(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងចាប់អារម្មណ៍ទៅនឹងប្រតិកម្មរបស់លោក John Sullivan អនុរដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក ដែលបានលើកទ្បើងនាកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅសិង្ហបុរីកន្លងមកថ្មីៗនេះថា «អាមេរិកមានកង្វល់ធំបំផុតគឺព័ត៌មានចិនកសាងកំពង់ផែសមុទ្រទឹកជ្រៅ ដើម្បីធ្វើជាមូលដ្ឋានទ័ព»។
ជុំវិញនូវការលើកទ្បើងរបស់អនុរដ្ឋមន្រ្ដីអាមេរិករូបនេះ អ្នកជំនាញអារ្យធម៌ខ្មែរ បានថ្លែងចាប់អារម្មណ៍និងចោទជាសំនួរថា បើនិយាយពីកំពង់ផែសមុទ្រទឹកជ្រៅដែលស្ថិតក្រោមជំនួយ របស់ប្រទេសចិននេះ គឺមានប្រទេសអាស៊ានជាច្រើន មានគម្រោងនិងកំពុងសាងសង់ ជាអាទិ៍៖ ប្រទេសម៉ាទ្បេស៊ី និងថៃជាដើម។
ក្នុងនោះប្រទេសម៉ាទ្បេស៊ី កំពង់ផែសមុទ្រទឹកជ្រៅម៉ាទ្បាកា «Malacca» ខ្មែរសម័យបុរាណហៅថា «កោះជ្វា» ចំពោះគម្រោងសាងសង់ប្រមាណ៧០០០លានដុល្លារឯងណោះ។ រីឯប្រទេសថៃ ក្បែរខាងយើងនេះវិញ ចំពោះគម្រោងសាងសង់ប្រមាណ៥១ពាន់លានដុល្លារ។
លោក រត្ន័ សណ្ដាប់ បន្ដថា បើដូចនេះបើនិយាយពីប្រទេសថៃនេះទៀតសោត គឺអ្វីរឹតតែអស្ចារ្យបំផុតថែមទៀតនោះ គឺចិន ពុំត្រឹមតែសាងសង់កំពង់ផែសមុទ្រទឹកជ្រៅនោះទេ គឺថែមទំាងមានគម្រោងសាងសង់រោងចក្រផលិតអាវុធយ៉ាងធំបំផុតថែមទៀតផង។ ដោយស្ថិតត្រង់ចំណុចនេះហើយ ទើបលោក រត្ន័ សណ្ដាប់ បានចោទជាសំនួរថា បើដូច្នេះចំពោះរោងចក្រផលិតអាវុធនេះ បើយើងធៀបដោយឧបមាថាខ្មែរ មានកំពង់ផែសមុទ្រទឹកជ្រៅ ដើម្បីបម្រើឲ្យមូលដ្ឋានទ័ពចិនទៅចុះ!។ គឺច្បាស់ណាស់! ចំពោះរោងចក្រផលិតអាវុធក្នុងប្រទេសថៃនេះ គឺវាអស្ចារ្យជាងកំពង់ផែសមុទ្រទឹកជ្រៅខ្មែរ រាប់លានដងទៅទៀត។ បើដូច្នេះត្រង់ចំណុចនេះចុះ! ហេតុអ្វី អាមេរិកពុំសម្ដែងការព្រួយបារម្ភចំពោះរោងចក្រផលិតអាវុធចិនក្នុងប្រទេសថៃ?
បើនិយាយពីប្រទេសចិន មានគម្រោងបង្កើតមូលដ្ឋានទ័ពនៅក្រៅវិញ លោក រត្ន័ សណ្ដាប់ ថ្លែងថាគឺមានតែប្រទេសឌីយីប៊ូទី (Djibouti) ក្នុងទ្វីបអាហ្រិ្វកតែប៉ុណ្ណោះ។ ម្យ៉ាងទៀត បើនិយាយពីកំពង់ផែសមុទ្រទឹកជ្រៅ ឬរោងចក្រផលិតអាវុធ ឬមូលដ្ឋានទ័ពចិននៅក្រៅប្រទេសទំាងនេះទៀតសោត គឺចិនបានផ្សព្វផ្សាយជាសាធារណៈដោយពុំមានការលាក់លៀម ឬខ្លាចអាមេរិកអ្វីនោះទេ។ បានសេចក្ដីថា «បើខ្មែរធ្វើកំពង់ផែសមុទ្រទឹកជ្រៅជាមូលដ្ឋានទ័ពចិនមែននោះ គឺច្បាស់ជាចិនប្រកាសជាសាធារណៈ ពីព្រោះចិនគ្មានរឿងអ្វីត្រូវលាក់លៀម ឬខ្លាចអាមេរិក» យ៉ាងដូច្នោះដែរ។
ដោយស្ថិតក្នុងបរិការនេះ លោក រត្ន័ សណ្ដាប់ ក៏បានរំឭកអំពីទង្វើរបស់អាមេរិកដែលធ្លាប់ធ្វើបាបខ្មែរកាលពីអតីតកាលយ៉ាងដូច្នោះថា កាលពីទសវត្សរិ៍១៩៧០ អាមេរិកបានរកលេសដោយចោទខ្មែរថា នៅតាមបណ្ដោយព្រំដែនខ្មែរ-យួន គឺខ្មែរ បានលាក់បំពួនពួកយៀកកុងយ៉ាងច្រើន។ ដោយស្ថិតក្នុងករណីនេះហើយ អាមេរិកក៏បានធ្វើការទម្លាក់គ្រាប់បែកយ៉ាងច្រើនមកលើខ្មែរយយើងស្ទើរពាសពេញផ្ទៃប្រទេស បណ្ដាឲ្យប្រជាពលរដ្ឋស្លាប់ និងរបួសរាប់សែននាក់ រហូតមានរដ្ឋប្រហារទម្លាក់អង្គសម្ដេចឪព្រះបរមរតនកោដ្ឋនៃយើងឆ្នាំ១៩៧០។
ជាចុងក្រោយលោក រត្ន័ សណ្ដាប់ យល់ថាបើដូចនេះបើនិយាយពីផលប្រយោជន៍ជាតិវិញ បើសិនខ្មែរកសាងកំពង់ផែសមុទ្រឹកជ្រៅនោះមែន គឺគ្រាន់តែបម្រើឲ្យវិស័យសេដ្ឋកិច្ចតែប៉ុណ្ណោះ ពីព្រោះការដឹកជញ្ញួនផ្លូវសមុទ្រវាមានលក្ខណះងាយស្រួល និងតម្លៃថោក។ បើដូច្នេះចំពោះការលើកទ្បើងរបស់អាមេរិកស្ដីពីកំពង់ផែសមុទ្រទឹកជ្រៅនេះ តើអាមេរិកខ្លាចកំពង់ផែសមុទ្រទឹកជ្រៅខ្មែរ ឬគ្រាន់ជាលេសដូចពីអតីតកាល?៕