(ភ្នំពេញ)៖ ដើម្បីជាការឆ្លើយតបចំពោះតម្រូវការ របស់អតិថិជន និងការរីកចម្រើននៃកម្រិតជីវភាព របស់បងប្អូនប្រជាពលរដ្ឋទូទៅនោះ ហាងលក់ទំនិញទំនើប Super Duper បានប្រកាសពីគោលដៅរបស់ខ្លួន ​​គឺការផ្តល់ជូន​អតិថិជនទាំងអស់ ​នូវសេវាកម្ម និងទំនិញដ៏ល្អបំផុត ពុំធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសបើកសម្ពោធសាខាថ្មី​ (សាខាទី៣) ​ ក្នុងនោះក៏មាននាំ​ចូលនូវមុខទំនិញ​ ជាច្រើនប្រទភេទ ដែលធ្វើឲ្យអតិថិជន មិនពិបាកស្វែងរកដូចមុនទៀតហើយ។

ហាង Super Duper ត្រូវបាន​បើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ដោយមានអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយស​ជាច្រើន បានអញ្ជើញ​​ចូលរួមជាកិត្តិយស ក្នុងកម្មវិធី​ ខណៈសាខាទី៣នេះ មានអាសយដ្ឋាន ​ផ្លូវ ​៥៧​ កែងនឹងផ្លូវ ​៣០៦​ ​សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​លោក ផាត់ សយ ប្រធានផ្នែកគ្រប់គ្រងហាង ​Super Duper បានថ្លែងឲ្យដឹងថា ហាង Super Duper ​ជាហាង​លក់ទំនិញទី១នៅទីក្រុងភ្នំពេញ ​ដែលបើកបំរើ សេវាកម្ម២៤ម៉ោងនា​ពេលបច្ចុប្បន្ន ហើយគោលដៅរបស់យើង​ គឺការផ្តល់ជូន​អតិថិជនទាំងអស់​នូវសេវាកម្ម និងទំនិញដ៏ល្អបំផុត។​ ក្នុងនោះមានទំនិញ ដ៏សំបូរបែបរបស់យើង​រួមមាន គ្រឿងទេស និងផលិតផលប្រើប្រាស់ក្នុងផ្ទះ សម្រាប់បម្រើដល់តម្រូវការ​ប្រចាំថ្ងៃរបស់លោកអ្នក ក៏ដូចជាទំនិញ​ជាច្រើនមុខ ដែលលោកអ្នក​ពិបាកស្វែងរក ​នៅតាមហាងដទៃទៀត នៅក្នុងក្រុងភ្នំពេញ។ គោលដៅធំបំផុតរបស់យើង​ គឺធ្វើយ៉ាងណាឲ្យអតិថិជនពេញចិត្ត។ យើង​ប្តេជ្ញា​នឹងធ្វើឲ្យការទិញទំនិញប្រចាំថ្ងៃ​ ​របស់លោកអ្នក ប្រកបដោយភាព ងាយស្រួល រហ័ស និងសប្បាយរីករាយ ជាមួយនឹងសេវាកម្មរបស់យើងខ្ញុំ។

លោកបន្តថា ពេលបច្ចុប្បន្ននេះ ហាងរបស់យើង​បន្តរីកលូតលាស់ និងអភិវឌ្ឍន៍ទៅមុខជានិច្ច ក្នុងការកសាងទំនាក់ទំនងយូរអង្វែង ដើម្បីផលប្រយោជន៍ទៅវិញទៅមក ជាមួយអតិថិជន និងដៃគូនៅក្នុងការលក់របស់យើង​។ ជារៀងរាល់ថ្ងៃ ហាង​ «Super Duper» ទទួលបានការផ្គត់ផ្គង់នូវស្តុកថ្មីៗ ដែលរួមមានបន្លែ ផ្លែឈើ ត្រីសាច់ ឈីស អាហារឆៅ និងផលិតផលទឹកដោះគោ។ ហាងលក់ទំនិញ Super Duper រំពឹងទុកថានឹងទទួលបានកេរ្តិ៍ឈ្មោះ ជាដៃគូ ដ៏គួរឲ្យទុកចិត្តនិងប្រកបដោយស្ថេរភាព ហើយយើងនឹងខិតខំពង្រឹងកេរ្ដិ៍ឈ្មោះ របស់យើងទៅតាមតម្រូវការ នៃពេលវេលា និងការរីកចម្រើនឥតឈប់ឈរ៕