(កំពង់ធំ)៖ លោក ចាន់ ចេស្តា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ បានថ្លែងថា នៅក្នុងឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំណាត់លេខ១ លើវិស័យស្រូវ អង្ករ ដូច្នេះសូមឲ្យកសិករក្នុងសហគមន៍ ត្រូវតែនាំគ្នាផលិតពូជស្រូវដែលមានតម្លៃខ្ពស់ ស្របតាមការណែនាំរបស់ក្រុមហ៊ុន រោងម៉ាស៉ីនទទួលទិញ និងតម្រូវចាំបាច់ របស់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថ្លែងបែបនេះ ក្នុងពិធីចុះហត្ថលេខាកិច្ចសន្យាកសិកម្ម ផលិតនិងផ្គត់ផ្គង់ស្រូវចំណី រវាងក្រុមហ៊ុនអេមរុ រ៉ាយស៍ និងសហគមកសិកម្មចំនួន៩ នៅសណ្ឋាគារក្លរៀស ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

លោក ចាន់ ចេស្តា បានបន្តថា ដើម្បីផលិតស្រូវប្រកបដោយគុណភាណ និងមានបរិមាណខ្ពស់ ស្របទៅតាមស្តង់ដាទីផ្សារនោះ លុះត្រាតែមានការចូលរួមពីក្រសួងធនធានទឹក, ក្រសួងសាធារណការ, ក្រសួងពាណិជ្ជកម្ម និងអង្គការដៃគូរផ្សេងៗ។ តួយ៉ាងថ្ងៃនេះអង្គការអ៊ែរី (IR.RI) ជាម្ចាស់អនុវត្តន៍គម្រោង បានផ្តល់ពូជស្រូវជូនសហគមន៍ កសិកម្មដំណាំស្រូវ ក្រោមការចំណាយរបស់ USAID។

លោក សុង សារ៉ាន អគ្គនាយកក្រុមហ៊ុនអេមរុ រ៉ាយស៍ បានលើកឡើងថា ក្រុមហ៊ុនបានចុះកិច្ចសន្យា កុងត្រាជាមួយសហគមន៍ កសិកម្មចំនួន៤៨កន្លងមកហើយ។ ក្នុងនោះមានសហគមន៍ស្វាយចន្ទី ចំនួន១០សហគមន៍ និងថ្ងៃនេះបានចុះកិច្ចសន្យា​ ជាមួយសហគមន៍ចំនួន៩បន្ថែមទៀត នៅក្នុងខេត្តកំពង់ធំ ដើម្បីបង្ក្រប់ការប្រមូលទិញ តាមតម្រូវការរបស់ក្រុមហ៊ុន ចំនួន៥០,០០០តោន នៅក្នុងកំឡុងចុងឆ្នាំ២០១៨នេះ។

លោកបន្តរហូតមកដល់ថ្ងៃទី១៤ ខែវិច្ឆិកានេះ ក្រុមហ៊ុនបានទទួលចុះហត្ថលេខាលើកិច្ចសន្យា ជាមួយសហគមកសិករ ផលិតដំណាំស្រូវ ចំនួន៥៦សហគមន៍ នៅក្នុងខេត្ត៧ ដែលមានសក្កានុពលកសិកម្ម។ ក្រៅពីកិច្ចសន្យាជាមួយសហគមន៍ទាំង៥៦នេះ ក្រុមហ៊ុនបានបន្តប្រមូលទិញស្រូវ អង្ករ ពីរោងម៉ាស៉ីនតូចៗនិងមធ្យម ដែលពួកគាត់មិនទាន់បាននាំចេញ ហើយអ្វីដែលសំខាន់នោះ គឺពូជស្រូវអង្ករសុទ្ធល្អ ស្របតាមបច្ចេកទេស និងស្តង់ដាទីផ្សារនាំចេញ។

ជាមួយគ្នានេះដែរ លោក ញ៉ឹ បានខេង អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ពីធីចុះហត្ថលេខានេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឱកាសឲ្យកសិករ ទទួលបានទីផ្សារមួយច្បាស់លាស់ ក្នុងបង្កបង្កើនផល ដំណាំកសិកម្ម ជាពិសេសគឺវិស័យស្រូវអង្ករ ដែលមិនស្ថិតនៅលើ បបូរមាត់ឈ្មួញ។

លោកសូមឲ្យសហគម៍កសិកម្ម និងក្រុមហ៊ុនទទួលទិញ ផ្តល់ភាពជឿទុកចិត្តទៅវិញទៅមក ដោយគោរពតាមសន្យា ដែលបានចុះកិច្ចសន្យាជាមួយគ្នា៕