(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជម្រាបប្រាប់លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាថា ក្រសួងបានរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យា ទូរគមនាគមន៍ និងព័ត៌មានឱ្យមានភាពសម្បូរបែប។

ការជម្រាបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការ ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា ដែលរដ្ឋសភាបានអនុម័ត ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍។

ស្ថិតក្នុងឱកាសនោះ លោកស្រី និន សាផុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការបំពេញភារកិច្ចរបស់ខ្លួនអនុវត្តយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកន្លងមក រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសបានរួមចំណែកឱ្យប្រជាពលរដ្ឋខ្មែរ មានជំនឿជឿជាក់ជាមួយរាជរដ្ឋាភិបាលថ្មី អាណត្តិទី៦ ដែលកើតចេញពីឆន្ទៈយ៉ាងពិតប្រាកដ នៃការចូលរួមបោះឆ្នោតរបស់ប្រជាជនទូទាំងប្រទេសជិត ៧លាននាក់ ឬស្មើនឹង ៨៣.០២% នៃបញ្ជីឈ្មោះបោះឆ្នោត គ.ជ.ប កន្លងទៅនេះ។

លោកស្រីបានបន្តថា ខណៈប្រទេសកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ជាពិសេសកំពុងស្ថិតក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី៤ ចាំបាច់ណាស់ប្រទេសកម្ពុជា ត្រូវទាញយកផលប្រយោជន៍ជាអតិបរមា ពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងឌីជីថលូបនីយកម្មនេះ។

លោកស្រីបានគូសបញ្ជាក់ថា អាស្រ័យហេតុនេះហើយ ទាំងស្ថាប័ននីតិប្បញ្ញត្តិនឹងជំរុញការអនុម័តច្បាប់ក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយស្ថាប័ននីតិប្រតិបត្តិត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ដែលសភាអនុម័ត ដើម្បីឱ្យឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជន ដែលចេះតែកើនឡើងជាលំដាប់ និងស្របតាមការវិវត្តនៃបរិការណ៍សង្គមបច្ចុប្បន្ន។

ជាមួយគ្នានោះ លោក ត្រាំ អ៊ីវតឹក បានជម្រាបជូនអង្គប្រជុំថា ក្រសួងបាននិងបន្តខិតខំយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញកាតព្វកិច្ចនេះយ៉ាងសកម្ម, បន្តរៀបចំប្រព័ន្ធប្រៃសណីយ៍ ព្រមទាំងសេវាថ្មីៗប្រកបដោយគុណភាពខ្ពស់ មានស្តង់ដាអន្តរជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីជំរុញ និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យនេះឱ្យទទួលបានជោគជ័យ ក្រសួងបានរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានា ដូចជា ការពង្រឹងមូលដ្ឋាននៃការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ដោយផ្តោតលើការពង្រឹង និងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាទូរគមនាគមន៍ ការពង្រីកវិសាលភាពអ៊ិនធឺណេតល្បឿនលឿនគ្របដណ្តប់លើទីប្រជុំជន និងតាមទីជនបទ ព្រមទាំងបង្កើនអត្រាប្រើប្រាស់ទូរស័ព្ទដៃ អ៊ិនធឺណេត និងការប្រើប្រាស់កុំព្យូទ័រ ជំរុញការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យា ទូរគមនាគមន៍ និងព័ត៌មានឱ្យមានភាពសម្បូរបែប៕