(នេប៉ាល់)៖ ឯកសារសំខាន់ៗចំនួន៤ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងនេប៉ាល់ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ នៅប្រទេសនេប៉ាល់ ទីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងបំពេញទស្សនកិច្ច។
ឯកសារទាំង៤ដែលបានចុះហេត្ថលេខានោះរួមមាន៖ ការលើកលែងទិដ្ឋាការ (Visa) សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការ, កិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាស, អនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
សូមបញ្ជាក់ថា នៅមុនពេលឈានដល់ការចុះហត្ថលេខាលើឯកសារសំខាន់ៗទាំង៤ខាងលើនេះ នៅរសៀលថ្ងៃម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ លោក ខាត់ ហ្គា ប្រាសាទ ស្សាម៉ា អូលី (Khadga Prasad Shama Oli) ផងដែរ។
បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ជាដំណើរទស្សនកិច្ចជាលើកដំបូង មកកាន់នៅប្រទេសនេប៉ាល់។ លោកនាយករដ្ឋមន្ត្រី ក៏បានអរគុណសម្ដេចតេជោ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៨ ដែលរៀបចំឡើងដោយប្រទេសនេប៉ាល់នាពេលនេះ។
លោកនាយករដ្ឋមន្ត្រីនេប៉ាល់បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ពិតជាមានសារៈសំខាន់នៅក្នុងប្រវត្តិសាស្ត្រ ហើយលោកបានចាត់ទុកថាទំនាក់ទំនងទ្វេភាគី រវាងប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា គឺមានលក្ខណៈស្និទ្ធស្នាល និងជាលក្ខណៈមិត្តភាព។
លោកនាយករដ្ឋមន្ត្រីនេប៉ាល់ បានថ្លែងកោតសរសើរការរីកចម្រើន និងការរក្សាបាននូវសុខសន្តិភាពរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយលោកក៏បានអបអរសាទរផងដែរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានជាប់ឆ្នោតដោយសំឡេងច្រើនកន្លងមក។
លោក កៅ គឹមហួន បានបញ្ជាក់ដូច្នេះ «ទន្ទឹមនឹងនេះលោកក៏បានមើលឃើញពីការរីកចំរើនជាច្រើនរបស់ប្រទេសកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសដែលមានការអភិវឌ្ឍមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន»។
មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រីនេប៉ាល់ ក៏បានមានប្រសាសន៍ថា កម្ពុជា និងនេប៉ាល់ អាចផ្លាស់ប្ដូរបទពិសោធន៍គ្នាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ទាំងសងខាង ហើយលោកក៏បានជំរាបជូនសម្តេចតេជោអំពីការវិវឌ្ឍរបស់ប្រទេសនេប៉ាល់កន្លងមកនេះ។ ជាពិសេសការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យក្នុងការបង្កើតប្រព័ន្ធសហព័ន្ធសាធារណៈនៅឆ្នាំ២០១៧កន្លងមកនេះ ដែលធ្វើឲ្យប្រទេសនេប៉ាល់មានស្ថិរភាព និងបានប្រែក្លាយប្រទេសគាត់ឲ្យមានការរីកចម្រើនជាលំដាប់ដោយឈរលើគោលការណ៍មួយចំនួន ដូចជាអភិបាលកិច្ចល្អ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនេប៉ាល់រស់នៅមានភាពល្អប្រសើរ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាអរគុណចំពោះលោកនាយកមន្ត្រីនេប៉ាល់ ដែលបានផ្តល់កិត្តិយសអញ្ជើញសម្តេចបំពេញទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ។ ជាពិសេសអរគុណក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីនេប៉ាល់កាលពីខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរថា ក្នុងជំនួបទ្វេភាគីនេះចាត់ទុកថាឆ្នាំ២០១៩ខាងមុខនេះ គឺជាខួបលើកទី៥៥ផងដែរ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ក៏បានអរគុណដល់លោកនាយកមន្ត្រីនេប៉ាល់ ដែលបានផ្ញើសារអបអរសាទរខួប៦៥ឆ្នាំនៃបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗនេះ និងអរគុណចំពោះលោកនាយករដ្ឋមន្ត្រីនេប៉ាល់ផងដែរដែលបានផ្ញើសារចំពោះភាពជោគជ័យរបស់គណបក្សប្រជាជនដែលជាប់ឆ្នោតកន្លងមកនេះ។
សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា សម្ដេចចង់មកទស្សនកិច្ចនៅប្រទេសនេប៉ាល់យូរមកហើយ ប៉ុន្តែមិនអាចឆ្លៀតពេលបាន។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអរគុណប្រទេសនេប៉ាល់ផងដែរ ដែលបានបានផ្ដល់ដីសម្រាប់សង់ប្រាសាទ និងវត្តនៅប្រទេសនេប៉ាល់នេះ។
សម្តេចតេជោ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានឆ្លងកាត់នូវការលំបាកជាច្រើនជាពិសេសឆ្លងកាន់សម័យសង្រ្គាមរហូតដល់សម័យប្រល័យពូជសាសន៍ ប៉ុន្តែអ្វីដែលសំខាន់កម្ពុជាបានសង្គ្រោះជាតិឡើងវិញ។ សម្តេចតេជោ បានជំរាបលោកនាយករដ្ឋមន្ត្រីនេប៉ាល់ថា ឆ្នាំនេះកម្ពុជានឹងប្រារព្ធខួប២០ឆ្នាំ នៃការអនុវត្តន៍នយោបាយឈ្នះឈ្នះ ក្នុងការបង្រួបបង្រួមជាតិ ការបញ្ចប់សង្គ្រាម ពីប្រទេសដែលមានតំបន់ត្រួតត្រាច្រើនមកជាប្រទេសដែលមានតំបន់ត្រួតត្រា១ រដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងទទួលបាននូវសុខសន្តិភាព។
ជាមួយគ្នានោះ សម្តេចតេជោ ក៏បានសំដែងការអបអរសាទរចំពោះប្រទេសនេប៉ាល់ដែលទទួលបាននូវសុខសន្តិភាព ក្នុងនោះសម្ដេចតេជោក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងការផ្លាស់ប្តូរមតិគ្នាធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរមានផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបន្តែមទៀត។
ចំពោះទំនាក់ទំនងទ្វេភាគីវិញសម្ដេចតេជោក៏បានមានប្រសាសន៍ថា កម្ពុជានឹងបើកស្ថានទូតនៅទីក្រុងកដ្ឋមណ្ឌូប្រទេសនេប៉ាល់ ហើយប្រទេសនេប៉ាល់អាចបង្កើតស្ថានទួតនៅទីក្រុងភ្នំពេញផងដែរ។
សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលត្រូវជំរុញនាពេលបច្ចុប្បន្ននេះគឺត្រូវធ្វើយ៉ាងណាជំរុញកសាងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យមានការរីកចម្រើនឈានឡើង៕