(កណ្តាល)៖ មន្ត្រីនគរបាលខេត្តកណ្តាល បានដាក់ការសន្និដ្ឋានថា ការបាញ់សម្លាប់ខ្លួនឯង របស់លោកឧកញ៉ា វ៉ាន់ រ៉ាម៉ុន ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ ដោយសារតែមានវិបត្តិផ្ទាល់ខ្លួន តែមិនបានបញ្ជាក់ថា ជាវិបត្តិស្នេហា វិបត្តិគ្រួសារ ឬវិបត្តិមុខជំនួញនោះទេ។
របាយការណ៍របស់នគរបាលស្រុកល្វាឯម ខេត្តកណ្តាល បានបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានឧកញ៉ា វ៉ាន់ រ៉ាម៉ុន ស្លាប់ដោយសារគ្រាប់កាំភ្លើងនោះ នគរបាលជំនាញខេត្តបានចុះទៅ សហការជាមួយនគរបាលមូលដ្ឋាន និងគ្រូពេទ្យរួមជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ ដើម្បីពិនិត្យសាកសពយ៉ាងលំអិត រួចរកឃើញថា ការស្លាប់នេះ គឺដោយសារជនរងគ្រោះ មានវិបត្តិផ្ទាល់ខ្លួន រួចចាញ់សម្លាប់ខ្លួនដោយខ្លួនឯងតែម្តង។
សូមជម្រាបថា ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើល នៅពីម៉ោង៥ជាងល្ងាច ថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ទីស្នាក់ការ ជនរងគ្រោះកំពង់ចម្លងអរិក្សត្រ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះរងគ្រោះឈ្មោះ វ៉ាន់ រ៉ាម៉ុន ភេទប្រុស អាយុ៥៧ ឆ្នាំជនជាតិខ្មែរ មានតួនាទីជានាយករង នាយកដ្ឋានអន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុនកំពង់ចម្លងទូកដរអរិយក្សត្រ-ភ្នំពេញ មានទីលំនៅផ្ទះលេខ ៣៣៤EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយអាវុធខ្លី០១ដើមដែលជនរងគ្រោះប្រើប្រាស់ ម៉ាក K59 លេខ៣១១៧ បង់០៣ គ្រាប់១៧គ្រាប់។
នគរបាលបានបន្តថា មុនពេលកើតហេតុ ឈ្មោះ វ៉េង ដារិទ្ធ ជាតំណាងជនរងគ្រោះមើលការខុសត្រូវកំពង់ចម្លង បានចូលក្នុងផ្ទះកន្លែងស្នាក់ការកំពង់ចម្លងរបស់ជនរងគ្រោះដើម្បីបូមប្រេង។ ពេលចូលទៅទ្វាររបងបិទខ្ទាស់គន្លឹះក្នុងជាប់ ឈ្មោះ វ៉េង ដារិទ្ធ ក៏ផ្លោះរបងចូលរួចរៀបទុយោប្រេងបូម ហើយរួចក៏ទៅគោះទ្វារបន្ទប់ជនរងគ្រោះជាថៅកែខ្លួន ដើម្បីរាយការណ៍ពីចំណូលចំណាយ តែមិនឮឆ្លើយតប ពេលក៏ច្រានទ្វារចូលស្រាប់ តែឃើញជនរងគ្រោះដេកស្លាប់លើគ្រែដែកក្រាលពូក និងហូរឈាមពេញលើឥដ្ឋការ៉ូ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន៕