(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ហាមមិនឱ្យប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះឡើយ ពិសេសផ្លូវហោះហើររបស់យន្តហោះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សេចក្តីជូនដំណឹងបានឱ្យដឹងថា មានបុគ្គលមួយចំនួនតូច បានបង្ហោះម៉ាស៊ីនថតរូប និង Drone ដោយបានបង្ហោះជាល្បែងលេងកម្សាន្ត ពុំមានការអនុញ្ញាតត្រឹមត្រូវ ពុំដឹងពីផលប៉ះពាល់លើផ្នែកសន្តិសុខ និងសុវត្ថិភាព ពិសេសបានបង្ហោះនៅក្នុងតំបន់ហាមឃាត់ជុំវិញអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងចំផ្លូវហោះហើររបស់យន្តហោះ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់កើតឡើង ជាយថាហេតុចំពោះយន្តហោះ។
ដើម្បីរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពក្នុងរាជធានីភ្នំពេញ ពិសេសបញ្ចៀសបាននូវគ្រោះថ្នាក់កើតឡើងជាយថាហេតុ ចំពោះការហោះហើររបស់យន្តហោះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើអ្នករស់នៅជុំវិញផ្លូវហោះហើររបស់យន្តហោះ ចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ហើយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ ត្រូវចាត់ការឱ្យបានម៉ឹងម៉ាត់ ដោយពុំត្រូវឱ្យមានការបង្ហោះម៉ាស៉ីនថតរូប និង Drone ក្នុងរាជធានីភ្នំពេញ ពិសេសតំបន់ជុំវិញផ្លូវហោះហើររបស់យន្តហោះ ដោយគ្មានច្បាប់អនុញ្ញាតដាច់ខាត។ ក្នុងករណីចាំបាច់ត្រូវការប្រើប្រាស់ ត្រូវសុំការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
សូមអានខ្លឹមសារលំអិត នៅក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖