(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង១៤៖០០រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅទូទាំងប្រទេស។

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បី ប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ ​នៅទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន ដែលអង្គភាព Fresh News ទទួលបាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ​បានបញ្ជាក់ថា ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹង មកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ២១៣ ៥៨០។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំបេឡាជាតិអតីតយុទ្ធជន បានឲ្យដឹងថា «ចាប់ពីខែមេសាឆ្នាំ២០១៨តទៅ បងប្អូនអតីតយុទ្ធជន ដែលជា ជនពិការ, និវត្តជន, ជនបាត់បង់សមត្ថភាពការងារ ប្រាក់របបសន្តិសង្គមប្រចាំខែ នឹងទទួលបានយ៉ាងទាបបំផុតត្រឹម ៤៨០,០០០ រៀល (បួនរយប៉ែតសិបពាន់រៀលគត់)»