចំនួន៣កន្លែង របស់ជនជាតិវៀតណាម ដែលធ្វើបែបអនាធិបតេយ្យ ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងចម្រុះចូលរួមបង្រ្គាបរួមមាន៖ ផ្នែករដ្ឋបាលព្រៃឈើក្រចេះ, សង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ និងកម្លាំងនគរបាលស្នងការដ្ឋានខេត្តក្រចេះ បានចុះចាប់សិប្បកម្មកែច្នៃឈើ និងរឹបអូសឈើបានជាច្រើនកំណាត់ របស់ជនជាតិវៀតណាមដែលធ្វើយ៉ាងអនាធិបតេយ្យ គ្មានច្បាប់អនុញ្ញាតិពីរដ្ឋបាលព្រៃឈើ។

ទីតាំងនេះ តែងតែធ្វើសកម្មភាព អារ ជ្រៀក ឈូសឈើដោយម៉ាស៉ីន លាន់សំលេងទ្រហឹង ពេញភូមិ រំខានដំណេកដល់អ្នកភូមិ ពេលសម្រាកពេលថ្ងៃ ថែមទាំងយកកាកសំណល់ឈើ ឬអាចម៍អាណា ចាក់ចូលក្នុងទន្លេបណ្ដាលឲ្យប៉ះពាល់ដល់បរិស្ថានថែមទៀត។

លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើដីថ្មក្រែ បានឲ្យដឹងថា ឈើទាំងនោះជាប្រភេទឈើប្រណីត និងឈើលេខ១ ត្រូវបានសមត្ថកិច្ចរឹបអូសយកទៅរក្សាទុក នៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីវាស់វែង និងពិន័យទៅតាមច្បាប់របស់រដ្ឋបាលព្រៃឈើ៕