(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានការកោតសរសើរចំពោះការដឹកនាំរបស់ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព និងសម្តេចសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តល់សេចក្តីអាណិតស្រឡាញ់ និងសន្តោសប្រណីចំពោះជនមានពិការភាព ដែលជួបទុក្ខលំបាកនាពេលកន្លងមក។
តាមព្រះរាជសារព្រះមហាក្សត្រ អបអរដល់ទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាព អន្តរជាតិលើកទី៣៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព» ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គឺព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលយ៉ាងដូច្នេះ៖ «ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តល់សេចក្តីអាណិតស្រឡាញ់ សន្តោសប្រណីចំពោះជនមានពិការភាព ដែលជួបទុក្ខលំបាកនាពេលកន្លងមក»។
ជាមួយគ្នានេះដែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏មានព្រះរាជបន្ទូល ថ្លែងអំណរគុណចំពោះសហគមន៍ជាតិ និងអន្តរជាតិ ដែលមានទឹកចិត្តសប្បុរស ដោយមានផ្តល់ការគាំទ្រទាំងផ្នែកស្មារតី សម្ភារៈ និងថវិកាដ៏ច្រើន ដើម្បីជួយឱ្យវិស័យពិការភាព ក្នុងប្រទេសកម្ពុជា ទទួលបាននូវភាពជោគជ័យ ហើយជំនួយទាំងអស់នេះ ពិតជាបានផ្តល់លទ្ធភាព ដល់ជនមានពិការភាពកម្ពុជា ក្នុងការកសាងសមត្ថ និងមានភាពចូលរួមចំណែកក្នុងកិច្ចការសង្គមបង្ហាញនូវឆន្ទៈ និងសកម្មភាពរបស់ខ្លួនទាំងនៅក្នុងប្រទេស ថ្នាក់តំបន់ និងលើឆាកអន្តរជាតិ។
ទន្ទឹមនឹងនេះដែរព្រះមហាក្សត្រខ្មែរ ក៏បានកោតសរសើរចំពោះជោគជ័យរបស់កីឡាករ កីឡាការិនី និងអន្តរពលិកជនមានពិការភាព គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលទទួលបានមេដាយ ពីការប្រកួតប្រជែងលក្ខណៈអន្តរជាតិ៕
សូមអានព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖