(ភ្នំពេញ)៖ បើទោះបីមន្ត្រីជាន់ខ្ពស់កម្ពុជា បានអញ្ជើញដល់ទីស្នាក់ការកណ្តាលរបស់សហគមន៍អឺរ៉ុប នៅក្នុងទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្សិក ដើម្បីតវ៉ា និងបង្ហាញហេតុផលពិតជាក់ស្តែងអំពីអង្ករកម្ពុជាថា គ្មានហេតុផលអ្វី ដែលធ្វើឲ្យប៉ះពាល់ដល់កសិករអ៊ីតាលី និងអេស្ប៉ាញ រួចហើយក្តី ក៏សហព័ន្ធស្រូវអង្ករកម្ពុជា មិនបោះបង់ការខិតខំប្រឹងប្រែងលើកិច្ចការងារនេះឡើយ គឺបន្តចូលជួបតាមបណ្តាស្ថានទូតនានានៅកម្ពុជា ដែលជាប្រទេសសមាជិកសហគមន៍អឺរ៉ុប ដើម្បីឲ្យស្ថានទូតទាំងនោះគាំទ្រកម្ពុជា ក្នុងការបោះឆ្នោតសម្រេចថា ដាក់គំនាបពន្ធដារពីកម្ពុជា ឬក៏អត់។
ជាក់ស្តែងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវចូលជួបជាមួយស្ថានទូតអាល្លឺម៉ង់ ដើម្បីតវ៉ាគ្រោងការដែលអឺរ៉ុប ប្រុងដកការអនុគ្រោះពន្ធដារសម្រាប់អង្ករកម្ពុជា ហើយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ សហព័ន្ធក៏ត្រូវចូលជួបជាមួយស្ថានទូតបារាំងផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សូមជម្រាបថា ប្រតិភូកម្ពុជា ដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងរបស់ក្រសួងពាណិជ្ជកម្ម ជាមួយមេធាវីបរទេស បានអញ្ជើញទៅដល់ទីស្នាក់ការកណ្តាលសហគមន៍អឺរ៉ុប (EU) នាទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្សិក ដើម្បីការពារអង្ករកម្ពុជា ករណី EU ប្រុងដកការលើកលែងពន្ធ លើការនាំចូលអង្ករពីកម្ពុជា។
មូលហេតុដែល EU ប្រុងដកការលើកលែងពន្ធចំពោះអង្ករកម្ពុជា ដោយសារតែប្រទេសអ៉ីតាលី និងប្រទេសអេស្ប៉ាញ បានតវ៉ាថា អង្ករកម្ពុជាដែលនាំចូលដោយមិនមានយកពន្ធទៅ EU បានធ្វើឲ្យប៉ះពាល់ទៅដល់ទីផ្សារ ក៏ដូចជាផលិតកម្មស្រូវ នៅប្រទេសរបស់ពួកគេនៅអឺរ៉ុប។ ទើប EU សម្រេចស៊ើបអង្កេតករណីនេះ។
ក្រោយពីការស៊ើបអង្កេត និងការវាយតំលៃទៅលើដើមបណ្តឹង និងចុងបណ្តឹង កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងសហគមអឺរ៉ុបគេបញ្ចេញព័ត៌មានលើសេចក្តីសម្រេចនេះថា ការនាំចេញពីកម្ពុជា និងភូមា ធ្វើឲ្យមានការប៉ះពាល់ទីផ្សារអឺរ៉ុប ដោយមិនមានហេតុផល និងភស្តុងតាងគ្រប់គ្រាន់នោះឡើយ ដែលវាជារឿងអយុត្តិធម៌សម្រាប់អ្នកនាំចេញអង្ករកម្ពុជា ពិសេសប្រជាជនកម្ពុជារាប់ម៉ឺនគ្រួសារ ដែលរងគ្រោះមកជាមួយ។
ប៉ុន្តែ EU ក៏បានទុកពេលឲ្យកម្ពុជាតវ៉ាចំនួន៣សប្តាហ៍ ហេតុដូចនេះសហព័ន្ធស្រូវអង្ករកម្ពុជា បានសហការជាមួយខាងក្រសួងពាណិជ្ជកម្ម ក្នុងការស្នើសុំបើក និងស្តាប់សាវនាការ និងបានឆ្លើយតបលិខិតជាលាយលក្ខ៍អក្សរទៅតាមទល្ហីករមួយៗ ដែលខាងគណៈកម្មាការអឺរ៉ុប បានវាយតម្លៃដោយបានធ្វើការបកស្រាយតាមចំណុចនិមួយៗ ដែល EU បានលើកទ្បើង ដោយនៅក្នុងសេចក្តីប្រកាសរបស់ EU នោះ មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយជាការវាយតម្លៃមិនបានតាមទិដ្ឋភាពជាក់ស្តែង ដូច្នេះកម្ពុជាត្រូវលើកយកចំណុចជាច្រើន នៅក្នុងនោះមកពិភាក្សាឡើងវិញ។
សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងនាមជាតំណាងវិស័យឯកជនផ្នែកស្រូវអង្ករ ដែលរួមមានសមាជិកជាសហគមន៍កសិកររាប់ម៉ឺនគ្រួសារ តំណាងរោងម៉ាស៊ីនរាប់រយគ្រួសារ និងតំណាងក្រុមហ៊ុននាំចេញអង្ករទាំងអស់បានបង្ហាញនូវក្តីសង្ឃឹមថា គណៈកម្មការសហគមអឺរ៉ុប ក៏ដូចជាបណ្តារប្រទេសទាំងឡាយប្រមាណ២៨ប្រទេស នៅសហគមអឺរ៉ុប នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលគ្រោងធ្វើការបោះឆ្នោតសម្រេចលើករណីខាងលើនេះ នឹងពិនិត្យឡើងវិញលើសំណើរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុនឯកជននានា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចដាក់វិធានការ ឬដកការលើកលែងពន្ធលើការនាំចូលអង្ករពីកម្ពុជាពីកម្ពុជា គឺមិនត្រូវផ្អែកលើត្រឹមតែ២ប្រទេស ដែលបានលើកឡើងមិនសមហេតុផលនោះទេ។
សហព័ន្ធស្រូវអង្ករកម្ពុជា ចាត់ទុកថា ការដាក់វិធានការរបស់អឺរ៉ុបនេះ មិនត្រឹមតែប៉ះពាល់ដល់អ្នកនាំចេញអង្ករ និងកសិករកម្ពុជាទេ ក៏នឹងប៉ះពាល់ដល់អ្នកនាំចូល និងអ្នកបរិភោគខ្លួនឯងនៅអឺរ៉ុបផងដែរ ព្រោះតំលៃអង្ករនាំចូលសហគមអឺរ៉ុបនឹងឡើងខ្ពស់ជាងមុន បន្ទាប់ពីបូកបញ្ជូលតំលៃពន្ធ ដោយកម្ពុជាក៏បានទទួលព័ត៌មានពីឈ្មួយទិញអង្ករនៅអឺរ៉ុបជាច្រើននាក់ គេបានថ្អូញថ្អែរ និងព្រួយបារម្ភប្រសិនបើ EU សម្រេចដាក់ពន្ធនាំចូលអង្ករពីកម្ពុជា ក្នុងពេលឆាប់ៗមែននោះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពួកគេផងដែរ៕