(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក សុខ ពុទ្ធិវុធ បានចាត់តាំង លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបពិភាក្សាជាមួយ លោកបណ្ឌិត Ingo Karsten ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឹម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពី ករណីសហគមអឺរ៉ុប(EU) គ្រោងដាក់ពន្ធលើការនាំចូលអង្ករពីកម្ពុជា។
នៅក្នុងជំនួបនោះ លោកអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានជម្រាបជូនពីស្ថានភាពស្រូវអង្ករ និងពិសេសផ្តោតសំខាន់ទៅលើការស្នើសុំដាក់វិធានការ (Safeguard) របស់សមាជិកសហភាពអឺរ៉ុបមកលើកម្ពុជា ថាមិនបានជួយដល់កម្ពុជា និងបានស្នើសុំសហព័ន្ធអាឡឺម៉ង់ ក្នុងការបោះឆ្នោតបដិសេធលើសំណើនេះដែលនឹងធ្វើនាពេលឆាប់ៗខាងមុខ។
លោកបានលើកឡើងពីចំណុចមិនទាន់គ្រប់ជ្រុងជ្រោយ ដែលបានលើកឡើងក្នុងសំណើដាក់ពន្ធលើអង្ករកម្ពុជាដោយអ៉ីតាលី និងអេស្បាញ និងបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករ ការធ្វើទំនើបកម្ម និងការធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារផ្សេងៗ។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពីផលប៉ះពាល់នៃការដាក់ពន្ធនេះ មកលើជីវភាពកសិករ ដែលមួយភាគធំ គឺអាស្រ័យផលលើផលិតកម្មស្រូវនេះ។ ការដាក់ពន្ធនេះ អាចនឹងធ្វើឱ្យមានការធ្លាក់ចុះនៃចំណូលកសិករ ការបាត់បង់ការងារ ការចាកចេញពីវិស័យនេះទៅវិស័យផ្សេង ការធ្វើឱ្យធ្លាក់ក្នុងបន្ទាត់ភាពក្រីក្រជាដើម ដែលប៉ះពាល់ដល់ជីវភាពកសិករ និងការខិតខំរបស់ដៃគូអភិវឌ្ឍន៍នៃរដ្ឋាភិបាលនៃបណ្តាប្រទេសនានា ដែលបានធ្វើការងារនេះក្នុងវិស័យស្រូវអង្ករកម្ពុជា។
ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានផ្តល់ជូននូវឯកសារបន្ថែម ដែលជាលិខិតរបស់សមាគមន៍ COCERAL និងអ្នកនាំចេញរបស់អឺរ៉ុប ដោយក្នុងលិខិតនោះបានបញ្ជាក់ថា អ្នកនាំចូលពីខាងអឺរ៉ុប ក៏បានគាំទ្រដល់អង្ករកម្ពុជា និងប្រឆាំងការដាក់ពន្ធនេះដែរ។
លោកឯកអគ្គរដ្ឋទូតអាឡឺម៉ង់ បានបញ្ជាក់ថា គាត់បានទទួលលិខិតពីក្រសួងពាណិជ្ជកម្ម និងពីសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ និងសិក្សាលើអំណះអំណាងនៅក្នុងឯកសារនោះផងដែរ។
លោកអនុុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើសុំ សហភាពអឺរ៉ុប ទុកពេលប៉ុន្មានឆ្នាំបន្ថែមទៀត រហូតដល់ប្រទេសកម្ពុជា ក្លាយជាប្រទេសមានកម្រិតចំណូលមធ្យម ដែលយើងនឹងសម្រេចនៅពេលប៉ុន្មានឆ្នាំខាងមុខ។
ជាមួយគ្នានេះដែរ លោក នង វាសនា ក៏បានពាំនាំនូវសំណើរបស់លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានស្នើសុំការគាំទ្រយ៉ាងពេញទំហឹងពីសហព័ន្ធអាល្លឺម៉ង់ លើករណីនេះផងដែរ។
ចុងក្រោយលោកឯកអគ្គរដ្ឋទូតអាឡឺម៉ង់ បានយល់កាន់តែច្បាស់ពីករណីនេះ ព្រមទាំងបញ្ជាក់ថានឹងនាំការស្នើសុំរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ទៅជម្រាបជូនទៅរដ្ឋាភិបាលរបស់អាឡឺម៉ង់៕