(ភ្នំពេញ)៖ ពិតជាគួរឲ្យស្ញប់ស្ញែងខ្លាំងចំពោះទឹកចិត្តភក្តី និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះជាតិ និងប្រជាជនកម្ពុជារបស់លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) អតីតប្រធានមន្ទីរពេទ្យគន្ធបុប្ផា។ ទឹកចិត្តដ៏ធំធេងនៃក្តីស្រឡាញ់របស់លោកមិនត្រឹមតែជំរុញឲ្យរូបលោក បានបូជាកម្លាំងកាយចិត្ត និងបញ្ញាញាណសម្រាប់កុមារ និងមាតា ដែលជាប្រជាជនកម្ពុជានៅពេលមានជីវិតប៉ុណ្ណោះទេ សូម្បីតែទទួលមរណភាពទៅហើយក្តី លោកបានស្នើឲ្យក្រុមគ្រួសារយកធាតុរបស់លោកមកតម្កល់នៅក្នុងប្រទេសកម្ពុជាថែមទៀតផង។
លោក ដេនីស ឡូរ៉ង់ (Denis Laurent) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានប្រាប់ Fresh News នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ធាតុរបស់លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ នឹងដាក់ដម្កល់ក្នុងចេតិយ នៅខាងមុខមន្ទីរពេទ្យកុមារគន្ធបុប្ផា ខេត្តសៀមរាប។ ធាតុរបស់លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ នឹងដឹកពីប្រទេសស្វីសមកដល់ទឹកដីខេត្តសៀមរាប នៅថ្ងៃទី៥ ខែធ្នូ ដើម្បីចំតម្កល់ទុក និងនិមន្តព្រះសង្ឃជិត ៧០០អង្គ ដើម្បីសម្តែងព្រះបរិត្ត បង្សុកូលតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។
បើតាមការបញ្ជាក់របស់លោក ដេនីស ឡូរ៉ង់ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ សម្តេចវររាជមាតាជាតិខ្មែរ នឹងយាងប្រទានភួងផ្កា និងគ្រឿងសក្ការៈបូជានៅទីចេតិយ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ នៅកន្លែងតម្កល់ធាតុផងដែរ។
លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ កើតនៅឆ្នាំ១៩៤៧ នៅប្រទេសស្វីស បានទទួលមរណភាពមានជន្មាយុ ៧១ឆ្នាំ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងប្រទេសស្វីស។ មរណភាពរបស់បិតាសង្គ្រោះកុមារកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នឹកស្តាយស្រណោះអាឡោះអាល័យយ៉ាងខ្លាំងចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយគុណធម៌ របស់លោកផងដែរ។ បើទោះបីជាគ្មានឈាមជ័រជាខ្មែរ លោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា។
ក្នុងនាមជាបុគ្គលិកកាកបាទក្រហមស្វីស លោក Richner ត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ដើម្បីសង្គ្រោះអ្នកជំងឺ ពេលកំពុងរងគ្រោះដោយភ្លើងសង្គ្រាមនាអំឡុងឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។ លោក Richner បានវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីក្រោយពេលភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់នាអំឡុងឆ្នាំ១៩៩១។
ការវិលត្រឡប់ជាមួយនឹងការឃើញនូវភាពខ្ទេចខ្ទាំរបស់កម្ពុជា ដោយសារតែភ្លើងសង្គ្រាម និងឃើញពីការខ្វះខាតកន្លែងសម្រាប់ព្យាបាលជំងឺកុមារផងនោះ លោក Richner បានសុំឲ្យបើក និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញដោយរដ្ឋាភិបាលកម្ពុជា។ ការបង្កើតមូលនិធិគន្ធបុប្ផានៅខែមីនា ឆ្នាំ១៩៩២ បានលេចចេញជារូបរាង ដើម្បីចាប់ផ្ដើមការសាងសង់ឡើងវិញ ហើយគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញនៅខែវិច្ឆិកា១៩៩២។
ដើម្បីជួយសង្គ្រោះជីវិតរបស់កុមារកម្ពុជា តាមរយៈការព្យាបាលដោយមិនគិតថ្លៃនោះ លោក Richner បានប្រឹងប្រែងស្វែងរក និងកៀរគរថវិកាពីគ្រប់ទីកន្លែង ជាពិសេសពលរដ្ឋប្រទេសស្វីស តាមការលេងសេឡូរបស់លោក ដើម្បីមកទ្រទ្រង់ការចំណាយប្រាក់ខែគ្រូពេទ្យ និងគ្រឿងបរិក្ខាផ្សេងៗ។ ដោយមើលឃើញ ពីតម្រូវការសេវាព្យាបាលរបស់កុមារកម្ពុជាកាន់តែច្រើនឡើងនោះ លោក Richner បានស្វះស្វែងគ្រប់លទ្ធភាព ដើម្បីសាងសង់មន្ទីរពេទ្យជាបន្តបន្ទាប់។ បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា ដែលជាកន្លែងផ្តល់ជីវិតទីពីរដល់កុមារកម្ពុជា មានចំនួន៥កន្លែង។ ៤កន្លែងស្ថិតក្នុងរាជធានីភ្នំពេញ និងមួយកន្លែងស្ថិតនៅក្នុងខេត្តសៀមរាប។
គិតមកដល់ឆ្នាំ២០១៨ មន្ទីរពេទ្យគន្ធបុប្ផាមានអាយុកាលជាង ២៥ឆ្នាំមកហើយ។ រយៈពេលជាង២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្រ្តីមានផ្ទៃពោះសរុបជិត ១៨លានករណីហើយ។ រយៈពេលជាង ២៥ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាជាង ៦០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ដំណើរការរបស់ខ្លួន។ ថវិកាសម្រាប់ទ្រទ្រង់ដំណើរការមន្ទីរពេទ្យមួយនេះប្រមាណ ៧ភាគរយ ជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា និង ៨.៨% ជាការចូលរួមរបស់រដ្ឋាភិបាលស្វីស (រដ្ឋាភិបាលស្វីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៤លានដុល្លារជារៀងរាល់ឆ្នាំ) ក្រៅពីនោះជាការចូលរួមរបស់សប្បុរសជនក្នុង និងក្រៅស្រុក។
មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥សាខា មានបុគ្គលិកសរុប ២,៣៤៥នាក់ ដែលក្នុងនោះ ១,៧៤៩នាក់ ជាបុគ្គលិកជំនាញសុខាភិបាល ហើយ ១,២៤២នាក់ មានក្របខណ្ឌជាមន្ត្រីរាជការ។ ក្នុងរយៈពេលប្រមាណ ៣ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាសរុបជាង ២៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះចំណាយសម្រាប់បុគ្គលិកជិត ២៣លានដុល្លារ ចំណាយទិញឱសថ និងសម្ភារៈបរិក្ខាពេទ្យជាង ១៤លានដុល្លារ និងចំណាយសម្រាប់ប្រតិបត្តិការទូទៅប្រមាណជា ២លានដុល្លារអាមេរិក៕