(ភ្នំពេញ)៖ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គឺជាថ្ងៃដែលផុតកាលបរិច្ឆេទកំណត់ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ ឆ្នាំ២០១៨ និងគ្មានការពន្យារពេលថែមទៀតនោះឡើយ។
លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «អត់មានការពន្យារទៀតទេ សម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនះគ្រប់ប្រភេទ ឆ្នាំ២០១៨នេះ»។
លោកបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ ការបង់ពន្ធនេះសម្រេចបាន៩០ភាគរយហើយ។ លោកបានកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ មានការមមាញឹកខ្លាំងចំពោះការបង់ពន្ធនេះ ដោយធនាគារដៃគូ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងសាខាពន្ធដារគ្រប់ខេត្ត/ខណ្ឌទាំងអស់ ដោយមានបងប្អូនប្រជាពលរដ្ឋមកបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនច្រើន។
ទោះបីជាកាលបរិច្ឆេទនៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៨ ត្រូវបានកំណត់បិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកានេះក្តី ប៉ុន្តែម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនះគ្រប់ប្រភេទ នៅតែអាចបង់ពន្ធនេះបានដដែលនៅតាមសាខាពន្ធដារគ្រប់ខេត្តខណ្ឌ និងធនាគារជាដៃគូរបស់ក្រសួងសេដ្ឋកិច្ច ដោយត្រូវបង់ផាកពិន័យ១០០ភាគរយ បានសេចក្តីត្រូវបង់ពន្ធគុណនឹង២៕