(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក​ ជឹម​ ស៉ីថា​ អធិការខណ្ឌដង្កោ នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៨ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា​ ឃាតកដែលបានចាក់សម្លាប់ ប្រធានប្រជាការពារភូមិតាឡី ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ។

លោកវរសេនីយ៍ឯក ជឹម ស៉ី ថា បានឲ្យដឹងទៀតថា ជនសង្ស័យ​ឈ្មោះ​ ថាច់​ សួ​ ភេទ​ប្រុស​ អាយុ​៤៨​ ឆ្នាំ​ជនជាតិ​ខ្មែរ​ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ​ ភូមិ​បូរី​កម្មករ​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។ ជនសង្ស័យត្រូវបានឃាត់​ខ្លួន​ នៅ​ភូមិ​សំបូរ​មាស​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​១១៖១០នាទី​ព្រឹក។

បើតាមលោកវរសេនីយ៍ ចំពោះមូលហេតុដែលឈានដល់ការចាក់សម្លាប់ជនរងគ្រោះ គឺផ្តើមចេញពីទំនាស់ទិញលក់-ដី​ ហើយមុនពេលកើតហេតុ ជនរងគ្រោះបានស្ទុះទៅវាយជនសង្ស័យ​ ទើបធ្វើឲ្យជនសង្ស័យការពារខ្លួន ទាញកូនកាំបិតចាក់ទៅលើជនរងគ្រោះតែម្តងទៅ។ នេះបើតាមការសារភាពរបស់ជនសង្ស័យ។

សូមជម្រាបថា​ កាលពីវេលាម៉ោង១១៖០០យប់​ ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ លោក កេត ស៊ីថា អាយុ៥៣ឆ្នាំ ជាប្រធានប្រជាការពារភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ ត្រូវបានជនល្មើសចាក់ចំនួន៣កាំបិត បណ្ដាលឲ្យដាច់ខ្យល់ស្លាប់តាមផ្លូវ ខណៈពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សី។

ជនសង្ស័យ និងរងគ្រោះបានផឹកស៉ីជាមួយគ្នា នៅហាងមួយកន្លែងតាមបណ្តោយផ្លូវព្រៃ​ស​ ហើយពេលផឹកស្រវឹង បានទាស់សម្តីគ្នា​តិចតួចរឿងរកស៉ីដីធ្លី។​ រហូតដល់ម៉ោង ១១៖០០នាទីយប់​ ក៏បបួលគ្នាទៅផឹកបន្តទៀតនៅផ្ទះរងគ្រោះ​ ប៉ុន្តែពេលជិះដល់កណ្តាលផ្លូវ ជនសង្ស័យបានស្ទាក់យកកូនកាបិត ចាក់ទៅលើជនរងគ្រោះចំនួន៣កាំបិត បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​។ ចំណែកជនសង្ស័យបានរត់គេចខ្លួន​បាត់ ក្រោយកើតហេតុ។

បន្ទាប់ពីករណីនេះ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោដែលដឹកនាំដោយលោកវរសេនីយ៍ឯក​ ជឹម​ ស៉ីថា​ បានដាក់កម្លាំងតាមគោលដៅ ដើម្បីស្វែងរកចាប់ខ្លួនឃាតក។ មិនដល់២ថ្ងៃផង កម្លាំងសមត្ថកិច្ចក៏តាមក្របួចឃាតកនោះ និងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញភ្លាមៗ ដើម្បីបន្តនីតីវិធីទៀត៕