(ព្រះវិហារ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុករវៀង ខេត្តព្រះវិហារ ឃាត់ខ្លួននិងដកហូតបានថ្នាំញៀន ចំនួន៣៦កញ្ចប់តូចធំ។ ការឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចរំដេង ក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រករវៀង ខេត្តព្រះវិហារ។

លោកវរៈសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ លី ហេង ហៅអាធំ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។ ក្នុងនោះសមត្ថកិច្ចដកហូតថ្នាំញៀន ចំនួន៣១កញ្ចប់តូចធំផងដែរ។

លោកអធិការស្រុកបានឲ្យដឹងទៀតថា មុនពេលកើតហេតុ មានស្ត្រីម្នាក់បានទូរស័ព្ទមកលោក ឲ្យជួយអន្តរាគមន៍រឿងប្តីរបស់គាត់ ប្រើអំពើហិង្សាមកលើគាត់។ ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីរូបនេះ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ពេលនោះជនបង្ករជាប្តី បានរត់គេចខ្លួនដោយខ្លាចសមត្ថកិច្ចចាប់។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរងគ្រោះជាប្រពន្ធ បាននិយាយថា ប្តីរបស់គាត់បានប្រើប្រាស់ និងចែកចាយគ្រឿងញៀន ពេលនោះស្ត្រីខាងលើ បានដើររុករកថ្នាំញៀនតាមទ្រុងមាន់ និងកន្លែងផ្សេងៗបាន៥កញ្ចប់តូច ប្រគល់ឲ្យសមត្ថកិច្ច។

លោកបន្តទៀតថា ស្របពេលដែលសមត្ថកិច្ចកំពុងធ្វើការ ស្រាប់តែជនសង្ស័យ ម្នាក់ដែលជាមុខសញ្ញាគ្រឿងញៀន ដែលមានផ្ទះក្បែរនោះ បានស្រែកឡូឡា ដោយមិនខ្លាចញញើតសមត្ថកិច្ច។ ឃើញមុខសញ្ញាបញ្ចេញសកម្មភាពនេះ លោកបានបញ្ជាឲ្យឃាត់ខ្លួន ដោយបានហៅក្រុមគ្រួសារ មកសហការក្នុងការឆែកឆេទៅលើខ្លួនប្រាណជនសង្ស័យ ពេលនោះសមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន៣០កញ្ចប់តូច និង១កញ្ចប់ធំទៀត លាក់ក្នុងកាបូបលុយ។

ក្រោយសួរនាំ ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតាមច្បាប់។ ដូច្នេះសរុបគ្រឿងញៀន ដែលដកហូតបានក្នុងករណីហិង្សា ក្នុងគ្រួសារមានចំនួន៣៥កញ្ចប់តូច និង១កញ្ចប់ធំ៕