(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ ដែលប្រារព្ធឡើង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។ ដើម្បីដឹងថា កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិចនេះ មានន័យយ៉ាងដូចម្តេចនោះ សូមអាននូវខ្លឹមសារឯកសារ ខាងក្រោមដូចតទៅ៖
កិច្ចប្រជុំអាស៊ី-ប៉ាស៊ីហ្វិចឆ្នាំ២០១៨-នេប៉ាល់ នឹងប្រារព្ធឡើងនៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។ ប្រធានបទនៃកិច្ចប្រជុំកំពូលនេះគឺ «ការដោះស្រាយបញ្ហាប្រឈមដ៏សំខាន់បំផុត ក្នុងយុគ្គសម័យរបស់យើង៖ ការពឹងអាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល»។
នាពេលបច្ចុប្បន្នបញ្ហាប្រឈមនានារួមមាន ភាពក្រីក្រ អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង ការធ្លាក់ចុះ និងការបាត់បង់សីលធម៌រស់នៅ ការផ្លាស់ទីលំនៅដោយបង្ខំ គ្រោះមហន្តរាយធម្មជាតិ និងការប្រកួតប្រជែងផ្នែកសព្វាវុធ ត្រូវបានគេមើលឃើញថា កំពុងគំរាមកំហែងដល់សន្តិសុខ និងភាពសុខដុមរមនា នៃសហគមន៍ពិភពលោក។ បញ្ហាប្រឈមទាំងនេះ អាចនឹងត្រូវបានដោះស្រាយ ដោយផ្អែកលើចក្ខុវិស័យ នៃការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ តាមរយៈការពិភាក្សា ការផ្លាស់ប្ដូរបទពិសោធន៍ និងការចែករំលែកគតិបណ្ឌិត និងការយល់ឃើញរបស់ថ្នាក់ដឹកនាំទាំងឡាយ ដែលមានការប្ដេជ្ញាចិត្ត ក្នុងការកសាងពិភពលោកមួយ ប្រកបដោយការអធ្យាស្រ័យគ្នាទៅវិញទៅមក សន្តិភាពប្រកបដោយនិរន្តភាព និងវិបុលភាព សម្រាប់មនុស្សទាំងអស់។
កិច្ចប្រជុំកំពូលប៉ាស៊ីហ្វិចឆ្នាំ២០១៨ នៅប្រទេសនេប៉ាល់នេះ នឹងមានការចូលរួមជាលើកដំបូងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិច ពីសមាគមអន្តរជាតិចំនួន២ គឺសមាគមអន្តរជាតិនៃសមាជិកសភា ដើម្បីសន្តិភាព ( The International Association of Parliamentarians for Peace - IAPP) និងសមាគមអន្តរសាសនាដើម្បីសន្តិភាព និងការអភិវឌ្ឍ ( The Interreligion Association for Peace and Development - IAPD )។ កិច្ចប្រជុំកំពូលនេះនឹងបញ្ចប់ជាមួយនឹងសេចក្តីថ្លែងការណ៍ក្រុងរដ្ឋកដ្ឋមណ្ឌូ និងកម្មវិធីលើកកម្ពស់តម្លៃវប្បធម៌ និងគ្រួសារ។
កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិច ២០១៨-នេប៉ាល់ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការ នៃអង្គការសហសន្តិភាពសកល ( Universal Peace Federation - UPF) ជាមួយរដ្ឋាភិបាលនេប៉ាល់ និងសហភាពសហព័ន្ធនេប៉ាល់។ កិច្ចប្រជុំកំពូលក៏បានទទួលការគាំទ្រពីអង្គការអង្គការសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ផងដែរ។
អង្គការសហព័ន្ធសន្តិភាពសកល ក្នុងនាមជាដៃគូជាមួយរដ្ឋាភិបាល រួមជាមួយរដ្ឋាភិបាល វិស័យសង្គមស៊ីវិល និងវិស័យឯកជន បានបើកដំណើរការកិច្ចប្រជុំកំពូលអន្តរជាតិជាសេរី ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗនៅក្នុងយុគសម័យនេះដូចជា៖
* កិច្ចប្រជុំអាហ្រ្វិកលើកទី២៖ Honoring the Legacy of President Nelson Mandela ដែលនិងត្រូវប្រារព្ធឡើងនៅទីក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង នាថ្ងៃទី ២១-២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានការចូលរួមឧបត្ថម្ភដោយ The Royal House of Mandela ក្នុងគោលដៅផ្តល់កិត្តិយស និងរក្សាកេរ្តិ៍ដំណែលរបសលោកប្រធានាធិបតី Nelson Mandela ។
* «កិច្ចប្រជុំកំពូលអាហ្រ្វិកលើកទី១ សម្រាប់សន្តិភាពនិងការអភិវឌ្ឍមនុស្ស» នៅទីក្រុងកាដា ប្រទេសសេណេហ្កាល់ កាលពីខែមករា ឆ្នាំ២០១៨ ដែលមានអ្នកចូលរួមប្រមាណជាង១២០០នាក់ មកពី៦០ប្រទេស ។
* កម្មវិធី World Summit ២០១៧ on Peace, Security, and Human Development ប្រារព្ធឡើងនាថ្ងៃទី១-៥ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ។
* កម្មវិធី World Summit ២០១៥ on Peace, Security, and Human Development ប្រារព្ធឡើងនាថ្ងៃទី២៧ -៣១ សីហា ឆ្នាំ២០១៥ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ។
* កម្មវិធី World Summit ២០១៤ on Peace, Security, and Human Development ប្រារព្ធឡើងនាថ្ងៃទី៩-៣១ ខែសីហា ឆ្នាំ២០១៤ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយមានការចូលរួមជាង ៣០០នាក់ មកពី៦៨ប្រទេស។
* កម្មវិធី World Summit ២០១៣ on Peace, Security, and Human Development ប្រារព្ធឡើងនាថ្ងៃទី២២-២៥ ខែកុម្ភះ ឆ្នាំ២០១៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយមានអ្នកចូលរួមជាង ៨០០នាក់ មកពី៩១ប្រទេស។
អង្គការសហព័ន្ធសន្តិភាពសកល UPF គឺជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ មិនប្រកាន់បក្សនយោបាយ ជាអង្គការអន្តរសាសនា និងពហុវិស័យ និងមានតួនាទីជាទីប្រឹក្សាពិគ្រោះយោបល់ទូទៅ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ( ECOSOC) ។ UPF មានតំណាងរបស់ខ្លួន នៅក្នុងប្រទេសជាង ១២០ ជុំវិញពិភពលោក (រួមទាំងនៅកម្ពុជាផងដែរ)។
UPF ត្រូវបានបង្កើតឡើងដោយ Dr. និង Mrs Sun Myung Moon នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០០៥។ UPF មានសម្ព័ន្ធភាពជាសកល ជាមួយតំណាងសាសនា ស្ថាប័នសិក្សាស្រាវជ្រាវ ស្ថាប័ននយោបាយ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល ក្នុងគោលដៅស្វែងរក និងសម្រេចបាននូវសន្តិភាពពិភពលោក។ គោលដៅរបស់ UPF គឺពិភពលោកតែមួយ ដែលមានសមាជិកទាំងអស់នៃគ្រួសារមនុស្ស រស់នៅ និងធ្វើការដោយសុខដុម មានវិបុលភាពរួមគ្នា និងចេះគោរពគ្នាទៅវិញទៅមក ក្រោមការប្ដេជ្ញាចិត្តរួមគ្នា ក្នុងកិច្ចសហប្រតិបត្តិការតាមរយៈអភិបាលកិច្ចល្អ។
គម្រោង UPF ផ្តោតលើការ កសាងសន្តិភាព និងការដោះស្រាយជម្លោះ ការពង្រឹងចំណងអាពាហ៍ពិពា និងគ្រួសារ យុវជន និងសេវាកម្ម ហើយ UPF ចូលរួមគាំទ្រដល់បេសកកម្ម និងកិច្ចការទាំងឡាយរបស់អង្គការសហប្រជាជាតិ។ គម្រោងទាំងនេះរួមមាន៖
- អគ្គរដ្ឋទូតដើម្បីសន្តិភាព
- ពានរង្វាន់សម្រាប់ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ
- សមាគមអន្តរជាតិ នៃសមាជិកសភា ដើម្បីសន្តិភាព (IAPP)
- សមគមអន្តរសាសនាដើម្បីសន្តិភាព និងកាអភិវឌ្ឍ ( IAPD )
- កម្មវិធីអប់រំ និងគុណតម្លៃគ្រួសារ
- គម្រោងផ្លូវសន្តិភាព អន្តរជាតិ
- ពាន់រង្វាន់សន្តិភាពស៊ុនហាក់
នៅក្នុងគណៈកម្មាធិការទទួលបន្ទុកអញ្ជើញអ្នកចូលរួមក្នុងកិច្ចប្រជុំកំពូល គេឃើញមានឥស្សរជនសំខាន់ៗមួយចំនួនដូចជា លោក Madhav Kumar Nepal សមាជិកសភាសហព័ន្ធនេប៉ាល់ អតីតនាយករដ្ឋមន្រ្តី និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សកុម្មុយនិស្តនេប៉ាល់ Dr. Thomas G. Walsh ប្រធានសហព័ន្ធសន្តិភាពសកល និងលោក jose de venecia Jr. អតីតប្រធានសភាហ្វីលីពីន ប្រធានស្ថាបនិកអង្គការ ICAPP និងជាសហប្រធាននៃសមាគមអន្តរជាតិ សម្រាប់សមាជិកសភាដើម្បីសន្តិភាព ( IAPP)
តាមគម្រោងភាគីនេប៉ាល់ នឹងអញ្ជើញគណៈប្រតិភូជាន់ខ្ពស់ ចម្រុះមកពីតំបន់អាស៊ីប៉ាស៊ីហ្វិច និងតំបន់ផ្សេងៗទៀតក្នុងពិភពលោក មកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ដោយរួមមាន ប្រមុខរដ្ឋបច្ចុប្បន្ន និងអតីតប្រមុខរដ្ឋ ប្រធានសភា សមាជិកសភា មេដឹកនាំសាសនា មេដឹកនាំផ្នែកយេនឌ័រ និងតំណាងនៃប្រព័ន្ធផ្សព្វផ្សាយ ស្ថាប័នសិក្សាស្រាវជ្រាវ ផ្នែកធុរកិច្ច ផ្នែកសិល្បៈ និង សង្គមស៊ីវិល។
សម្គាល់៖ តំណាង UPF Cambodia បានបញ្ជាក់ថា អង្គការ UPF បានធ្វើការអញ្ជើញដោយឡែកសម្រាប់ សមាជិករដ្ឋសភា និងព្រឹទ្ធសភា ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើនេះផងដែរ។ ស្ថាប័ននីតិបញ្ញត្តិទាំងពីរ មិនទាន់បានផ្តល់ចម្លើយតបនៅឡើយទេ ដោយទទួលព័ត៌មានអំពីការដឹកនាំ គណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមដោយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនេះ។ ដូចនេះស្ថាប័នទាំងពីរ មិនមានភាពចាំបាច់ក្នុងការបញ្ជូនគណៈប្រតិភូទៅចូលរួមតាមការអញ្ជើញដោយឡែកនេះទេ៕