(វៀងច័ន្ទ-ឡាវ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា កម្ពុជា-ឡាវ នឹងចំណាយរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលសម្ដេចបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ដើម្បីបើកកិច្ចពិភាក្សារួមគ្នាលើបញ្ហាព្រំដែន ដើម្បីពង្រៀងឯកសារ និងបែបបទផ្ញើទៅកាន់ភាគីបារាំង។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា រវាងនាយករដ្ឋមន្ដ្រីកម្ពុជា-ឡាវ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចពិភាក្សាគ្នា លើការងារពង្រាងឯកសារនេះ ភាគីទាំងពីរបានឯកភាពគ្នាឲ្យរដ្ឋមន្ដ្រីនៃក្រសួងការបរទេសកម្ពុជា-ឡាវ ជាអ្នកទទួលបន្ទុកអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាផលប្រយោជន៍នៃប្រទេសទាំងសងខាង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «នាយករដ្ឋមន្ដ្រីទាំងពីរបានព្រមព្រៀងគ្នា ហើយក៏ប្រគល់ភារកិច្ចឲ្យរដ្ឋមន្ដ្រីការបរទេសទាំងពីរ ធ្វើកិច្ចការចាប់ពីពេលនេះ រហូតដល់ថ្ងៃស្អែក ទៅលើពង្រៀងបែបបទបច្ចេកទេស ដើម្បីផ្ញើជូនទៅឲ្យភាគីបារាំង»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ភាគីទាំងពីរក៏ធ្លាប់ស្នើបារាំងជួយផ្ទេរផែនទី ពីផែនទីប៉ោន ខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 ខណៈចំណុចនេះត្រូវតែធ្វើមុនគេ ហើយចំណុចទី២ បន្ដស្នើសុំទៅបារាំងផ្ដល់ ឯកសារនានាដែលទាក់ទងជាមួយ បញ្ហាព្រំដែនកម្ពុជា-ឡាវ ជាពិសេសតំបន់១៦ភាគរយ ដែលនៅសេសសល់។
នាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរ ក៏អំពាវនាវដល់ប្រធានាធិបតីបារាំង ក៏ដូចជារដ្ឋាភិបាលបារាំង ជួយផ្គត់ផ្គង់ និងបញ្ចូនឯកសារណា ដែលផ្ដល់នូវផលប្រយោជន៍ លើការដោះស្រាយ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរលើបញ្ហាព្រំដែននេះ។
ទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីឡាវ ក៏បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ឲ្យបានកាន់តែឆាប់ ខណៈដែលគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ កំពុងតែអនុវត្តនូវលើការងារនេះ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទសឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨។ ការអញ្ជើញបំពេញទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្ដិការនាពេលកន្លងទៅ បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយលោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រធានរដ្ឋឡាវ និងលោកស្រី ប៉ានី យ៉ាថទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិឡាវ៕